សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីដឹកនាំគណៈប្រតិភូចូលរួមកិច្ច​ប្រជុំ​កំពូល​អាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅឥណ្ឌូនេស៊ី - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីដឹកនាំគណៈប្រតិភូចូលរួមកិច្ច​ប្រជុំ​កំពូល​អាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅឥណ្ឌូនេស៊ី

(ភ្នំពេញ)៖ នៅវេលាម៉ោង៨ព្រឹកថ្ងៃចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំ​កំពូល​អាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ តបតាមការអញ្ជើញរបស់លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាន។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា កិច្ចប្រជុំកំពូលខាងលើនេះ នឹងប្រព្រឹត្ត​ទៅ​នៅរដ្ឋធានីហ្សា​ការតា ពីថ្ងៃទី៤ ដល់ទី៧ ខែកញ្ញា ឆ្នាំ២០២៣។ អញ្ជើញអម​ដំណើរ​​សម្តេច​នាយករដ្ឋមន្ត្រី រួមមានលោក លោកស្រី ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រី​សំខាន់ៗ​នៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំផ្នែកឯកជនជាច្រើនរូបទៀត។

យោងតាមក្រសួងការបរទេសបានឱ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី នឹងធ្វើឡើង​ក្រោម​​មូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» កិច្ចប្រជុំកំពូលនឹងផ្តោត​លើការជំរុញ​ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ដែលផ្តល់ជាផែនទីចង្អុលផ្លូវមួយដ៏សំខាន់​សម្រាប់ការ​ពង្រឹងឥទ្ធិពលអាស៊ាន តាមរយៈការបង្កើនប្រសិទ្ធភាពស្ថាប័ន ក្នុងគោលដៅស្វែងរកផល​ប្រយោជន៍​សម្រាប់ប្រជាជនរបស់ខ្លួននៅលើឆាកអន្តរជាតិ។

បន្ថែមពីនេះ ការពិភាក្សានឹងផ្តោតការយកចិត្តទុកដាក់លើការពូនជ្រុំ​សហគមន៍អាស៊ានប្រកប​ដោយបរិយាប័ន្ន ចក្ខុវិស័យវែងឆ្ងាយ និងយកប្រជាជនជាស្នូល ដែលជាកម្លាំងដ៏សំខាន់ ដើម្បី​សម្រេច​បាននូវអាស៊ានឆ្នាំ២០៤៥។

របៀបវារៈសំខាន់ៗនៅកិច្ចប្រជុំ រួមមានកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច ស្តីពីមីយ៉ាន់ម៉ា និង​សេចក្តីសម្រេចផ្សេងៗទៀតរបស់ថ្នាក់ដឹកនាំអាស៊ាន។ ថ្នាក់ដឹកនាំអាស៊ាន ក៏នឹងពិភាក្សា​លើ​ទស្សន​វិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក និងផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់ និងអន្តរជាតិ​ដែល​ជាក្តីបារម្ភរួម។

ក្នុងអំឡុងពេលទស្សនកិច្ចនៅរដ្ឋធានីហ្សាការតា សម្តេចមហាបវរធិបតី ហ៊ុន ម៉ា​ណែត នឹងចូល​ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកប្រធានាធិបតី ចូកូ វីដូដូ។ សម្តេច​នា​យ​ក​​រដ្ឋមន្ត្រី ក៏នឹងមានជំនួបទ្វេភាគីជាមួយ​សមភាគីអាស៊ាន និងថ្នាក់ដឹកនាំពិភពលោក​សំខាន់ៗ​មួយចំនួនទៀត។

សូមបញ្ជាក់ថា ដំណើរចេញទៅកាន់ប្រទេសឥណ្ឌូនេស៊ីពេលនេះ គឺជាការបង្ហាញមុខលើកដំបូង​ក្នុង​ឆាកអន្តរជាតិរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជា។

លោក ហ្សង់-ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញការកត់សម្គាល់ថា សម្តេច ហ៊ុន ម៉ាណែត គឺជាមេ​ដឹក​​នាំកំពូលវ័យក្មេងជាងគេ ក្នុងជំនួបកំពូលអាស៊ាន។

លោក ហ្សង់-ហ្វ្រង់ស័រ តាន់ បានលើកឡើងដែរថា សម្តេច ហ៊ុន ម៉ាណែត ត្រៀមរួចរាល់អស់​ហើយ​ទាំងកម្លាំងប្រាជ្ញា ទាំងកម្លាំងកាយ និងទាំងកម្លាំងចិត្ត ដើម្បីការពារ​ឧត្តម​ប្រយោជន៍ជាតិ​នៅចំពោះមុខសមាជិកអាស៊ាន៩ដទៃផ្សេងទៀត និងដើម្បីការពារ​ផល​ប្រយោជន៍រួមរបស់​អាស៊ាន នៅចំពោះមុខបណ្តាប្រទេសដៃគូសន្ទនា​របស់អាស៊ាន។ បញ្ហា​តំបន់ និងបញ្ហាអន្តរជាតិ​ដែល​ប្រមុខរាជរដ្ឋាភិបាលវ័យក្មេងរបស់យើង ត្រូវចូលរួមដោះស្រាយ មានច្រើនណាស់, ជាអាទិ៍ វិបត្តិរ៉ាំរ៉ៃនៅមីយ៉ាន់ម៉ា, ការប្រជែងឥទ្ធិពលគ្នារវាងកំពូល​មហា​អំណាច​​ពិភពលោក និង រវាងមហាអំណាចតំបន់ នៅក្នុងលំហនៃដែនអាស៊ី-ប៉ាស៊ីហ្វិក, និងជាពិសេស វិបត្តិសេដ្ឋ​កិច្ច​សកល​ដែលបាននិង​កំពុងបន្តជះផលអវិជ្ជមានមក​លើជាតិមាតុ​ភូមិ៕

No comments:

Post a Comment

Pages