រថយន្តធុនធំជាង១០គ្រឿងមានថៅកែឈ្មោះម៉ាន់ កំពុងធ្វើសកម្មភាពដឹកអាចម៍ដីពីប្រឡាយធម្មជាតិអូរតាគី និងគ្រឿងចក្រកំពុងជីកកកាយយ៉ាងសកម្មដែលមើល ទៅជារបៀបនៃការស្ដារប្រឡាយធម្មជាតិមួយនេះ។ ប៉ុន្តែការពិតវាគឺជាការឃុបឃិតគ្នាព្រួញ១បាញ់បានសត្វ២នៃក្រុមមន្ត្រីជំនាញរួម មានមន្ទីរធនធានទឹកនិងមន្ទីរ៉ែ និងថាមពលខេត្តបាត់ដំបង ក៏ដូចជារដ្ឋបាលស្រុកថ្មគោលដើម្បីយកអាចម៍ដីលក់បានលុយចែកគ្នាស្រួលៗ។ នៅ ពេលដែលអ្នកកាសែតសួរអំពីបញ្ហានេះទាំងមន្ទីរជំនាញនិងរដ្ឋបាលស្រុករុញដាក់គ្នារបៀបឆ្លើយយករួចខ្លួន។
ខ្សែប្រឡាយទឹកអូរតាគី ក្នុងភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង សកម្មភាពរថយន្តដឹកអាចម៍ដីយកទៅលក់នេះ មើលទៅគ្រប់គ្រឹកគគ្រេងណាស់ ដែលចំណូលមិនតិចលានរៀលទេក្នុង១ថ្ងៃៗ។ លោកតេង
គឹមស៊ាន អភិបាលស្រុកថ្មគោលគ្រាន់តែឮអ្នកកាសែតសួរនាំ ក៏ឆ្លើយយ៉ាងរហ័សថា នឹងបញ្ជូនមន្ត្រីឃុំ(ជ្រៃ)ឲ្យទៅមើល ហើយធ្វើរបាយការណ៍ជូនរដ្ឋបាលស្រុកដើម្បីពិនិត្យ។ តាមអ្វីដែលលោកអភិបាលស្រុកថ្លែងមើលទៅហាក់ដូចជាដឹងរឿងយ៉ាងរហ័ស ស្របទៅនឹងអ្វីដែលបាននឹងកំពុងកើតមាននៅក្នុងមូលដ្ឋានរបស់លោក។
មន្ត្រីមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង បានឆ្លើយក្នុងលក្ខខណ្ឌមិនបញ្ចេះឈ្មោះថា ជាធម្មតាគឺត្រូវតែមាន ច្បាប់ទម្លាប់ហើយ ប្រសិនបើវាតូចតាចគឺត្រូវសុំច្បាប់ត្រឹមស្រុក ប៉ុន្តែបើវាធំដុំត្រូវសុំច្បាប់ដល់ថ្នាក់ខេត្ត។ មន្ត្រីដដែលនេះជំរុញឲ្យអ្នកកាសែតសួរនាំពីថ្នាក់ក្រោមមកលើ ដើម្បីឲ្យដឹងច្បាស់ថា តើដំណើរការនៃការជីកយកអាចម៍ដីនោះ មានច្បាប់ទម្លាប់ត្រឹមណា។ និយាយបែប នេះគឺប្រៀបដូចជាកំពុងជាសហការលាក់បាំងត្រូវគ្នាជាមួយនឹងក្រុមឈ្មួញកាយអាចម៍ដីឈ្មោះម៉ាន់ខាងលើនេះហើយ។
ដូចគ្នានេះដែរ ថៅកែគ្រឿងចក្រដែលកំពុង ធ្វើសកម្ម ភាពនៅការដ្ឋាននៅប្រឡាយមេទឹកធម្មជាតិអូរតាគីស្ថិត នៅក្នុងឃុំជ្រៃស្រុកថ្មគោល ខេត្តបាត់ដំបង បានប្រាប់អ្នកកាសែតថា គេមិនអាចដំណើរការដោយគ្មានច្បាប់ ទម្លាប់បាននោះទេ " គឺត្រូវតែមានច្បាប់ហើយទើបអាចដំណើរការជីកយកអាចម៍ដីនេះបាន"។ ប៉ុន្តែនៅពេលដែលអ្នកកាសែតសួរបញ្ជាក់អំពីច្បាប់ទម្លាប់ដែលចេញ ពីស្ថាប័នណានោះគឺលោកថៅកែម្ចាស់គ្រឿងចក្រឈ្មោះម៉ាន់ បានប្រាប់ថា គេមានច្បាប់ទម្លាប់ត្រឹមត្រូវ បើសិន ជាគ្មាននោះមិនអាចរកស៊ីបាននោះទេនិងមិនប្រាប់ពីច្បាប់ដែលថ្នាក់ណាចេញនោះទេ។
យោងតាមច្បាប់គឺប្រឡាយទឹកសាធារណៈ មិនអាចថ្នាក់ខេត្ត ឬថ្នាក់ស្រុក អាចចេញច្បាប់ឲ្យមកស្ដារប្រឡាយទឹកបាននោះទេ។
អ្នកកាសែតព្យាយាមទំនាក់ទំនងទៅ លោកខៃ សូដា អនុប្រធានមន្ទីរធនធានទឹកខេត្តបាត់ដំបងទទួលបន្ទុកក្តាប់រួមជាច្រើនលើកប៉ុន្តែមិនបានជោគជ័យទេ ដោយទូរសព្ទជាប់រវល់ជាដរាប។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើនៃឃុំជ្រៃស្រុកថ្មគោលបានខ្សិបថា វាជាយុទ្ធសាស្ត្ររបស់អាជ្ញាធរ និងស្ថាប័នជំនាញក្នុងខេត្តបាត់ដំបង ឃុបឃិតគ្នាតាមយុទ្ធសាស្ត្រព្រួយ១បានសត្វ២នោះគឺប្រឡាយត្រូវបានស្ដារដែលជាសត្វ១និងសត្វ១ទៀតគឺបានលុយចែកគ្នាតាមរយៈយកអាចម៍ដីលក់។ ប្រជាពលរដ្ឋសាទរចំពោះការស្ដារប្រឡាយមេអូរតាគីនេះហើយអាជ្ញាធរនិងស្ថាប័នជំនាញក៏បានលុយកាក់ចែកគ្នាដែរ។ ចំណាត់ការល្អយ៉ាងនេះនរណាក៏ចង់បានដែរ។ តើរដ្ឋបាលខេត្តបាត់ដំបងនិងក្រសួងធនធានទឹកឧតុនិយមយល់យ៉ាងណាដែរ?៕
No comments:
Post a Comment