ចាប់ឃាត់ខ្លួនស្មៀនសង្កាត់តាខ្មៅ សុខ សុផា រឿងស៊ីដាច់លុយរបស់ប្រជាជនក្រីក្រជាង៦០លានរៀល - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

ចាប់ឃាត់ខ្លួនស្មៀនសង្កាត់តាខ្មៅ សុខ សុផា រឿងស៊ីដាច់លុយរបស់ប្រជាជនក្រីក្រជាង៦០លានរៀល

ខេត្តណ្តាល៖  ស្មៀនសាលាសង្កាត់តាខ្មៅ លោក សុខ សុផា កាលពីព្រលប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រូវបានកម្លាំងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយកម្លាំងរដ្ឋបាលខេត្តកណ្តាល កម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងកម្លាំងក្រុងតាខ្មៅចុះចាប់ឃាត់ខ្លួនបានភ្លាមៗ ករណីស៊ីដាច់លុយពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនិងជំងឺកូវីដ- ១៩។


បើតាមប្រភពព័ត៌មានដែលបណ្ដាញសារព័ត៌មានគេហទំព័រផល្លីញូវទទួលបាននៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឲ្យដឹងថា ក្រុមការងារចម្រុះរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដឹកនាំដោយលោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក និងជាអគ្គនាយកមូលនិធិជាតិជំនួយសង្គមដឹកនាំកម្លាំង ដោយសហការជាមួយរដ្ឋបាលខេត្តកណ្តាល មន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា ស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងក្រុងតាខ្មៅចុះធ្វើការស្រាវជ្រាវជាបន្ទាន់នូវភាពមិនប្រក្រតីនៃការបន្លំដកយកសាច់ប្រាក់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនិងជំងឺកូវីដ- ១៩ ដែលប្រព្រឹត្តទៅ នៅរដ្ឋបាលសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ម្សិលមិញនេះ រហូតឈានដល់ការឃាត់ខ្លួនស្មៀនសាលាសង្កាត់តាខ្មៅ ឈ្មោះ សុខ សុផា ទៀតផង។

តាមប្រភពព័ត៌មានពីលោក ជៀម ខូយ ចៅសង្កាត់តាខ្មៅបានឲ្យដឹងថា លោកមិនបានដឹងរឿងគេចាប់ស្មៀនសង្កាត់តាខ្មៅឈ្មោះ សុខ សុផា នោះទេ បើចង់ដឹងទៅសួរខាងខេត្ត ខាងក្រុងទៅ។

បើតាមប្រភពផ្សេងទៀតបានឲ្យដឹងថា The Mirror News ដឹងថា ពិតជាមានករណីចាប់ខ្លួនស្មៀនសង្កាត់តាខ្មៅ ឈ្មោះ សុខ សុផា ប្រាកដមែន ក្រោយពីមានក្រុមចម្រុះរបស់ក្រសួងសង្គមកិច្ច តំណាងសាលាខេត្តកណ្តាល កម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងលោកអភិបាលក្រុងតាខ្មៅចុះមក និងបានឃើញលោក សុខ សុផា ស្មៀនសង្កាត់តាខ្មៅយកលុយជាង៦១លានរៀលមកតម្កល់ឲ្យខាងក្រសួងសង្គមកិច្ច។

ទោះបីជាយ៉ាណា ជុំវិញករណីខាងលើនេះ គេហទំព័រផល្លីញូវនៅមិនទាន់ទទួលបានការបញ្ជាក់ឲ្យច្បាស់ការណ៍ពីលោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក និងជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម និងលោក ឃឹម សុភារ អភិបាលក្រុងតាខ្មៅនៅឡើយនោះទេ ព្រោះពួកគាត់កំពុងជាប់ប្រជុំរៀងៗខ្លួន៕





No comments:

Post a Comment

Pages