សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

ពិតជាមិនធម្មតាមែន លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ ព្រមានប្តឹងអ្នកសារព័ត៌មាន បើមិនលុបព័ត៌មាន រឿងកាយផ្លូវដាក់លូយកលុយពីរាស្ត្រ_វគ្គ៣

ដោយ :www.phally-news.com


ពិតជាមិនធម្មតាមហាអាងអំណាចមែន លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បានព្រមានកប់មាត់ថាហ្នឹងប្តឹងអ្នកសារព័ត៌មាន និងបានឲ្យអ្នកសារព័ត៌មានលុបព័ត៌មានទាំងអស់ដែលបានចុះផ្សាយជុំវិញក្រុមហ៊ុនគ្មានច្បាប់ របស់លោក សុឹម ចាន់មករា ដែលបានកាយផ្លូវដាក់លូយកលុយពីប្រជាពលរដ្ឋ។

កាលព្រមានប្តឹងពីសំណាក់លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ រូបនេះ ធ្វើឡើងបន្ទាប់ពីអ្នកសារព័ត៌មានខលទូរស័ព្ទទំនាក់ទំនងសុំការបំភ្លឺនាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ជុំវិញទៅហ្នឹងបញ្ហាកាយផ្លូវដាក់លូគ្មានច្បាប់ទម្លាប់របស់លោក ស៊ឹម ចាន់មករា ដែលបានបន្តធ្វើសកម្មភាពជីកកកាយតាមចិញ្ចើមផ្លូវ និងជីកកកាយកាត់ទទឹងផ្លូវ ថែមទាំងតម្រូវឲ្យប្រជាជនបង់លុយយ៉ាងច្រើនសន្ធឹកសន្ធាប់ឲ្យទៅក្រុមហ៊ុនរបស់ខ្លួន។
សូមជម្រាបជូនថា៖ ផ្លូវបេតុងមួយខ្សែឆ្លងកាត់ចំនួន០២សង្កាត់ គឺសង្កាត់ព្រៃវែង និងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ចាប់ពីចំណុចភូមិរោលជ្រូក រហូតដល់ផ្លូវ៣០ម៉ែត្រព្រៃស ដែលមានប្រជាជនរស់នៅយ៉ាងច្រើនកុះករ និងមានអ្នកធ្វើដំណើរទៅមកយ៉ាងសស្រាក់សស្រាំកំពុងតែប្រឈមការខូចខាតយ៉ាងធ្ងន់ធ្ងរ ខណៈដែលក្រុមហ៊ុនរបស់លោក សុឹម ចាន់មករា ឃុបខិតគ្នាជាមួយមន្ត្រីគ្រប់ល្ពៅស្ងោរមួយក្តាប់តូចបង្កើតគម្រោងហេងស៊យ គឺកាយផ្លូវដាក់លូយកលុយពីប្រជារាស្ត្រ ដោយគិតតម្លៃលូមួយកង់មានមុខកាត់ ៨តឹក ប្រវែង 1m តម្លៃ55$ (ហាសិបប្រាំដុល្លារ)។

គម្រោងហេងស៊យមួយនេះដែរ ត្រូវបានបរាជ័យបន្ទាប់ពីមានប្រជាពលរដ្ឋខ្លះកើតទុក្ខមិនសុខចិត្ដចំពោះគម្រោងគ្មានច្បាប់ទម្លាប់មួយនេះ និងមានសារព័ត៌មានចុះផ្សាយយ៉ាងព្រោងព្រាតជុំវិញគ្មានច្បាប់ ហើយអាជ្ញាធរខណ្ឌដង្កោក៏បានហៅម្ចាស់គ្រឿងចក្រទៅសួរនាំនិងធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាព។ តែម្ចាស់ម្ចាស់ក្រុមហ៊ុនគ្រឿងចក្រកាយផ្លូវដាក់លូមួយនេះ នៅបន្តសកម្មភាពដោយតម្រូវឲ្យប្រជាពលរដ្ឋបង់លុយយ៉ាងច្រើនលើសលុប ខណៈដែលក្រុមហ៊ុនមួយនេះមិនមានបច្ចេកទេសច្បាស់លាស់ក្នុងការរៀបចំប្រព័ន្ធបង្ហូរទឹកនោះទេ នេះបើយោងតាមសេចក្តីរាយការណ៍ពីប្រជាជនដែលរស់នៅក្នុងមូលដ្ឋានខាងលើ។

ករណីខាងលើនេះប្រជាពលរដ្ឋខ្លះ ក៏នៅតែបន្តត្អូញត្អែរយ៉ាងខ្លាំង ដោយបង្ហាញពីក្តីទុក្ខកង្វល់របស់ខ្លួនថា ក្រុមហ៊ុនកាយផ្លូវដាក់លូគ្មានច្បាប់ទម្លាប់ខាងលើនេះ បានបង្ខំឲ្យរូបគាត់ដាក់លូខណៈដែលពលរដ្ឋរូបនោះមិនព្រមដាក់ ក៏ក្រុមហ៊ុននោះនៅតែបន្តព្យាយាមឲ្យដាក់និងគំរាមសម្លត់ ដោយលើកឡើងថាទោះបីជាមិនឲ្យកាយក៏ត្រូវតែកាយដែរ។ ប្រជាពលរដ្ឋបន្តថា តើឲ្យកកាយយ៉ាងម៉េចបើមិនមែនជាគម្រោងរបស់រាជរដ្ឋាភិបាលផងហ្នឹង ហើយការកកាយផ្លូវដាក់លូនេះ គឺមិនមានមន្ត្រីជំនាញណាម្នាក់ចុះមកចុចខ្សែអាក់ វាស់ម៉ែត្រផង ពោលគឺចេះតែកកាយអាដិអាដុប ប៉ាត់ណាប៉ាត់ណី ចង់បានតែលុយពីប្រជាជនតែប៉ុណ្ណោះ។

ទាក់ទិនទៅនិងករណីនេះ ក្រុមការងារសារព័ត៌មានយើង ក៏បានសូមការបំភ្លឺជាមួយលោក សុឹម ចាន់មករា ម្ចាស់គ្រឿងចក្រកាយផ្លូវដាក់លូ ដើម្បីសុំសួរជុំវិញការបន្តកាយផ្លូវដាក់លូខាងលើ ក្នុងនោះលោកសុឹម ចាន់មករា បានប្រាប់សារព័ត៌មានឲ្យដឹងថាការបន្តកាយផ្លូវដាក់លូបែបនេះ គឺមានការអនុញ្ញាតពីអភិបាលខណ្ឌដង្កោ លោកស្រី គឹម ញឹប ខណៈដែលលោកចៅសង្កាត់ពងទឹង លោកក៏បានលើកឡើងប្រាប់សារព័ត៌មានដែរថាក្រុមហ៊ុននេះបន្តកាយតាមការអនុញ្ញាតពីលោកស្រីអភិបាលខណ្ឌ ដោយទុករយៈពេលឲ្យមួយខែ។ សម្រាប់កន្លែងថ្មីមិនឲ្យមានការប៉ះពាល់នោះទេ គឺឲ្យធ្វើតែកន្លែងដែលសេសសល់ និងកន្លែងដែលប្រជាពលរដ្ឋបានឲ្យលុយ។

ដោយសារតែការងឿងឆ្ងល់និងសង្ស័យចំពោះការលើកឡើងពីម្ចាស់គ្រឿងចក្រ និងលោកចៅសង្កាត់ពងទឹក ទើបសារព័ត៌មានយើងខលទូរស័ព្ទទំនាក់ទំនងសូមការបំភ្លឺពីលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ តែលោកស្រីអភិបាលខណ្ឌរូបនេះ មិនហ៊ានបំភ្លឺនោះទេ បែរជាឲ្យលុបព័ត៌មានដែលបានចុះផ្សាយកន្លងមកទាំងអស់ទៅវិញ និងព្រមានកប់ៗមាត់ថាហ្នឹងប្តឹងអ្នកសារព័ត៌មាន ដែលបានចុះផ្សាយព័ត៌មានកន្លងមកជុំវិញអាជីវកម្មកាយផ្លូវដាក់លូយកលុយពីរាស្ត្រ។

ចំពោះករណីនេះមហាជន និងអ្នកសារព័ត៌មាន ជាច្រើនសង្ឃឹមថា ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកនិងមិនឈរមើលនិងភ្នែកនោះទេ! សង្ឃឹមថាឯកឧត្តមអភិបាលរាជធានីភ្នំពេញនិងចាត់វិធានការតាមផ្លូវច្បាប់ចំពោះបក្សពួកដែលបានរួមគំនិតគ្នាកាយផ្លូវដាក់លូយកពីប្រជាពលរដ្ឋ ហើយក៏សង្ឃឹមថាឯកឧត្តមអភិបាលនិងជួយជួសជុលផ្លូវបេតុងមួយខ្សែដែលរង់ការខូចខាតខាងលើនេះផងទាន។

ហើយទាក់ទិនទៅនឹងការព្រមានប្តឹងពីសំណាក់លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ មកលើអ្នកសារព័ត៌មានខាងលើនេះ អ្នកសារព័ត៌មានជាច្រើនសូមចាត់ទុកថានេះជាការចង់បំបិទសិទ្ធិសេរីភាពអ្នកសារព័ត៌មាន និងជាការវ៉ៃបំបាក់ស្មារតីអ្នកសារព័ត៌មាន ខណៈដែលអ្នកសារព័ត៌មានចុះផ្សាយតែព័ត៌មានពិត ជាអ្នកឆ្លុះបញ្ចាំងពីការរីកចម្រើននៃជាតិមាតុភូមិ និងជាអ្នកពាំនាំនូវដំណឹងពីប្រជាពលរដ្ឋទៅរាជរដ្ឋាភិបាល និងពីរាជរដ្ឋាភិបាលទៅប្រជាពលរដ្ឋ៕



No comments