សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

អ៊ូរអរណាស់! វង់ល្បែង ជ្រកក្រោមស្លាកកាស៊ីណូសុខគីមម៉េងក្បែរច្រកព្រំដែនតន់ហន់ បើកឲ្យពលរដ្ឋខ្មែរចូលលេងដោយសេរី បំពានបម្រាមរាជរដ្ឋាភិបាល!!

ដោយ :www.phally-news.com


ខេត្តកំពត .វង់ល្បែងជ្រកក្រោមស្លាក កាសុីណូមួយកន្លែងដែលមានយីហោ សុខ គីមម៉េង ស្ថិតនៅច្រកព្រំដែនទ្វេភាគីកម្ពុជា-វៀតណាម តន់ហន់ ក្នុងភូមិព្រែកក្រើស ឃុំព្រែកក្រើស ស្រុកកំពង់ត្រាច ត្រូវគេរាយការណ៍ថា បានបើកឱ្យប្រជាពលរដ្ឋខ្មែរ ចូលលេង យ៉ាងគគ្រឹកគគ្រេង ក្នុងនោះគេឃើញមានទាំងឡានពាក់ស្លាកលេខ ខ.ម ថែមទៀត។ ជារៀងរាល់ថ្ងៃ គេសង្កេតឃើញពលរដ្ឋខ្មែរ នាំគ្នាចូលលេងយ៉ាងពពាក់ពពូន នៅក្នុងកាសុីណូនេះ រហូតអ្នកខ្លះចាញ់បោសគូទខោ លក់អស់ដីធ្លីផ្ទះសម្បែង ឬរហូតរត់ចោលស្រុក ព្រោះខ្មាស់គេពេក។

អ្នកបានដឹងសាច់រឿងច្បាស់ អំពីកាស៊ីណូ បានរៀបរាប់ថា ចាប់តាំងពីកាសុីណូខាងលើបើកដំណើរការ គេសង្កេតឃើញជនជាតិខ្មែរចូលលេងជារៀងរាល់ថ្ងៃ ខុសពីសេចក្តីជូនដំណឹង (ស.ជ.ណ) របស់ទីស្តីការគណ:រដ្ឋមន្រ្តី។ ស.ជ.ណ របស់គណៈរដ្ឋមន្ត្រីបានកំណត់ថា ក្នុងវង់ល្បែងកាសុីណូនីមួយៗ គឺបេីកទទួលភ្ញៀវឲ្យចូលលេងតែជនបរទេសតែប៉ុណ្ណោះ ហេីយដាក់កំហិតមិនឲ្យខ្មែរ ចូលលេងជាដាច់ខាត។ 

ការអនុញ្ញាតឲ្យពលរដ្ឋខ្មែរចូលលេងកាស៊ីណូ ផ្ទុយទៅនឹងច្បាប់របស់រដ្ឋនេះ ត្រូវគេដាក់ការសង្ស័យថា អាចមានការរួមគំនិតឃុបឃិតគ្នាជាប្រព័ន្ធរបស់អាជ្ញាធរពាក់ព័ន្ធ ព្រោះថា ការបើកឲ្យជនជាតិខ្មែរចូលលេងនេះ បានកើតឡើងជាយូរមកហើយដែរ ប៉ុន្តែគេមិនឃើញអាជ្ញាធរមានសមត្ថកិច្ចចុះទៅធ្វើការហាមឃាត់ ឬបង្រ្កាបនោះឡើយ។

មេការវង់ល្បែង ជ្រកក្រោមស្លាក កាស៊ីណូ អួតក្អេងក្អាងថា វង់ល្បែងរបស់ខ្លួនខាងលើ មានសុវត្ថិភាពខ្លាំងណាស់ គ្មានសមត្ថកិច្ចណាហ៊ានធ្វើការបង្ក្រាបឡើយ បើទោះបីជារាជរដ្ឋាភិបាល កំពុងដាក់បទបញ្ជាឲ្យបង្ក្រាបល្បែងខុសច្បាប់ និងមានច្បាប់នៅទូទាំងប្រទេសក៏ដោយ ព្រោះមានមន្រ្តីដ៏មានអំណាច ជាអ្នកចាំកាងចាំការពារ ដែលសូម្បីតែលោក ម៉ៅច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពត ក៏មិនហ៊ានចេញមុខបង្រ្កាបដែរ និយាយអ្វីឋានៈត្រឹមលោកអធិការមូលដ្ឋានស្រុកកំពង់ត្រាច?

ចំពោះករណីនេះ(អង្គភាពសារព័ត៌មានផល្លីញូស៍)យើងមិនអាចស្វែងរកការបំភ្លឺពីភាគីពាក់ព័ន្ធបាននៅឡើយទេនៅថ្ងៃនេះ។

យ៉ាងណាប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពត ក៏បានសំណូមពរដល់ស្នងការ ក៏ដូចជាលោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត មេត្តាពិនិត្យមើលទីតាំងកាស៊ីណូខាងលើនេះផង ព្រោះសកម្មភាពនេះ គឺផ្ទុយទៅនឹងច្បាប់របស់ប្រទេសកម្ពុជា ដែលមិនអនុញ្ញាតឲ្យពលរដ្ឋខ្មែរចូលលេងល្បែងនៅក្នុងកាស៊ីណូនោះទេ ពោលគឺអនុញ្ញាតឲ្យតែជនបរទេសតែប៉ុណ្ណោះ៕


No comments