ព្រៃវែង៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ បាន «ដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋដែលជាយុវជនជំនាន់ក្រោយគួរប្រើប្រាស់ភាសាខ្មែរដែលជាភាសាជាតិរបស់យើងឲ្យបានកាន់តែទូលំទូលាយបំផុតរាល់ពេលជួបសន្ទនាគ្នា ដើម្បីលើកដំថ្កើងភាសាជាតិយើង ជៀសវាងការប្រើប្រាស់ភាសាបរទេសពេលជួបគ្នារវាងខ្មែរនិងខ្មែរ និងសូមស្លម្ហូបអាហារជាលក្ខណៈប្រពៃណីឲ្យបានច្រើនក្នុងការទទួលទានប្រចាំថ្ងៃជាលក្ខណៈគ្រួសារជៀសវាង បរិភោគម្ហូបអាហារបរទេសច្រើនដែលនាំឲ្យភ្លេចនូវវប្បធម៌ម្ហូបអាហារប្រពៃណីជាតិយើង»។ការថ្លែងដាស់តឿនរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករងនៃអគ្គនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមការងារចល័តចុះជួយខេត្តព្រៃវែង និងលោកជំទាវ សែម សម្ផស្ស ធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣នេះ ក្នុងការអញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងសម្ភោធឆ្លងរបងខ្លោងទ្វារ សមទ្ធិផលនានា នៅវត្តសិរីវិជ្ជា ហៅវត្តនិងព្រែកផ្តាំ ស្ថិតក្នុងភូមិព្រែកផ្ដាំ ឃុំព្រែកអន្ទះ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
ក្នុងពិធីដ៏អធិកអធមនោះ ក៏មានការអញ្ជើញចូលរួមពីព្រះអធិការ អាចារ្យគណៈកម្មការ ពុទ្ធបរិស័ទ ចំណុះជើងវត្ដ តាជី យាយជី ប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងភ្ញៀវកិត្តិយសប្រមាណជាង៥០០នាក់។
នាឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ សាន លុច បានថ្លែងថា ឯកឧត្តម និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋនៅភូមិព្រែកផ្ដាំ មានសេចក្តីរំភើបរីករាយយ៉ាងក្រៃលែងដែលបានទទួលវត្តមានដ៏ឧត្តុង្គឧត្តមរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ និងលោកជំទាវ សែម សម្ភស្ស ក្នុងការអញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងសមិទ្ធផលនានា ក្នុងវត្តសិរីវិជ្ជា ហៅវត្តព្រែកផ្ដាំ ស្ថិតនៅភូមិព្រែកផ្ដាំ ឃុំព្រែកអន្ទះ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង នាឱកាសនេះ។ ឯកឧត្តមបន្តថា នេះជាការបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់នូវការយកចិត្តទុកដាក់ គិតគូររបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែលជានិច្ចកាលតែងតែរួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ ហើយបានចូលរួមដោះស្រាយរាល់សំណូមពរនិងសេចក្តីត្រូវការរបស់ប្រជាជនទាំងផ្នែកពុទ្ធចក្រនិងអាណាចក្របានជាបន្តបន្ទាប់។
ជាមួយគ្នានោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ បានថ្លែងថា មូលហេតុដែលនាំឲ្យបុព្វបុរសខ្មែរយើងខិតខំកសាងទីវត្តអារាមនិងព្រះវិហារព្រោះថាទីវត្តអារាម ជាកន្លែងបណ្ដុះបណ្ដាលនូវធនធានមនុស្ស សម្រាប់ការសិក្សាអបរំរៀនសូត្រផង និងជាទីកន្លែងសម្រាប់កំសាន្តនារដូវបុណ្យទានផង។
ឯកឧត្តមបានគូសបញ្ជាក់ថា «ដោយសារកត្តាប្រទេសជាតិមានសុខសន្តិភាពក្រោមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប៉ិនប្រសប់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបយើងមានឱកាសបានជួបជុំគ្នាយ៉ាងសប្បាយរីករាយដូចពេលនេះ ដូច្នេះយើងទាំងអស់គ្នាត្រូវដឹងគុណ និងសូមអរគុណសន្តិភាព»។
ទន្ទឹមនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ បានលើករឿងនិទានអប់រំខ្លីមួយគឺ «ក្អែកចង់ស៊ីដង្កូវ» ដែលសត្វដង្កូវបានដាក់ប្រាថ្នាឲ្យសត្វក្អែកដោះមុនអនុញ្ញាតឲ្យស៊ីខ្លួន «ស៊ីអត់មាត់ (មច្ចុរាជ), ភ្លឺអត់ភ្នែក (បញ្ញា), ថ្លាអត់ទឹក (សទ្ធាជ្រះថ្លា), ដើរលឿនអត់ជើង (ចិត្ត)» ដែលក្នុងន័យនេះបានបង្កប់ន័យអប់រំថា ពេលខ្លួនបានធំធាត់ មានកិត្តិយសខ្ពង់ខ្ពស់ មានបុណ្យសក្តិ មានលុយច្រើន មានទ្រព្យសម្បត្តិច្រើន មានអំណាចហើយ សូមកុំមើលងាយ មើលថោក មើលស្រាលដល់អ្នកដែលតូចទាបទន់ខ្សោយឲ្យសោះ។
គួរជម្រាបជូនថា ឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ និងលោកជំទាវ សែម សម្ផស្ស និងឯកឧត្ដមនាយឧត្តមសេនីយ៍ សាន លុច រួមទាំងក្រុមការងារបាននាំយកថវិកាសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលប្រគេនដល់ព្រះចៅអធិការវត្តសិរីវិជ្ជាចំនួន១១.០០០ដុល្លារដើម្បីទូទាត់ថ្លៃជាង និងបានជួយចាក់ថ្មម៉ិចធ្វើផ្លូវជាង៨គីឡូម៉ែត្រ និងអំណោយដើម្បីចែកជូនរួមមាន៖ ក្រណាត់សចំនួន៣០ដុំ, ប៊ិចសៀវភៅចំនួន១៤៧ដុំ, ទេយ្យទានរួមមាន៖ អង្ករ៧បាវ, ស្លាដកចំនួន៧, ភេសជ្ជៈបាកាសចំនួន៧កេស,និងទឹកសុទ្ធ១៤កេសផងដែរ៕ ដោយ៖ ការីនិពន្ធ
No comments:
Post a Comment