ក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការ «សាកលវិទ្យាល័យ ឌី ម៉ុនហ្វត កម្ពុជា – De Montfort University Cambodia» នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស មានទំនាក់ទំនងជាប្រពៃណីយូរអង្វែងបំផុត ជាមួយនឹងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ទាំងនៅក្នុងកម្រិតទ្វេភាគី កម្រិតតំបន់ និងអន្តរជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការបើកសាខាសាកលវិទ្យាល័យ ឌី ម៉ុនហ្វត នៅកម្ពុជា គឺជាការចូលរួមចំណែកប្រកបដោយអត្ថន័យខ្លឹមសារដល់ការលើកស្ទួយទំនាក់ទំនងនេះ ឱ្យកាន់តែខ្ពស់ថែមមួយកម្រិតទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា សម្តេចទន្ទឹងរង់ចាំដោយក្តីសោមនស្សចំពោះការរីកចម្រើន និងការអភិវឌ្ឍរបស់សាកលវិទ្យាល័យ ឌី ម៉ុនហ្វត នៅកម្ពុជា ជាមួយនឹងផ្លែផ្កានៃការអភិវឌ្ឍរបស់សាកលវិទ្យាល័យនេះតាមរយៈធនធានមនុស្សប្រកបដោយសុវត្ថិភាព ទាំងចំណេះដឹង ជំនាញ គុណធម៌ សីលធម៌ និងមនសិការស្នេហាជាតិជួយចូលរួមអភិវឌ្ឍសង្គមជាតិខ្មែរឱ្យកាន់តែរីកចម្រើនខ្លាំងក្លាក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព៕
No comments:
Post a Comment