ចាប់ផ្ដើមហើយ បទល្មើសនេសាទ នៅតាមបណ្ដាស្រុកមួយចំនួនក្នុងខេត្តតាកែវ ដូចជាស្រុកអង្គរបុរី,បុរីជលសារ..ក្រោមការចាត់ចែងរបស់លោកសុខ ឡេះ មន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវ ។ វាមិនមែនជារឿងថ្មីសម្រាប់លោកសុខ ឡេះ ទេពីព្រោះច្រើនជំនាន់អភិបាល ខេត្តមកហើយដែលលោកសុខ ឡេះ ជាអ្នកបោះមេ អំពីបញ្ហាបទល្មើសនេសាទ។ ប៉ុន្តែសម្រាប់ឆ្នាំនេះមិនដឹងថាតើលោកវ៉ឺ សំណាង អភិបាលខេត្តសួរនាំលោកសុខឡេះហើយឬនៅ ?ពីព្រោះឮគេខ្សឹបខ្សៀវថា បានចំណូលច្រើនគួរសម។ ដូច្នេះលោកអភិបាលខេត្តគួរសួរនាំផងប្រយ័ត្នលោកសុខ ឡេះ ស៊ីដាច់?
ប្រភពរាយការណ៍ថា បទល្មើសនេសាទគ្រប់ប្រភេទ រីកព្រោងព្រាត នៅលើផ្ទៃទឹក ក្នុងស្រុកបុរីជលសារ។ បទ ល្មើសដែលមានខ្នងបង្អែកពីសមត្ថកិច្ចជំនាញ និងមេ ខ្លោងចាត់ចែងត្រឹមត្រូវ ហាក់ដូចជាមិនទទួលបានការចាប់អារម្មណ៍ ពីអាជ្ញាធរដែនដីស្រុកបុរីជលសារ ក៏ដូច ជារដ្ឋបាលខេត្តតាកែវ រួមទាំងសមត្ថកិច្ចជំនាញ ក៏ដូចជាអាជ្ញាធរដែនដី បិទភ្នែកបណ្ដែតបណ្ដោយឲ្យមានបទ ល្មើសនេសាទអណ្ដែតពេញផ្ទៃទឹក សូម្បីតែនៅក្រោយរដ្ឋបាលសាលាស្រុកបុរីជលសារ ក៏គេសង្កេតឃើញមានបទល្មើសនេសាទអណ្ដែតពេញផ្ទៃទឹកដែរ។
ពលរដ្ឋប្រកបរបនេសាទស្របច្បាប់បានប្រាប់ឲ្យដឹងថា មានបទល្មើសនេសាទខុសច្បាប់ព្រោងព្រាតលើផ្ទៃទឹកដែលបានដាក់របាំងណររ៉ាវ ឫហៅថា របាំងឈឹប ដែលមានក្រឡាញឹកជាការធ្វើឲ្យកូនមច្ឆជាតិគ្រប់ប្រភេទ រងនូវការវិនាសហិនហោចផុតពូជ ជាបណ្ដើរៗហើយ។ បើប្រភពមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា ការដាក់របាំងសាច់ក្រឡាញឹកបាន ព្រោះមានមន្ត្រីធ្វើការនៅស្ថាប័នប្រដាប់អាវុធនៅខេត្តតាកែវ នៅពីក្រោយជាអ្នករត់ការទើបហ៊ានបែបនេះ ហើយបើមិនមែនជាបក្ស ពួកគេទេ សូម្បីតែរកលៀស រកខ្ចៅក៏មិនបានផង។ បើតាមប្រភពថា បុរសម្នាក់នោះឈ្មោះសុខ ឡេះ ជាអ្នក រកស៊ីគួកជេរបទល្មើសនេសាទនៅទូទាំងខេត្តតាកែវ។
ប្រភពបានបន្តទៀតថា បើបណ្ដោយឲមានការដាក់របាំងក្រឡាល្អិតបែបនេះបន្តទៀត ច្បាស់រលាយអស់ហើយធនធានមច្ឆជាតិ ។ ប្រភពបានបន្ថែមថា មិនមែនត្រឹម តែអាជ្ញាធរដែនដីនោះទេដែលត្រូវលោកសុខ ឡេះ ដើរ តួសម្របសម្រួលដើម្បីមិនឲ្យលេចឮដល់អ្នកដទៃ ក្នុងនោះសូម្បីតែថ្នាក់ដឹកនាំខេត្ត ជាពិសេសស្ថាប័នជំនាញរដ្ឋបាលជលផល,ក៏ដូចជាមន្ទីរកសិកម្ម ក៏មិនឃើញមានចំណាត់ការចំពោះបញ្ហាបទល្មើសនេសាទនៅស្រុកបុរីជលសារនេះដែរ។ បទល្មើសនេសាទទាំងនេះសូម្បីតែមន្ត្រីនៅដែនអភិរក្សក៏ទទួលស្គាល់ថា មានកើតនៅខាង ក្រោយលំនៅដ្ឋានប្រជាពលរដ្ឋនោះព្រោងព្រាត ដោយមិនមានការបង្ក្រាបពីសមត្ថកិច្ចជំនាញម្ដងណាឡើយ។
លោកសៅ កុសល នាយខណ្ឌរដ្ឋបាលជលផល ខេត្ត តាកែវមិនអាចសុំការបំភ្លឺបានទេ។ ប៉ុន្តែបើតាមប្រភពពីមន្ត្រីរាជការនៅខេត្តតាកែវបានខ្សឹបខ្សៀវថា លោកសុខ ឡេះ គឺជាតួឯកដ៏សំខាន់ក្នុងការសម្របសម្រួលដើម្បី ឲ្យមានបទល្មើសនេសាទនៅក្នុងខេត្តតាកែវទាំងមូល។ មិនថាតែនៅក្នុងស្រុកបុរីជលសារនេះទេ នៅស្រុកផ្សេង ទៀតដូចជាកោះអណ្ដែត,អង្គរបុរី...ក៏លោកសុខ ឡេះ ជាអ្នកដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងបទល្មើសនេសាទនៅក្នុងមូលដ្ឋានខេត្តតាកែវនេះ។ ជាងនេះទៅ ទៀតគឺមិនមែនទើបតែឆ្នាំនេះទេ សូម្បីតែឆ្នាំមុនៗរាប់សិបឆ្នាំមកហើយ គឺក្រោមការគ្រប់គ្រងដឹកនាំ បែងចែកផលប្រយោជន៍របស់លោកសុខ ឡេះ។ គេមិនដឹងថាតើលោកវ៉ី សំណាង អភិបាលខេត្តតាកែវ ដែលទើបតែមក កាន់តំណែងថ្មីៗបានដឹងរឿងនេះដែរឬយ៉ាងណានោះទេ?៕
No comments:
Post a Comment