(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣នេះ បានសម្រេចផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ស្នាក់នៅបណ្តោះអាសន្ននៅទួលសុវត្ថិភាពចំនួន ៣,០០០គ្រួសារ ក្នុងនោះមានចំនួន ១,៩៩០គ្រួសារ នៅខណ្ឌកំបូល និងខណ្ឌដង្កោ រាជធានីភ្នំពេញ និងចំនួន ១,០១០គ្រួសារ នៅក្រុង-ស្រុកចំនួន ៧នៃខេត្តបាត់ដំបង។
ពិធីចែកអំណោយនេះ នឹងប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ដែលមន្រ្តីតំណាងពីកាកបាទក្រហមកម្ពុជា មានលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ អញ្ជើញចុះចែកនៅរាជធានីភ្នំពេញ ថ្ងៃទី២១ នៅខណ្ឌកំបូល ចំនួន ១៥៨គ្រួសារ និងថ្ងៃទី២២ នៅខណ្ឌដង្កោចំនួន ១,៨៣២គ្រួសារ។
ដោយឡែក នៅខេត្តបាត់ដំបង, ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញចុះចែកនៅថ្ងៃទី២៣ ចំនួន ៥៣៨គ្រួសារ (ក្នុងនោះ ស្រុកបរវេល ២៥៨គ្រួសារ, ស្រុកភ្នំព្រឹក ១៤០គ្រួសារ, ស្រុកកំរៀង ១៤០គ្រួសារ) និងលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា អញ្ជើញចុះចែកនៅថ្ងៃទី២៤ ចំនួន ៤៧២គ្រួសារ (ក្នុងនោះ ស្រុកឯកភ្នំ ១៣០គ្រួសារ, ស្រុកសង្កែ ១១០គ្រួសារ, ក្រុងបាត់ដំបង ១០២គ្រួសារ, ស្រុកបាណន់ ១៣០គ្រួសារ)។
សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗទទួលបានអំណោយរួមមាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងទឹកស៊ីអ៊ីវ ឬទឹកត្រី ៦ដប៕
No comments:
Post a Comment