(ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដ ត្រូវចុះពិនិត្យការងារបង្កបង្កើនផលស្រូវឱ្យសម្រេចតាមផែនការកំណត់ និងត្រូវចាត់វិធានការសង្គ្រោះស្រូវ ដែលទទួលរងផលប៉ះពាល់។
ការណែនាំបែបនេះ របស់លោកអភិបាលខេត្តស្វាយរៀង បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារខែតុលា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តស្វាយរៀង។
ជាមួយគ្នានេះ លោកអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំមន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ កងកម្លាំង មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ ប្អូនៗសិស្សានុសិស្ស ព្រះសង្ឃ ប្រជាពលរដ្ឋ ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានឯកជន ដែលបានចូលរួមវាយគង ទូងស្គរ គោះត្រដោក យ៉ាងអធិកអធម ទូលំទូលាយ និងផុលផុសស្ទើរគ្រប់ទីកន្លែងនៅទូទាំងខេត្ត នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីអបអរសាទរមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់ប្រទេសជាតិយើង ដែលរមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។
លោកអភិបាលខេត្តបានដាក់ចេញនៅទិសដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖
*១៖ ត្រូវបន្តយកចិត្តទុកដាក់លើការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរបន្ថែមទៀត។
*២៖ ត្រូវពង្រឹងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ឱ្យមានប្រសិទ្ធភាព និងស្របតាមស្តង់ដាបច្ចេកទេសសាងសង់ ដោយយកគុណភាពជាចំបង
*៣៖ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ត្រូវរៀបចំផែនការការពារសន្ដិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ជាពិសេសសណ្ដាប់ធ្នាប់ និងរបៀបរៀបរយនៅតាមវត្ដអារាម
*៤៖ គណៈកម្មាធិការខេត្ដគ្រប់គ្រងគ្រោះមហន្ដរាយ ត្រូវចុះអន្ដរាគមន៍ និងឆ្លើយតបឱ្យបានទាន់ពេលវេលា ចំពោះគ្រោះមហន្ដរាយផ្សេងៗ ដែលកើតមានជាយថាហេតុ ជាពិសេសបាតុភូតខ្យល់កន្ដ្រាក់ និងជំនន់ទឹកភ្លៀងជាដើម
*៥៖ រដ្ឋបាលក្រុង-ស្រុកត្រូវជម្រុញ និងផ្សព្វផ្សាយសេចក្តីជូនដំណឹងទៅដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋស្តីពីការបំពេញកតព្វកិច្ចបង់ពន្ធឱ្យបានទាន់ពេលវេលា
*៦៖ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរ ចែកចាយ ការប្រើប្រាស់គ្រឿងញៀន និងចាត់វិធានការចំពោះក្មេងទំនើងនៅតាមមូលដ្ឋានរបស់ខ្លួនឱ្យមានប្រសិទ្ធភាព
*៧៖ សមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាព និងការរៀបចំស្លាកសញ្ញាចរាចរណ៍ឱ្យបានគ្រប់គ្រាន់នៅតាមដងផ្លូវ
*៨៖ អាជ្ញាធរក្រុង ស្រុក ត្រូវពិនិត្យ និងខិតខំដោះស្រាយបញ្ហាទំនាស់នានារបស់ប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាពនៅក្រៅប្រព័ន្ធតុលាការ៕
No comments:
Post a Comment