ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអំពាវនាវដល់បុគ្គលិក កម្មករ កម្មការិនី និងប្រជាពលរដ្ឋ ត្រូវនាំគ្នាអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ សម្រាប់ការអភិវឌ្ឍន៍ឱ្យកាន់តែរីកចំរើនបន្ថែមទៀតក្រោម "ម្លប់សន្តិភាព"។ការអំពាវនាវរបស់ឯកឧត្តម ម៉ៅ ធនិន ធ្វើឡើងក្នុងឱកាសលោកដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធក្រោមឱវាទ ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបុគ្គលិក កម្មករ កម្មការនី រោងចក្រ ឃី មីហ្គាមែន និងរោងចក្រ JIA ដែលស្ថិតនៅក្នុងភូមិរលួស សង្កាត់បឹងទូកក្រុងបូកគោ ខេត្តកំពត នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣នេះ។
ឯកឧត្តម ម៉ៅ ធនិន បានថ្លែងថា សូមបងប្អូនបុគ្គលិកយោជន កម្មករ កម្មការនី រោងចក្រទាំងអស់ ពិសេសប្រជាពលរដ្ឋនៅទូទាំងខេត្តត្រូវទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ដើម្បីគាំទ្រអ្នកដែលខិតខំស្វះស្វែងរកសន្តិភាព ផ្តល់ភាពសុខដុមរមនាជូនជាតិជូនប្រជាជនបន្តទៀត។
ឯកឧត្តម ម៉ៅ ធនិន បានបន្តទៀតថា បងប្អូនបុគ្គលិក កម្មករ កម្មការនីទាំងអស់ បានធ្វើជាគំរូល្អតាមរយៈបំពេញកិច្ចការងារ គោរពតាមលក្ខខន្តិកៈការងារ និងបទបញ្ជាផ្ទៃក្នុងផ្សេងៗ របស់រោងចក្របានល្អនាពេលកន្លងមក។
ទន្ទឹមនឹងនេះ លោកអភិបាលខេត្ត បានស្នើដល់បុគ្គលិក និងកម្មករ កម្មការនីរោងចក្រទាំងអស់បន្តរក្សាភាពល្អប្រសើរនេះតទៅទៀត ដើម្បីទាក់ទាញអ្នកវិនិយោគ ឱ្យមកកាន់តែច្រើនបន្ថែមទៀត ដើម្បីប្រជាពលរដ្ឋក្នុងខេត្តកំពត មានឱកាសទទួលបានការងារកាន់តែច្រើនបន្ថែមទៀត។
លោក អុឹង ប៉ូហេង ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពត បានលើកឡើងថា "ក្រោមការយកចិត្តទុកដាក់ របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ បុគ្គលិក កម្មករ កម្មការនី នៅក្នុងខេត្តកំពត ទទួលបាននូវការការពារសិទ្ធិ និងការគាំពារផ្សេងៗ ស្របទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ហើយកន្លងមក ក៏មិនធ្លាប់ដែលមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះឡើយ"។
នាឱកាសនោះ លោកអភិបាលខេត្ត បានធ្វើការចាប់ឆ្នោតយករង្វាន់ ដើម្បីផ្ដល់ជូនបុគ្គលិក កម្មករ កម្មការនីរោងចក្រឃីមីហ្គាមែន និងរោងចក្រ JIA ដែលបានត្រូវរង្វាន់ផ្សេងៗរួមរួមមាន៖ រង្វាន់ ម៉ូតូចំនួន ១៥រង្វាន់, កង្ហារចំនួន ២៥រង្វាន់, ឆ្នាំងដាំបាយ ចំនួន ១០រង្វាន់ និងកង់ ចំនួន ១០រង្វាន់ផងដែរ៕
No comments:
Post a Comment