រថយន្តដឹកជញ្ជូនយោធា ចំនួន ២៣០គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រគល់ជូនដល់បណ្តាកងឯកភាព នៃកងយោធពលខេមរភូមិន្ទចំនួន ៦២អង្គភាព ។
នេះជាជំហានទី២ នៃការកៀរគរធនធានក្នុងទ្រង់ទ្រាយធំ របស់សប្បុរសជនខ្មែរ, ក្រុមហ៊ុនខ្មែរ និងពលរដ្ឋខ្មែរ ក្រោមការអំពាវនាវ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីជួយដល់ បណ្តាកងឯកភាព នៃកងយោធពលខេមរភូមិន្ទ ដើម្បីជាការគាំទ្រដល់ការបំពេញភារកិច្ច របស់កងទ័ពជាតិយើង ។
ពិធីប្រគល់-ទទួលរថយន្តដឹកជញ្ជូនខាងលើនេះ បានធ្វើឡើងព្រឹកថ្ងៃពុធ ១១កើត ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ គឺជាជំហានទី២ នៃការកៀរគរធនធានក្នុងទ្រង់ទ្រាយធំ របស់សប្បុរសជនខ្មែរ, ក្រុមហ៊ុនខ្មែរ និងពលរដ្ឋខ្មែរ ក្រោមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីជួយដល់បណ្តាកងឯកភាព នៃកងយោធពលខេមរភូមិន្ទ ដើម្បីជាការគាំទ្រដល់ការបំពេញភារកិច្ច របស់កងទ័ពជាតិយើង ។ ក្នុងនាមសម្តេចទាំងទ្វេ សូមសម្តែងនូវការអរគុណ ចំពោះសប្បុរសជនខ្មែរយើងទាំងអស់ ដែលតែងបានខិតខំចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល តបតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការឧបត្ថម្ភគាំទ្រ ដល់កងយោធពលខេមរភូមិន្ទ ជាពិសេសនៅក្នុងដំណាក់កាលដែលកងយោធពលខេមរភូមិន្ទ កំពុងខិតខំពុះពារសម្រេចឱ្យបាន នូវដំណើរការកំណែទម្រង់របស់ខ្លួន សំដៅកសាង និងពង្រឹងប្រៀបការពារជាតិ ឱ្យបានកាន់តែរឹងមាំ ធានាបាននូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាតិ ។
ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត បន្តទៀតថា ទឹកចិត្ត និងកាយវិការដ៏ប្រពៃថ្លៃថ្លានេះ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ ក្នុងនាមសមរភូមិក្រោយ ដែលតែងតែឧបត្ថម្ភគាំទ្រផ្នែកមូលដ្ឋានសម្ភារចាំបាច់ឱ្យដល់កងទ័ព ដើម្បីឱ្យកងទ័ពអាចប្រើប្រាស់សមត្ថភាពជំនាញ ប្រកបដោយប្រសិទ្ធភាព ក្នុងការអនុវត្តគ្រប់ភារកិច្ចចាំបាច់ចំពោះមុខ រួមទាំងក្នុងប្រតិបត្តិការជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ ក៏ដូចជាដើម្បីឆ្លើយតបចំពោះដំណើរការទំនើបកម្ម ស្របតាមការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ។ កងទ័ពកើតចេញពីប្រជាជន និងធ្វើអ្វីៗដើម្បីសេចក្តីសុខរបស់ប្រជាជន ហើយប្រជាជនវិញ គឺជាប្រភពនៃការផ្គត់ផ្គង់កម្លាំង ទាំងកម្លាំងទ័ព និងកម្លាំងភស្តុភារ ។ មួយវិញទៀត អំណោយដ៏ថ្លៃថ្លានេះ ក៏បានឆ្លុះបញ្ចាំងផងដែរ អំពីចំណងសាមគ្គីភាព និងសម្ព័ន្ធមេត្រីភាពជិតស្និទ្ធរវាងកងទ័ព និងប្រជាជន ដែលជាមូលដ្ឋានគ្រឹះ នៃខឿនការពារជាតិរបស់ប្រជាជន ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សូមចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវលើកទឹកចិត្តដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន សូមបន្តចូលរួមចំណែក អនុវត្តកាតព្វកិច្ចការពារជាតិ ដ៏ពិសិដ្ឋរបស់ពលរដ្ឋ ដោយឈរលើមូលដ្ឋាន នៃខឿនការពារជាតិរបស់ប្រជាជននេះ ឱ្យបានកាន់តែសកម្មបន្ថែមទៀត ដើម្បីជាគុណប្រយោជន៍ យុទ្ធសាស្ត្រយូរអង្វែង ជាពិសេសបម្រើដល់ការកែទម្រង់ កងយោធពលខេមរភូមិន្ទ ដែលជាកម្លាំងស្នូល និងឆ្អឹងខ្នង នៃខឿនការពារជាតិ ។
No comments:
Post a Comment