មត្ថកិច្ចបានបញ្ជាក់ថា គេបានរកឃើញគ្រឿងញៀនជាង២តោន និងម៉ាស៊ីនកែច្នៃគ្រឿងញៀន ក្រោយករណីអគ្គិភ័យឆេះផ្ទះវីឡាមួយកន្លែងស្ថិតនៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ កាលពីថ្ងៃទី២៧ វិច្ឆិកា កន្លងទៅ។
លោក មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ករណីខាងលើនេះ គេបានចាប់ខ្លួនជនសង្ស័យជាជនជាតិឥណ្ឌាម្នាក់ឈ្មោះ SARABJIT ភេទប្រុស អាយុ៣៨ឆ្នាំ ខណៈបក្ខពួក២នាក់ទៀតបានរត់គេចខ្លួន។ លោកបន្តថា បុរសជនជាតិឥណ្ឌានោះ ត្រូវបញ្ចូនទៅតុលាការហើយ ខណៈជនសង្ស័យ២នាក់ទៀតជាជនជាតិប៉ាគីស្ថាន និងឥណ្ឌា កម្លាំងជំនាញកំពុងតាមប្រមាញដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ។
បើតាមលោក មាស វិរិទ្ធ ទីតាំងផលិតគ្រឿងញៀននោះ មានផ្លូវព័ទ្ធជុំវិញ ព្រមទាំងមានការបិទបាំងបរិវេណខាងក្រៅ មិនត្រឹមតែប៉ុណ្ណោះខាងក្នុងកន្លែងផលិតកែច្នៃផ្ទាល់ប្រៀបបានបន្ទប់ខារ៉ាអូខេ ដោយមិនមានសំឡេងរំខានដល់អ្នកជិតខាង ជៀសផុតពីការកត់សម្គាល់របស់សមត្ថកិច្ច ម្យ៉ាងវិញទៀតសូម្បីកាកសំណល់ចេញពីច្រវាក់ផលិតកម្មនោះ ក្រុមឧក្រិដ្ឋជនរង់ចាំឱកាសទើបដឹកតាមរថយន្តយកទៅបោះចោល។
យ៉ាងណាក៏ដោយ បើតាមលោក មាស វិរិទ្ធ មកទល់ពេលនេះសមត្ថកិច្ចនៅមិនទាន់អាចសន្មត់ជាផ្លូវការនៅឡើយថា ផ្ទះវីឡានោះជាទីតាំងផលិតគ្រឿងញៀនបានហើយ ឬនៅនោះទេ ព្រោះករណីនេះ កំពុងក្នុងស្ថិតការស្រាវជ្រាវ។ លោក លើកឡើងទៀតថា ឧបករណ៍បម្រើការផលិតក្នុងផ្ទះវីឡានោះ ជាប្រភេទមាស៊ីនបោះពុម្ពគ្រាប់ថ្នាំ ដែលមានធាតុផ្សំស្រាប់ គឺគ្រាន់តែបន្ថែមក្លិន និងពណ៌ ទើបកម្លាំងជំនាញត្រូវការពេលពិនិត្យដើម្បីឱ្យប្រាកដថាជាករណីផលិត ឬកែច្នៃផលិត ។ លោកបន្តថា ក្រោយករណីនេះកើតឡើង អាជ្ញាធរ នឹងបង្កើនការស្រាវជ្រាវបន្ថែមទៅលើទីតាំងផ្ទះវីឡាធំៗដែលសង្ស័យ ព្រមទាំងជនបរទេសដែលមករស់នៅកម្ពុជា ប៉ុន្តែទន្ទឹមនឹងនោះវាអាស្រ័យទៅលើសមត្ថកិច្ចថា តើមានលទ្ធភាពសិក្សាស្វែងយល់អំពីធាតុផ្សំនៃបទល្មើសកម្រិតណា៕
No comments:
Post a Comment