នាសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ និងលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ដោយមានការអញ្ជើញចូលរួមពី សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ដ្រី ទេសរដ្ឋមន្ដ្រី គណៈប្រតិភូអមដំណើរ និងរដ្ឋមន្ដ្រីក្រសួង-ស្ថាប័ននានា ព្រមទាំងថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាល និងមន្ដ្រីជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់របស់ក្រសួងមហាផ្ទៃ ផងដែរ។
ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើសេចក្ដីរាយការណ៍សង្ខេបអំពីលទ្ធផល នៃអង្គសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ គោរពជូន សម្ដេចតេជោ ហ៊ុន សែន និងអង្គសន្និបាតជ្រាប ថា ក្រោមដឹកការដឹកនាំរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជា បានគ្រប់គ្រងបានយ៉ាងល្អនូវជំងឺឆ្លងរាតត្បាតកូវីដ-១៩ ព្រមទាំងបង្កលក្ខណៈសម្បត្តិដល់ក្រសួងមហាផ្ទៃ អាចរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ដែលមានសមាសភាពថ្នាក់ដឹកនាំ និងមន្ដ្រីជាន់ខ្ពស់របស់ក្រសួងមហាផ្ទៃ អភិបាលរាជធានី-ខេត្ត នាយករដ្ឋបាល ស្នងការនគរបាលរាជធានី-ខេត្ត ប្រធានពន្ធនាគាររាជធានី-ខេត្ត និងតំណាងក្រសួងស្ថាប័ននានាផងដែរ។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង បានជម្រាបជូនបន្ដថា ផ្អែកលើសេចក្ដីរាយការណ៍នៃលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ បានបង្ហាញអោយឃេីញសមទ្ធិផល បញ្ហាប្រឈម និងដំណោះស្រាយ សំដៅលើកកម្ពស់គុណភាពការងាររបស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
សម្ដេចក្រឡាហោម បន្ថែមថា អង្គសន្និបាតទាំងមូល បានធ្វើការវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការសម្របសម្រួល និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ រហូតដល់សម្រេចបានជោគជ័យយ៉ាងត្រចះត្រង់ជាប្រវត្តិសាស្ដ្រ ក្នុងការបំពេញតួនាទីជាប្រធានប្ដូរវេនក្នុងឆ្នាំ២០២២ កន្លងទៅនេះ ដែលបានលើកកម្ពស់នូវកិត្យានុភាពរបស់ប្រទេសជាតិ ទាំងនៅថ្នាក់តំបន់ និងលើឆាកអន្ដរជាតិផងដែរ។ ទន្ទឹមនឹងនេះ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ក៏បានដឹកនាំប្រទេសជាតិ ពុះពារ និងឆ្លងកាត់បញ្ហាប្រឈមនានាជាសកល ដែលបាននិងកំពុងវិវត្តន៍ប្រែប្រួលដ៏ស្មុគស្មាញបំផុត ប្រកបដោយជោគជ័យ ដោយខិតខំស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែលរងផលប៉ះពាល់ពីវិបត្តិជាសកល ធ្វើឱ្យស្ទុះឡើងលឿនយ៉ាងឆាប់រហ័សជាមួយនឹងអត្រាកំណើនប្រមាណ ៧% ក្នុងឆ្នាំ២០២២។
នាឱកាសនោះ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា នៅឆ្នាំ២០២២ ក្រសួងមហាផ្ទៃ បានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីបង្កើនយុទ្ធនាការប្រយុទ្ធឆាំងការជួញដូរមនុស្សគ្រប់ទម្រង់ និងប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ តាមការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស នៅតាមទីតាំងអាជីវកម្ម ផលិតកម្មនានា ការស្រាវជ្រាវការសម្អាតប្រាក់ ដើម្បីពង្រឹងសន្តិសុខជាតិលើសណ្តាប់ធ្នាប់សាធារណៈ។
ឆ្លៀតឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី មានប្រសាសន៍ណែនាំដល់កងកម្លាំងនគរបាលជាតិសម្រាប់អនុវត្តការងារឆ្នាំ២០២៣ ថា ត្រូវបន្ដពង្រឹង និងថែរក្សាការពារសន្ដិភាព ស្ថិរភាពនយោបាយ បូរណភាពទឹកដី អធិបតេយ្យជាតិ ការពារព្រះមហាក្សត្រ ការពាររបបរាជានិយម ព្រមទាំងបន្ដលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសេរី ពហុបក្ស សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងការពង្រឹងនិតិរដ្ឋ ព្រមទាំងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
សម្ដេចតេជោ បន្ដថា ឆ្នាំ២០២៣នេះ ព្រះរាជាណាចក្រកម្ពុជា នឹងមានព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រសំខាន់ៗ រួមមាន បោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ និងការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ អាស៊ានប៉ារ៉ាហ្គេម លើកទី២២។ សម្ដេចតេជោ ថា ចំពោះការរៀបចំការបោះឆ្នោត ក្រសួងស្ថាប័ន អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចនានា ត្រូវផ្ដល់កិច្ចសហប្រតិបត្តិការឱ្យល្អជាមួយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សំដៅរួមគ្នាធានាឱ្យដំណើរការបោះឆ្នោត ប្រព្រឹត្តិទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។
សម្ដេចតេជោ បន្ថែមថា ចំពោះព្រឹត្តិការណ៍កីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ប្រធានស្ថាប័ន និងអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចនានា ត្រូវខិតខំរួមគ្នារក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ឱ្យបានល្អប្រសើរ ក្នុងអំឡុងពេលរៀបចំព្រឹត្តិការណ៍ទាំងនេះ ព្រមទាំងការពារសុវត្ថិភាពចំពោះកីឡាករ និងអ្នកចូលរួម ទាំងក្នុង និងក្រៅ។ ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានី-ខេត្ត ត្រូវរៀបចំសណ្ដាប់ធ្នាប់ចរាចរណ៍ សោភ័ណភាព និងអនាម័យ ឱ្យបានល្អប្រសើរផងដែរ។
លើសពីនេះ សម្ដេចតេជោ ក៏បានណែនាំដល់កងកម្លាំងនគរបាលជាតិ ត្រូវខិតខំបន្ដអភិវឌ្ឍសមត្ថភាព និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទាំងក្នុងតំបន់ និងអន្ដរជាតិ ដើម្បីបង្កើនការទប់ស្កាត់ឱ្យបានទាន់ពេលវេលា ចំពោះអំពើភេវរកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ជាដើម។ សម្ដេចតេជោ បន្ថែមថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍វិញ នូវតែជាបញ្ហាចំពោះក្នុងសង្គម ហើយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ត្រូវបន្ដវិធានការអប់រំ ទន្ទឹមនឹងការរឹតបន្ដឹងការអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ឱ្យម៉ឺងម៉ាត់ជាប់ជាប្រចាំ។
ជាងនេះទៅទៀត សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ក៏បានជំរុញក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវលើកកម្ពស់ការគាំទ្រ ក្នុងការកំណត់ក្រុមគោលដៅឱ្យស្រប តាមគោលការណ៍ណែនាំ ព្រមទាំងទប់ស្កាត់ភាពមិនប្រក្រតី ដើម្បីធានានូវប្រសិទ្ធភាព សុច្ចរិទភាព តម្លាភាព និងគណនេយ្យភាព ក្នុងការអនុវត្តកម្មវិធីជំនួយសង្គម ដែលរួមទាំងការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ និងប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់។
សូមជម្រាបជូនដែរថា ក្នុងឱកាសបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ នេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំពាក់គ្រឿងឥស្សរិយយសជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងនាយនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ថ្នាក់ជាតូបការ ចំនួន ២២រូបផងដែរ៕
ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា
No comments:
Post a Comment