ភ្នំពេញ៖ លោកយាយអាយុ៨០ឆ្នាំ ឈ្មោះ កង ស៊ឺន បច្ចុប្បន្ននៅផ្លូវជាតិលេខ២ ភូមិក្រាំស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣នេះ បានសម្រេចចិត្តដកពាក្យបណ្ដឹង ឈប់ប្ដឹងអតីតមេភូមិក្រាំស្វាយ ឈ្មោះ កឹម ឈឹម ,លោកស្រី កែវ ប៊ុនធឿន មេភូមិក្រាំងស្វាយថ្មី ,កូនស្រីលោកយាយឈ្មោះ ម៉ៅ សារី និងកូនប្រសារឈ្មោះ ស៊ិន ថាច ទៅលោកចៅសង្កាត់ព្រែកកំពឹសទៀតហើយ។ នេះបើតាមលោក កន សុកេន ចៅសង្កាត់ព្រែកកំពឹសបានប្រាប់បណ្ដាញសារព័ត៌មានឲ្យដឹងនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣។
បើតាមលោកយាយ កង ស៊ឺន បានប្រាប់ឲ្យដឹងថា ដោយសារការចាញ់បោកពាក្យសម្ដីនិងការញុះញង់របស់ជនទី៣ មានឈ្មោះ សួង ពៅ និងឈ្មោះ ទឹម រតនៈ ឲ្យគាត់ដាក់ពាក្យបណ្តឹងសុំប្ដឹងអតីតមេភូមិក្រាំស្វាយ ឈ្មោះ កឹម ឈឹម ,លោកស្រីមេភូមិថ្មី ,កូនស្រីលោកយាយឈ្មោះ ម៉ៅ សារី និងកូនប្រសារឈ្មោះ ស៊ិន ថាច បានឃុបឃិតជាមួយកូនស្រីនិងកូនប្រសារនាងខ្ញុំថា បានក្លែងបន្លំធ្វើលិខិតបញ្ជាក់ប្រវត្តិដីទំហំប្រមាណ២ហិកតា និងដីផ្ទះមានទំហំ៥១០ម៉ែត្រការ៉េ ដែលដីស្រែ និងដីផ្ទះជាកម្មសិទិ្ធរបស់លោកយាយឈ្មោះ កង ស៊ឺន និងប្តីឈ្មោះ គិន ម៉ៅ ត្រូវជាប្តីរបស់លោកយាយ ដែលមិនមែនជាការពិតដូចក្នុងពាក្យបណ្ដឹងនោះទេ។លោកយាយបន្តថា លោកយាយអត់ដឹងរឿងឯកសារអ្វីទេ គឺស្រេចតែ២នាក់នោះ (ឈ្មោះ សួង ពៅ និងឈ្មោះ ទឹម រតនៈ) ជាអ្នករៀបចំធ្វើ ហើយពេលនេះ លោកយាយបានមករួមរស់នៅជាមួយកូនស្រីឈ្មោះ ម៉ៅ សារី និងកូនប្រសារឈ្មោះ ស៊ិន ថាច រួមជាមួយកូនប្រុសលោកយាយវិញហើយ។ លោកយាយបន្តថា លោកយាយសុំទោសចំពោះលោក កឹម ឈឹម អតីតមេភូមិក្រាំស្វាយ និងលោកស្រី កែវ ប៊ុនធឿន មេភូមិថ្មី និងសុំទោសដល់បងប្អូនសាធារណជនទៀតផងចំពោះកំហុសខុសឆ្គងកន្លងមក ដោយសារមានគេញុះញង់គាត់នោះទេ។
បើតាមលោក កន សុកេន ចៅសង្កាត់ព្រែកកំពឹសបានបន្តឲ្យដឹងទៀតថា ចំពោះលិខិតបញ្ជាក់ប្រវត្តិដីលំដ្ឋានខាងលើនោះ គឺគាត់និងអតីតមេភូមិបានជួយធ្វើឲ្យគាត់ដើម្បីមានសិទ្ធិអាចសាងសង់លំនៅដ្ឋានថ្មីបាន មិនមែនបញ្ជាក់សម្រាប់ជាការទិញលក់នោះទេ ហើយពេលនោះលោកយាយ កង ស៊ឺន ក៏នៅជាមួយកូនៗរបស់គាត់ដែរ ហើយគាត់ក៏បានពឹងឲ្យលោកជួយធ្វើលិខិតបញ្ជាក់នោះឲ្យទៅឈ្មោះកូនស្រីនិងកូនប្រសាររបស់គាត់ដែរ ដោយគាត់ប្រាប់ថា គាត់ចាស់ហើយ ដាក់ឈ្មោះឲ្យកូនៗគាត់ទៅ។
លោកចៅសង្កាត់ព្រែកកំពឹសបានបន្តថា ប៉ុន្តែនៅថ្ងៃនេះ លោកយាយ កង ស៊ឺន និងកូនៗរបស់ រួមជាមួយលោក កឹម ឈឹម អតីតមេភូមិក្រាំស្វាយ និងលោកស្រីមេភូមិក្រាំងស្វាយថ្មីបានមកជួបជុំគ្នា សម្របសម្រួលគ្នា ដោះស្រាយបញ្ចប់បញ្ហាអស់ហើយ។ លោកបន្តថា ដោយលោកយាយ កង ស៊ឺន យល់ព្រមដកពាក្យបណ្ដឹង និងសុំទោសដល់លោក កឹម ឈឹម អតីតមេភូមិក្រាំស្វាយ និងលោកស្រីមេភូមិក្រាំងស្វាយថ្មីចំពោះការយល់ច្រឡំដោយសារមានជនទី៣ ឈ្មោះ ពៅ ជាអ្នកនៅពីក្រោយ ញុះញង់អុចអាលរឿងនេះ ហើយឈ្មោះ ពៅ ក៏បានប្រាប់ឲ្យគេលុបឈ្មោះលោកយាយ កង ស៊ឺន ចេញពីប្លង់ដីដែលមានហើយ ដោយតម្រូវឲ្យដាក់ឈ្មោះខ្លួនឯងវិញ។
ទាក់ទិនរឿងរ៉ាវខាងលើនេះ លោក កឹម ឈឹម អតីតមេភូមិក្រាំងស្វាយ និងលោកស្រីមេភូមិក្រាំងស្វាយថ្មីបានអះអាងថា ពួកគាត់បានខិតខំប្រឹងប្រែងបម្រើបងប្អូនប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ ដោយមិនដែលចង់ទាមទារបានអ្វីពីបងប្អូនប្រជាពលរដ្ឋនោះទេ មានតែជួយបងប្អូនក្នុងមូលដ្ឋាន ហើយចំពោះរឿងថាពួកគាត់ឃុបឃិតគ្នាធ្វើលិខិតបញ្ជាក់ប្រវត្តិដីក្លែងក្លាយនោះគឺគ្មានជាដាច់ខាត។
ជាមួយគ្នានោះដែរ លោក កឹម ឈឹម អតីតមេភូមិក្រាំស្វាយ និងលោកស្រីមេភូមិក្រាំងស្វាយថ្មីក៏បានទទួលយកការសុំទោសជាសាធារណៈរបស់លោកយាយ កង ស៊ឺន និងការដកពាក្យបណ្ដឹង ឈប់ប្ដឹងពួកគាត់ពីលោកចៅសង្កាត់ព្រែកកំពឹស ហើយពួកគាត់ក៏មិនបានដេញដោល តបត ប្ដឹងផ្ដល់អ្វីទៅកាន់លោកយាយវិញផងដែរ ដោយពួកគាត់បានបន្តថា ព្រោះលោកយាយមានវ័យចំណាស់ហើយងាយនឹងជឿតាមការញុះញង់របស់គេ និងណាមួយជាប្រជាពលរដ្ឋក្នុងមូលដ្ឋានពួកគាត់ទៀតផង៕ ដោយ៖ ការីនិពន្ធ
No comments:
Post a Comment