សាលារាជធានីភ្នំពេញ សហការជាមួយមន្ទីរបរិស្ថានរៀបចំប្រារព្ធទិវាបរិស្ថានជាតិ និងពិភពលោក - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

សាលារាជធានីភ្នំពេញ សហការជាមួយមន្ទីរបរិស្ថានរៀបចំប្រារព្ធទិវាបរិស្ថានជាតិ និងពិភពលោក

សាលារាជធានីភ្នំពេញ សហការជាមួយមន្ទីរបរិស្ថានរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែមិថុនានេះ បានរៀបចំប្រារព្ធពិធីអបអរសាទរ ទិវាបរិស្ថានជាតិ និងពិភពលោក ៥ មិថុនា ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមជាច្រើនរយនាក់។

នៅក្នុងពិធី ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការប្រារព្ធទិវាបរិស្ថានជាតិ និងពិភពលោកឆ្នាំនេះ ធ្វើឡើងព្រមគ្នាជាមួយយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» របស់ក្រសួងបរិស្ថានដោយមានអ្នកចូលរួមពីប្រជាពលរដ្ឋ កម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ សិស្ស និស្សិត និងដៃគូពាក់ព័ន្ធផ្សេងៗទៀត។

ឯកឧត្តម បន្តថា បច្ចុប្បន្នយើងសង្កេតឃើញថា នៅមានសេសសល់សំរាមរាយប៉ាយមួយចំនួនតូចតាមដងផ្លូវ និងទីសាធារណៈផ្សេងៗ ដែលបណ្តាលមកពីការទុកដាក់សំរាមមិនបានត្រឹមត្រូវ និងសំរាមរសាត់តាមខ្យល់ជាដើម។ បញ្ហាទាំងអស់នេះ ទាមទារឱ្យប្រជាពលរដ្ឋចូលរួមសម្អាត និងលុបបំបាត់សំរាម​នៅតាមទីសាធារណៈដូចជា​តាមដងផ្លូវ តាមប្រព័ន្ធប្រឡាយទឹកលូ និងតាមដីឡូត៍ទំនេរ ព្រមទាំងអនុវត្តនូវយន្តការផាកពិន័យ ចំពោះអំពើល្មើសនឹងអនុក្រឹត្យលេខ ១១៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។

បន្ថែមលើកនេះ ឯកឧត្តម ហួត ហៃ បានស្នើដល់ប្រជាពលរដ្ឋត្រូវចូលរួមអនុវត្តនូវសកម្មភាពមួយ​ចំនួនដូចជា៖ ធ្វើការញែកសំរាមសើម​ សំរាមស្ងួតចេញពីគ្នា និងវេចខ្ចប់ទុកដាក់ក្នុងថង់ ឫធុងសំរាមឱ្យ​បានត្រឹមត្រូវ, ចូលរួមអនុវត្តនូវគោលការណ៍ កាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងកែច្នៃ , បញ្ចេញសំរាមឱ្យបានទៀងទាត់តាមកម្មវិធីប្រមូល ដឹកជញ្ជូនសំរាមរបស់ក្រុមហ៊ុនទាំង៣ និងចូលរួមសម្អាតអនាម័យជាដើម។

ប្រជាពលរដ្ឋបានបង្ហាញអារម្មណ៍រីករាយដែលចូលរួមក្នុងពិធីអបអរសាទរ ទិវាបរិស្ថានជាតិ និងពិភពលោក ៥មិថុនា ឆ្នាំ២០២៤ និងបន្តចូលការសម្អាតអនាម័យនៅរាជធានីភ្នំពេញ​ឱ្យកាន់តែល្អបន្ថែមទៀតផងដែរ។

គួរបញ្ជាក់ដែរថា ទិវាបរិស្ថានជាតិ និងពិភពលោក ៥ មិថុនា រៀបចំឡើងដើម្បីលើកកកម្ពស់​ការយល់ដឹង និងស្រឡាញ់បរិស្ថាន ព្រមទាំងជំរុញចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំង​ប្រដាប់អាវុធ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធផ្សេងៗទៀត ចូលរួមក្នុងកិច្ចគាំពារ​បរិស្ថាន ការអភិរក្សជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ។ សម្រាប់ឆ្នាំនេះ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ការកែប្រែគុណភាពដី ដីរហោស្ថានកម្ម និងធន់នឹងគ្រោះរាំងស្ងួត»។ 











No comments:

Post a Comment

Pages