រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទបើកការដ្ឋានកែលម្អផ្លូវជនបទ១ខ្សែ ដោយសាកល្បងប្រើប្រាស់បច្ចេកវិទ្យាថ្មី (Stabilizer) និងពិនិត្យការដ្ឋានស្ថាបនាផ្លូវ២ខ្សែ និងស្ពាន១កន្លែង ក្នុងខេត្តកំពង់ឆ្នាំង - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទបើកការដ្ឋានកែលម្អផ្លូវជនបទ១ខ្សែ ដោយសាកល្បងប្រើប្រាស់បច្ចេកវិទ្យាថ្មី (Stabilizer) និងពិនិត្យការដ្ឋានស្ថាបនាផ្លូវ២ខ្សែ និងស្ពាន១កន្លែង ក្នុងខេត្តកំពង់ឆ្នាំង

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បានបើកការដ្ឋានកែលម្អផ្លូវជនបទ១ខ្សែ ប្រវែង១៧០០ម៉ែត្រ ទទឹង៥ម៉ែត្រ ដោយសាកល្បងប្រើប្រាស់បច្ចេកវិទ្យាថ្មី (stabilizer) ស្ថិតនៅភូមិត្បែងខ្ពស់ ឃុំតាំងក្រសាំង ស្រុកទឹកផុស ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង​ អភិបាលខេត្តកំពង់ឆ្នាំង លោកអភិបាលស្រុក អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋដែលរស់នៅស្របដងផ្លូវជាច្រើន។

បន្ទាប់ពីបានស្ដាប់មតិស្វាគមន៍ដោយលោកមេឃុំតាំងក្រសាំង និងរបាយការណ៍សង្ខេបដោយលោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំងរួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន បានលើកឡើងថា ការកែលម្អផ្លូវល្បាយក្រួស ដោយប្រើប្រាស់សាកល្បងនូវបច្ចេកវិទ្យាពង្រឹងគុណភាពដីល្បាយក្រួស (Stabilizer) នេះ គឺជាគម្រោងសាកល្បងប្រើប្រាស់ទឹកថ្នាំលាយជាមួយដីល្បាយក្រួស ដើម្បីបង្កើនភាពធន់ ជំនួសឱ្យវត្ថុធាតុដើមក្នុងស្រុកដែលកាន់តែក្រខ្សត់ទៅៗ និងមានតម្លៃថ្លៃផងដែរ។ ការជ្រើសរើសយកបច្ចេកវិទ្យាថ្មីនេះ ក៏ជាការខិតខំប្រឹងប្រែងក្នុងការពង្រឹង និងបង្កើនគុណភាពផ្លូវឱ្យកាន់តែរឹងមាំ និងមានភាពធន់ ដែលជាការចូលរួមចំណែកអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញជាយុទ្ធសាស្រ្តពង្រឹងគុណភាព ៧០% និងពង្រីកបន្ថែម ៣០%។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ដថា រាជរដ្ឋាភិបាលបច្ចុប្បន្នបាននិងកំពុងខិតខំអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យឱ្យកាន់តែមានភាពរីកចម្រើនទៅមុខបន្ថែមទៀត ដោយបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានកំណត់អាទិភាពគន្លឹះ៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្រោមបាវចនាដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងគោលដៅអភិវឌ្ឍប្រទេសឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

បន្ទាប់ពីពិធីបើកការដ្ឋានរួច ឯកឧត្តម ឆាយ ឫទ្ធិសែន និងគណៈប្រតិភូអមដំណើរបានដឹកនាំមន្ដ្រីបច្ចេកទេសទៅពិនិត្យការដ្ឋានស្ថាបនាផ្លូវចំនួន២ខ្សែ និងស្ពាន១កន្លែង ដូចខាងក្រោម៖

* ខ្សែផ្លូវទី១ ជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) និងមានផ្នែកខ្លះជាប្រភេទបេតុងសរសៃដែក មានប្រវែងសរុប ១២,៤ គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន។ ផ្លូវនេះតភ្ជាប់ពីភូមិមានជ័យ ទៅដល់ភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលបានបើកការដ្ឋានស្ថាបនានៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៣ គិតដល់ពេលនេះសម្រេចលទ្ធផលបាន ៨៧,៣៣% ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។

* ខ្សែផ្លូវទី២ ជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) និងមានផ្នែកខ្លះជាប្រភេទបេតុងសរសៃដែកមានប្រវែងសរុប ៨, ១៣០គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន។ ផ្លូវនេះតភ្ជាប់ពីភូមិអណ្ដូងជ្រៃ ឃុំអណ្ដូងស្នាយ ទៅដល់ភូមិមានជ័យ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងដែលបានបើកការដ្ឋានស្ថាបនានៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ គិតដល់ពេលនេះសម្រេចលទ្ធផលបាន ៣០% ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងខែកញ្ញា ឆ្នាំ២០២៤។

* ពិនិត្យស្ថានភាពស្ពានបេតុង ១កន្លែងប្រវែង ៦០ម៉ែត្រ ទទឹង ៨ម៉ែត្រ ស្ថិតនៅក្នុងភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ដែលបានសា្ថបនារួចរាល់ជាស្ថាពរដោយនាយកដ្ឋានផ្លូវលំជនបទ ក្រសួងអភិវឌ្ឍន៍នៅក្នុងឆ្នាំ២០១៨។

ក្នុងឱកាសពិនិត្យការដ្ឋានផ្លូវខាងលើ ឯកឧត្តមរដ្ឋមន្ដ្រីបានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនទទួលការសាងសង់ ប្រចាំការនៅការដ្ឋានផ្ទាល់ យកចិត្តទុកដាក់អនុវត្ត ឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពផ្លូវជាប់ និងប្រើប្រាស់បានយូរអង្វែង។ ឯកឧត្តមរដ្ឋមន្ដ្រីបានមានផ្ដាំផ្ញើដល់អ្នកម៉ៅការសាងសង់ ត្រូវចាត់ទុកសមិទ្ធផលដែលបានស្ថាបនានាពេលនេះ ដូចជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ហើយសមិទ្ធផលទាំងនេះគឺដើម្បីបម្រើផលប្រយោជន៍របស់ប្រជាជនទៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ចនៅមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ដ្រីក៏បានជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវខាងលើ និងពិនិត្យស្ថានភាពការបង្កបង្កើនផលស្រូវនារដូវវស្សាដែលកន្លងមករងការបំផ្លាញពីដង្កូវហ្វូងរបស់ប្រជាពលរដ្ឋនៅក្នុងភូមិឈើត្រាច ឃុំគោកបន្ទាយ ស្រុករលាប្អៀរ។ សូមបញ្ជាក់ថា ឃុំគោកបន្ទាយមានផ្ទៃដីសរុប ៦ ៣៩៦,១០ហិកតា ក្នុងនោះផ្ទៃដីកសិកម្មចំនួន ១ ៤៥០ហិកតា មានចំនួនគ្រួសារសរុប ១ ៧៩៩គ្រួសារ ខ្នងផ្ទះសរុប ១ ៥៤១ខ្នង ចំនួនប្រជាពលរដ្ឋសរុប ៧ ៩៩៣នាក់ ស្រី​៣ ៧៣៣នាក់ ក្នុងនោះប្រជាពលរដ្ឋប្រមាណ ៨៥% ប្រកបរបរកសិកម្ម៕

No comments:

Post a Comment

Pages