កណ្ដាល៖ នៅពេលខ្មាន់កាំភ្លើងដែលបានចូលទៅបាញ់មនុស្សដល់ក្នុងផ្ទះ នៅខណ្ឌច្បារអំពៅ ដោយបានបណ្តាលឲ្យមានអ្នកស្លាប់ និងអ្នករងរបួស ហើយជនដៃដល់បានព្យាយាមរត់គេចខ្លួន ត្រូវបានកម្លាំងជំនាញក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលបើកប្រតិបត្តិរហូតឈានដល់ការចាប់ឃាត់ខ្លួនជនដៃដល់នៅក្នុងភូមិសាស្ត្រស្រុកអង្គស្នួលប្រគល់ជូនស្នងការនគរបាលរាជធានីភ្នំពេញដើម្បីយកទៅផ្ទន្ទាទោសតាម ច្បាប់នៅល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ។
បើតាមរបាយការណ៍របស់សមត្ថកិច្ចជំនាញបានឱ្យដឹងថា នៅវេលាម៉ោង១៥និង៥០នាទីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងបុរី ប៉េង ហួត ស្ថិតនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីផ្ទុះអាវុធជាច្រើនគ្រាប់ បណ្ដាលឱ្យជនរងគ្រោះចំនួន០៤នាក់៖
*ជនរងគ្រោះទី១៖ ឈ្មោះ ឡុង វិសុង ភេទ ប្រុស អាយុ ២៧ ឆ្នាំ ស្នាក់នៅចំនុចកើតហេតុ ស្លាប់នៅកន្លែងកើត ហេតុ,ទី២៖ ឈ្មោះ ឃីម កញ្ចនា ភេទ ស្រី អាយុ ២៥ ឆ្នាំ ស្លាប់ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ។ ចំណែកជន រងគ្រោះទី៣៖ ឈ្មោះ សុខុម ចរណៈ ភេទ ប្រុស អាយុ ២០ ឆ្នាំ រងរបួសស្រាល និងជងរងគ្រោះទី៤៖ ឈ្មោះ ហុង រិទ្ធារក្ស័ ភេទ ប្រុស អាយុ ២៤ ឆ្នាំ របួសស្រាល កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
ប្រភពដដែលបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ស្រី ស៉ីណា ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះលេខ ៤៤ ផ្លូវ ៣៩០ ភូមិ ១ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ គឺជាជនដៃដល់។
ប្រភពបន្តទៀតថា ក្រោយចាប់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងរួម៖
*ទី១៖ កាំភ្លើងខ្លីម៉ាក SIOEGER COUAR 8000។
*ទី២៖ រថយន្តយន្តម៉ាក ស៊ាំយ៉ុង ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BL-9923( មធ្យោបាយជិះគេចខ្លួន)។
*ទី៣៖ ម៉ូតូម៉ាក HONDA ZOOMER-X ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1GX-9541។
*ទី៤៖ រថយន្តម៉ាក តូយូតា រៃ ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 2BO-3654។
ប្រភពខាងលើបានឱ្យដឹងបន្ថែមថា ដើមហេតុនៃជម្លោះគឺដោយសារតែកាល ៣ថ្ងៃមុន ជនរងគ្រោះមានការឈ្លោះប្រកែកគ្នាជាមួយម្ចាស់ផ្ទះលេខ ២៤ ដែលនៅជាប់គ្នា ជុំវិញរឿងរ៉ាវកាប់ដើមស្វាយ និងដាក់ស្នួលខោអាវ។ លុះដល់ថ្ងៃកើតហេតុ ជនរងគ្រោះកំពុងនៅជ៉ំគ្នានៅក្នុងផ្ទះចំណុចកើតហេតុខាងលើ ពេលនោះស្រាប់ តែលេចមុខជនសង្ស័យ មកសួរនាំរឿងឈ្លោះគ្នាជាមួយបងរបស់ខ្លួនកាលពីថ្ងៃមុនរួច ក៏ដកកាំភ្លើងខ្លីបាញ់ស្រោចទៅលើក្រុមជនរងគ្រោះបណ្តាលឲ្យស្លាប់ និងរបួសស្រាល។
ក្រោយបង្កហេតុជនសង្យ័យបានរត់ឡើងជិះម៉ូតូដែលបក្សពួកខ្លួនកំពុងរង់ចាំ បន្ទាប់មកនាំគ្នាជិះគេចខ្លួន។ ភ្លាមៗសមត្ថកិច្ច បានចុះទៅដល់ទីតាំងកើតហេតុ បន្តនីតិវិធីស្រាវជ្រាវកំណត់មុខសញ្ញានិងដេញតាមជន សង្ស័យ។
ប្រភពឲ្យដឹងទៀតថា សមត្ថកិច្ចនៃនាយកដ្ឋានព្រហ្ម ទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ,ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសហការជាមួយសមត្ថ កិច្ចស្នងការដ្ឋាននគរបាលខេត្តកណ្ដាលដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យបាននៅស្រុកអង្គស្នួល។
បន្ទាប់ពីចាប់ខ្លួនជនសង្ស័យឈ្មោះ ស្រី ស៊ីណា ត្រូវបាន សមត្ថកិច្ចបញ្ជូនជាមួយវត្ថុតាងពាក់ព័ន្ធមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរបន្តនិតីវិធី។
គួរជម្រាបថា ជនសង្ស័យ ស្រី ស៊ីណា ត្រូវបានគេស្គាល់ និងដឹងថាមានគោរម្យងារជាឧកញ៉ា ដែលកាន់កាប់ជំនួញផ្នែកអចលនទ្រព្យ ហើយលោកគឺជាថៅកែបុរី និងម្ចាស់ហាងយីហោសុភមង្គល៕
No comments:
Post a Comment