ពលរដ្ឋម្នាក់នៅខេត្ដព្រះសីហនុរងរបួសដោយគ្រាប់កាំភ្លើងកែឆ្នៃនៅក្នុងទំនាស់ដីធ្លី - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

ពលរដ្ឋម្នាក់នៅខេត្ដព្រះសីហនុរងរបួសដោយគ្រាប់កាំភ្លើងកែឆ្នៃនៅក្នុងទំនាស់ដីធ្លី




ពលរដ្ឋម្នាក់ត្រូវបានសន្តិសុខរបស់ឧកញ៉ា រតនៈ សម្បត្តិ បាញ់ដោយកាំភ្លើងឆ្នៃឱ្យរងរបួសភ្លៅខាងស្ដាំបន្ទាប់ពីពួកគេព្យាយាម រារាំងក្រុមសន្តិសុខជាច្រើនក្រុម មានចំនួនជាង១០០នាក់មិនអោយចូលទៅបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកភូមិ ក្នុងទំនាស់ដីធ្លីកាលពីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅចំនុចខាងលើអូរឈ្លើងក្រុម២០ ភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។


ពលរដ្ឋរងគ្រោះលោក ឡុង ប៊ុណ្ណារ៉ា អាយុ៤៣ឆ្នាំ រស់នៅភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ បានប្រាប់អ្នកកាសែតនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នេះថានៅមុនកើតហេតុសន្តិសុខក្រុមហ៊ុនរបស់ឧកញ៉ា រតនៈ សម្បត្តិ បានដឹកក្រុមក្មេងទំនើងមកជិត៣០នាក់ប្រដាប់ដោយកាំភ្លើងកែច្នៃឬកាំភ្លើងស្នប់ ដាវ កាំបិត ចូលទៅកាត់ខ្សែភ្លើងរបស់ប្រជាពលរដ្ឋនៅក្នុងភូមិ ប៉ុនប៉ងវ៉ៃបំផ្លាញផ្ទះប្រជាពលរដ្ឋពេលនោះប្រជាពលរដ្ឋបាននាំគ្នាមករារាំងកុំឱ្យក្រុមទាំងនោះបំផ្លាញទ្រព្យសម្បត្តិរបស់ខ្លួន។

លោកបន្តថា ក្មេងទំនើងទាំងនោះ បានបាញ់កាំភ្លើងស្នប់មកត្រូវភ្លៅខាងស្ដាំ បណ្តាលឱ្យរងរបួស បន្ទាប់ពីកើតហេតុការណ៍រួចមក ក៏មានព្រះរាជអាជ្ញា និងមន្រ្ដីមួយចំនួនបានចុះមកសម្របសម្រួល យកលោកទៅមន្ទីរពេទ្យដើម្បីព្យាបាល តែលោកមិនទៅព្រោះបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ដោយមើលឃើញអ្នកទាំងនោះមកជាមួយភាគីក្រុមហ៊ុន។

លោកថា នៅពេលសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុមិនបានឃាត់ខ្លួន ជនដែលបាញ់លោកឱ្យរងរបួសនោះទេ ពេលនេះកំពុងរៀបចំឯកសារដាក់ពាក្យប្ដឹងទៅកាន់នគរបាលនៅរសៀលថ្ងៃចន្ទនេះ។

លោកលើកឡើងថា៖ «សុំឱ្យអាជ្ញាធរចាប់ពួកអស់ហ្នឹង។ ខាងក្រុមហ៊ុនជួលពួកអនាធិតេយ្យមកប្លន់ដីប្រជាពលរដ្ឋ សូមឱ្យអាជ្ញាធរដែនដីជួយមើលផង ជួយដោះស្រាយឱ្យប្រជាពលរដ្ឋផង។ ណាមួយដីនេះពលរដ្ឋរស់នៅរាប់សិបឆ្នាំហើយតាំងពីឆ្នាំ២០១៣ និង២០១៥មក។ ដូចរូបខ្ញុំដប់ឆ្នាំជាងហើយសូមសម្ដេចតេជោជួយចេញប្លង់ឱ្យប្រជាពលរដ្ឋផងកុំឱ្យក្រុមហ៊ុនធ្វើបាបទៀត »។

ពលរដ្ឋម្នាក់ទៀតអ្នកស្រី អ៊ួន សម្ភស្ស អាយុ៣២ឆ្នាំ បានប្រាប់ថា ចាប់តាំងពីខែតុលា ឆ្នាំ២០២៤ មកក្រុមហ៊ុនបានបញ្ចុះបញ្ចូលពលរដ្ឋ ដែលមានដីនៅក្នុងភូមិគគីរ ឱ្យដោះដូរដីជាមួយដីក្រុមហ៊ុន ដោយឱ្យពលរដ្ឋទៅយកដីនៅតំបន់ផ្សេង។ អ្នកស្រីនិយាយថា ដើមឡើយមានពលរដ្ឋប្រមាណ១៥៨គ្រួសារមានដីប្រមាណ១៥ហិកតា រងផលប៉ះពាល់ជាមួយក្រុមហ៊ុន ប៉ុន្តែមានពលរដ្ឋខ្លះយល់ព្រមដោះដូរដី តែក៏មានពលរដ្ឋខ្លះទៀតមិនយល់ព្រមដែរ។

អ្នកស្រីបន្តថា តំណាងក្រុមហ៊ុនបានដើរគំរាមពលរដ្ឋដែលមិនយល់ព្រមដោះដូរដីជាមួយក្រុមហ៊ុន ថាបើមិនព្រមដោះដូរទេ គេនឹងដាក់គ្រឿងចក្រចូលវ៉ៃផ្ទះយកដីតែម្ដង។ រាល់ថ្ងៃអ្នកស្រីមិនបានទៅធ្វើការងាររកស៊ីទេ នៅចាំតែផ្ទះខ្លាចគេយកគ្រឿងចក្រមកវ៉ៃផ្ទះអត់កន្លែងរស់នៅ ម្ចាស់ផ្ទះដែលមិនព្រមដោះដូរហើយនៅជិតផ្ទះដែលម្ចាស់ព្រមដូរគឺគ្រឿងចក្រវ៉ៃទាំងពីរតែម្ដងហើយនិយាយថាវ៉ៃច្រឡំ។

អ្នកស្រីនិយាយថា រាល់ថ្ងៃក្រុមហ៊ុនបង្ហោះដ្រូននៅក្នុងភូមិមើលឱ្យតែដឹងថា ក្នុងភូមិស្ងាត់មិនមានមនុស្ស ឬមានមនុស្សនៅតិច គេឱ្យគ្រឿងចក្រមកឈូសវ៉ៃកំទេចផ្ទះចោល រួចបានផ្ដល់សំណងតាមក្រោយ ។

អ្នកស្រីលើកឡើងថា៖  «វាជួលពួកស៊ីឈ្នូលដើរកាប់ចាក់ ដើរផ្ដាច់ខ្សែភ្លើងឱ្យងងឹតសូន ហើយម៉ោង៧ជាងចាប់ផ្ដើមធ្វើសកម្មភាពកាក់ផ្លូវ ហើយកាន់កាំបិតគ្រប់ដៃ។ សព្វថ្ងៃនេះលំបាកណាស់បង្ហោះដ្រូន បង្ហោះម៉ូតូពេលយើងជិះទៅក្នុងក្រុង ជិះម៉ូតូតាមពីក្រោយ ខ្លះជិះបំបុកពលរដ្ឋក៏មានដែរ »។

ជុំវិញរឿងរ៉ាវខាងលើនេះ លោក ស រដ្ឋា បានប្រាប់អ្នកកាសែតអោយដឹងថា ស្នងការដ្ឋានគរបាលខេត្ដព្រះសីហនុមិនជួយអន្ដរាគមន៍ទេ ពាក់ព័ន្ធការរកដំណោះស្រាយដីធ្លី ខាងរដ្ឋបាលខេត្ដជាអ្នកដោះស្រាយ។

លោកលើកឡើងថា៖  ខាងស្នងការដ្ឋានអត់ជួយអន្តរាគមន៍ទេ។ បើពាក់ព័ន្ធនឹងការរកដំណោះស្រាយដីធ្លីរដ្ឋបាលខេត្ដ ។

យ៉ាងណាក៏ដោយបណ្ដាញសារព័ត៌មានពេញចិត្តមេឌាមិនអាច រកការឆ្លើយតបពីតំណាងក្រុមហ៊ុនបានទេ ចំណែកអ្នកនាំពាក្យសាលាខេត្ដព្រះសីហនុលោក ឃាង ភារម្យ អ្នកសារព័ត៌មានទំនាក់ទំនងតាមទូរសព្ទចូល តែត្រូវចុចផ្ដាច់ទៅវិញ ។

មហាជននិងពលរដ្ឋក្នុងមូលដ្ឋានលើកឡើងថា៖  បញ្ហាដីធ្លីវាគួរតែដោះស្រាយដោយសន្តិវិធី មិនគួរណាប្រើប្រាប់អំពើហិង្សាដោយមានការបាញ់ប្រហាបែបនេះទេ។ ហើយការប្រើប្រាស់អាវុធនេះទៀតសោធ ក៏វាជារឿងខុសច្បាប់ទៀតអញ្ចឹងទាមទារឱ្យចាត់វិធានការ ឱ្យបានម៉ីងម៉ាត់ចំពោះអ្នកបង្កហើយហ្នឹងអ្នកដែលពាក់ព័ន្ធ៕

No comments:

Post a Comment

Pages