ផ្ទុះការតវ៉ាពីប្រជាពលរដ្ឋជាច្រើនគ្រួសារនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ករណីអាជ្ញាសាលាឈ្មោះ ឡា ប៊ុនហួន លួចចុះអនុវត្តស្ងាត់ៗមិនជូនដំណឹងទៅប្រជាពលរដ្ឋ តែបែរជាហៅមេធាវីភាគីម្ខាងទៀតឱ្យមកចូលរួម!!! - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

ផ្ទុះការតវ៉ាពីប្រជាពលរដ្ឋជាច្រើនគ្រួសារនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ករណីអាជ្ញាសាលាឈ្មោះ ឡា ប៊ុនហួន លួចចុះអនុវត្តស្ងាត់ៗមិនជូនដំណឹងទៅប្រជាពលរដ្ឋ តែបែរជាហៅមេធាវីភាគីម្ខាងទៀតឱ្យមកចូលរួម!!!


ប្រជាពលរដ្ឋជាច្រើនគ្រួសារបាននាំគ្នាផ្ទុះការតវ៉ាកាលពីថ្ងៃទី២៩ និងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីអាជ្ញាសាលាឈ្មោះ ឡា ប៊ុនហួន លួចចុះអនុវត្តរក្សាការពារស្ងាត់ៗមិនជូនដំណឹងទៅពួកគាត់ ហើយអនុវត្តលើសកម្រិតអនុញ្ញាតក្នុងដីកាសម្រេចរបស់តុលាការ ដោយឈូសឆាយផលដំណាំប្រជាពលរដ្ឋ កម្ទេចផ្ទះចាស់ និងកសាងផ្លូវថ្មីលើដីឯកជន នៅចំណុចភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណៈរឿងវិវាទកំពុងជាប់គាំងនៅក្នុងតុលាការនៅឡើយ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន Phally News ទទួលបាន។


បើតាមចៅសង្កាត់អូរជ្រៅ លោក វ៉ា ជឹមសារ៉េត បានផ្ដល់បទសម្ភាស៍ជាមួយភ្នាក់ងារ Phally News កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ថា ដោយសារតែមានបណ្ដឹងសុំបើកផ្លូវ និងមានសេចក្ដីសម្រេចពីតុលាការឲ្យបើកផ្លូវ ក្នុងនាមលោកជាអាជ្ញាធរចុះមកតាមការស្នើសុំរបស់លោកអាជ្ញាសាលា ហើយក៏បានអនុវត្តរួចរាល់ហើយដែរ។ លោកចៅសង្កាត់បន្តថា អាជ្ញាធរគ្រាន់តែមកឃាត់កុំឲ្យធ្វើអ្វីដែលវាខុស បើចង់តតាំងអី តតាំងនៅតុលាការទៅ បើឈ្នះចាញ់របស់បងប្អូនទេ ជាសិទ្ធិរបស់ប្រជាពលរដ្ឋ ហើយអាជ្ញាធរអត់មានអីពាក់ព័ន្ធ ក៏ប៉ុន្តែកុំឲ្យធ្វើបិទឡើងវិញ។

បើតាមការលើកឡើងរបស់ប្រជាពលរដ្ឋឈ្មោះ ឈរ ស៊ុនលី បានតបថា លោកចៅសង្កាត់ វ៉ា ជឹមណារ៉េត បានធ្វើឯកសារភស្តុតាងក្លែងបន្លំកុហកតុលាការ និងថ្នាក់ដឹកនាំថា រូបខ្ញុំ បានធ្វើរបងបិទផ្លូវចាស់ តែការពិតនៅលើទីតាំងដីរបស់ខ្ញុំនេះ មិនមានផ្លូវចាស់នោះទេ ហើយជាដីវិវាទជាមួយលោកប៉ូលីសផ្កាយបី យឹម សំណាង ជាមួយនឹងរូបខ្ញុំ និងប្រជាពលរដ្ឋជាច្រើនគ្រួសារទៀត។

បើតាមលោកមេធាវី ឡុង បញ្ញាវុធ មេធាវីតំណាងឱ្យលោក យឹម សំណាង បានឲ្យដឹងដែរថា រឿងវិវាទដីធ្លីនេះ យើងដើរតាមនិតិវិធីរបស់តុលាការ ហើយការអនុវត្តបើកផ្លូវនេះ គឺយើងអនុវត្តន៍តាមការសម្រេចរបស់តុលាការ មានការសម្រេចពីតុលាការខេត្តបន្ទាយមានជ័យ និងការសម្រេចរបស់តុលាការឧទ្ធរណ៍ ខេត្តបាត់ដំបង ហើយក៏បានស្នើសុំការអនុវត្តន៍បើកផ្លូវហ្នឹង ព្រោះកូនក្ដីរបស់លោកក៏មានដីជម្រៅ៤៥០ម៉ែត្រ ដែលដីហ្នឹងមានជាង៤ហិកតា។

បើតាមការឆ្លើយតបរបស់លោក ឈរ ស៊ុនលី និងប្រជាពលរដ្ឋដែលកំពុងមានវិវាទជាមួយលោកប៉ូលីសផ្កាយបី យឹម សំណាង បានអះអាងថា លោកប៉ូលីសផ្កាយបីមានតែប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ដីខុសច្បាប់ឆ្នាំ១៩៩៨ ហើយដែលត្រូវបានមោឃៈភាពដោយ សជណ របស់ទីស្តីការគណៈរដ្ឋមន្ត្រីឆ្នាំ២០០៤ និងដីកាសម្រេចរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យឆ្នាំ២០០៥ ហើយប្រជាពលរដ្ឋមានលិខិតកាន់កាប់ដីធ្លីឆ្នាំ២០០៦ ចេញដោយអាជ្ញាធរឃុំប៉ោយប៉ែត (បច្ចុប្បន្នសង្កាត់អូរជ្រៅ) ហើយនៅឆ្នាំ២០១៨ ប្រជាពលរដ្ឋចុះបញ្ជីដីជាប្រព័ន្ធ ដោយទទួលបានបង្កាន់ដៃចុះបញ្ជីដីតាមក្បាលដីនីមួយៗ។

បើតាមលោក ភ្លាន ពិសិដ្ឋ អាយុ៤៣ឆ្នាំ មានមុខរបរជាកម្មករបានឲ្យដឹងថា លោកមករស់នៅទីនេះតាំងពីឆ្នាំ២០០៤ ដែលលោកមករស់នៅដំបូងឡើយគឺលោកមិនទាន់មានកូនទេ ប៉ុន្តែបច្ចុប្បន្នលោកមានកូនៗចំនួន៥នាក់ហើយ កូនបងគេបង្អស់មានអាយុ១៦ឆ្នាំហើយ។ លោកបន្តថា លោកមករស់នៅទីនេះគឺលោកបានទិញដីពីគេឈ្មោះ ម៉ៅ បូរ៉ា ដែលមានទំហំ១៤ម៉ែត្រ គុណនឹង៣០ម៉ែត្រ ដែលមានការទទួលស្គាល់ពីអាជ្ញាធរភូមិឃុំ។ តាំងពីលោកមករស់នៅមក មិនដែលមានឈ្មោះ យឹម សំណាង មកប្តឹងទាមទារ ឬប្តឹងជំទាស់តវ៉ានោះទេ គិតពីឆ្នាំ២០០៤ ដល់ដើមឆ្នាំ២០១៩។

លោក ភ្លាន ពិសិដ្ឋ បានបន្តឲ្យដឹងបន្ថែមថា នៅកំឡុងឆ្នាំ២០១៨ អាជ្ញាធរបានចុះមកវាស់វែងដើម្បីធ្វើប្លង់កម្មសិទ្ធិ (ប្លង់រឹង) ជូនពួកគាត់ ហើយពួកគាត់ក៏បានទទួលចុងសន្លឹកសម្រាប់ទុកទទួលប្លង់កម្មសិទ្ធិដែរ ប៉ុន្តែស្រាប់តែនៅឆ្នាំ២០១៩ ក៏លេចចេញមានឈ្មោះ យឹម សំណាង ប្ដឹងជំទាស់មិនឲ្យចេញប្លង់ជូនពួកគាត់ទៅវិញ ដែលឈ្មោះ យឹម សំណាង មិនមានបងប្អូនប្រជាពលរដ្ឋណាស្គាល់គាត់ សូម្បីតែលោកដែលជាអ្នកទិញដីនេះក៏អត់ស្គាល់ដែរ។ លោកបានបន្តថា ក្រោយមកខាងតុលាការបានហៅពួកលោកទៅដើម្បីចរចារ ប៉ុន្តែលោកថា លោកបានទិញម្ដងហើយ មានទាំងមេភូមិ មេឃយុំទទួលស្គាល់ពួកលោកហើយ ម៉េចត្រូវឲ្យពួកគាត់ទៅចរចាទៀត ដែលការចរចានោះគឺតម្រូវឲ្យពួកគាត់គុណជាការ៉េបង់លុយឲ្យគេដើម្បីជាថ្នូរនឹងការចេញប្លង់កម្មសិទ្ធិអោយ ដូច្នេះលោកជាកម្មករមានកូនក្នុងបន្ទុក តើមានលុយឯណាទៅឱ្យលោកប៉ូលីសផ្កាយបី។

ពាក់ព័ន្ធការតវ៉ាមិនឲ្យឈូសឆាយបើកផ្លូវខាងលើនេះ លោក ភ្លាន ពិសិដ្ឋ បានស្នើសុំឲ្យចេញប្លង់កម្មសិទ្ធិស្រប់ច្បាប់ឲ្យពួកគាត់ជាមុនសិន ទើបពួកគាត់អនុញ្ញាតឲ្យបើកផ្លូវនេះ ព្រោះពួកលោកខ្លាចគេបើកផ្លូវហើយ យកដីរបស់ពួកគាត់ដោយងាយស្រួល ដែលការបើកផ្លូវនេះ គេប្រើពាក្យថា ឈ្មោះ យឹម សំណាង ជាអ្នកសម្បទានធ្វើផ្លូវនេះ។ នៅទីតាំងដីនេះ មិនដែលមានផ្លូវនោះទេ ជាដីឯកជនដែលលោក ឈរ ស៊ុនលី ជាអ្នកកាន់កាប់។
បើតាមលោក រី ដា ជាប្រជាពលរដ្ឋនិងមានមុខរបរជាកម្មករបានរៀបរាប់ឲ្យដឹងថា លោកបានមកទិញដីនេះ ក្នុងឆ្នាំ២០០៣ ហើយបានធ្វើផ្ទះនៅក្នុងកំឡុងឆ្នាំ២០០៤; ២០០៥ ដែលមានដីទំហំ២៤ម៉ែត្រ គុណ២០ម៉ែត្រ ដែលបានទិញពីឈ្មោះ ម៉ៅ បូរ៉ា ដែលឈ្មោះ ម៉ៅ បូរ៉ា ជាអ្នកធ្វើឯកសារឲ្យដោយបានទទួលស្គាល់ពីអាជ្ញាធរភូមិឃុំនៅឆ្នាំ២០០៤។ លោកបន្ត ក្រោយមកពេលខាងមន្ត្រីសុរិយោដីចុះមកវាស់វែងធ្វើប្លង់កម្មសិទ្ធិ(ប្លង់រឹង) ជាប្រព័ន្ធ នៅឆ្នាំ២០១៨។ កន្លងមកមានគេហៅគាត់ឲ្យទៅចរចារជាលុយឲ្យគេ ដើម្បីទទួលបានប្លង់កម្មសិទ្ធិស្របច្បាប់ ខណៈដែលលោកបានទិញគេម្ដងហើយ។ 

បើតាមលោកមេធាវី សាន សុផា តំណាងឲ្យប្រជាពលរដ្ឋរងគ្រោះ បានឲ្យភ្នាក់ងារបណ្ដាញសារព័ត៌មាន Phally News ដឹងដែរថា នៅឆ្នាំ២០០៤ ទីស្តីការគណៈរដ្ឋមន្ត្រីបានសម្រេចប្រគល់ដីជូនប្រជាពលរដ្ឋ ចំនួន ៥៨៩ គ្រួសារ ដោយមានបញ្ជីឈ្មោះប្រជាពលរដ្ឋត្រឹមត្រូវ ហើយតម្កល់នៅទីស្តីការគណៈរដ្ឋមន្ត្រី។ នៅឆ្នាំ២០០៥ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញដីសម្រេចប្រគល់ជូនប្រជាពលរដ្ឋ ៥៨៩ គ្រួសារ។ នៅឆ្នាំ២០០៦ តទៅ រដ្ឋបាលឃុំប៉ោយប៉ែត (បច្ចុប្បន្នសង្កាត់អូរជ្រៅ) បានចុះវាស់វែងដីជូនប្រជាពលរដ្ឋ ហើយចេញលិខិតកាន់កាប់ដីឱ្យប្រជាពលរដ្ឋ។ នៅឆ្នាំ២០១៨ រដ្ឋបាលខេត្តបន្ទាយមានជ័យ និងមន្ទីរសុរិយោដីខេត្ត បានចុះបញ្ជីដីជាប្រព័ន្ធឱ្យមកប្រជាពលរដ្ឋ ហើយបានចេញបង្កាន់ដៃចុះបញ្ជីប្លង់រឹងឱ្យទៅប្រជាពលរដ្ឋនៅក្នុងភូមិសាមគ្គីមានជ័យ។ នៅក្នុងឆ្នាំ២០០៣ និងឆ្នាំ២០០៤ មេភូមិ មេឃុំ អភិបាលស្រុក ប្រធានមន្ទីរសុរិយោដីខេត្ត និងអភិបាលខេត្តកណ្តាល បានចេញលិខិតបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន ៥៨៩ គ្រួសារ បានមករស់នៅ និងកាន់កាប់ដីតាំងពីឆ្នាំ១៩៩៥ តរៀងមក។

លោក ឈរ ស៊ុនលី បានបញ្ជាក់ប្រាប់ថា លោកប៉ូលីសផ្កាយបី យឹម សំណាង ទើបតែមកប្តឹងរក្សាការពារលើដីរបស់យើងខ្ញុំ ហើយនៅខែមករា ឆ្នាំ២០១៩ ប្តឹងទាមទារដីពីប្រជាពលរដ្ឋ ដោយសំអាងតែទៅលើប័ណ្ណសម្គាល់សិទិ្ធកាន់កាប់ឆ្នាំ១៩៩៨ ហើយប័ណ្ណសម្គាល់សិទិ្ធនេះ ជាប័ណ្ណសម្គាល់សិទិ្ធ ៣៤ ក្បាលដី ដែលត្រូវបានមោឃៈភាពអស់ហើយ។ បច្ចុប្បន្ន រឿងក្តីនេះមានរយៈពេលជិត ០៥ ឆ្នាំ ទទួលបន្ទុកដោយចៅក្រមឈ្មោះ អាំង ចិន្តា ប៉ុន្តែរឿងនេះត្រូវបានទុកចោល មិនដំណើការនីតិវិធីតាមច្បាប់នោះទេ។ លោកបន្តថា នៅខែវិច្ឆិកា ឆ្នាំ២០២២ លោក យឹម សំណាង លោកមេធាវី ឡុង បញ្ញាវុធ និងលោក វ៉ា ជឹមណារ៉េត បានសហការគ្នាបន្លំភស្តុតាង ក្លែងឯកសារ ដើម្បីប្តឹងរក្សាការពារបើកផ្លូវ ដោយកុហកតុលាការថា មានដីផ្លូវចាស់/ផ្លូវសាធារណៈនៅលើទីតាំងដីរបស់ខ្ញុំបាទឈ្មោះ ឈរ ស៊ុនលី។

លោក ឈរ ស៊ុនលី បានបន្តទៀតថា លោកប៉ូលីស ផ្កាយបី យឹម សំណាង លោកមេធាវី ឡុង បញ្ញាវុធ និងលោកចៅសង្កាត់ វ៉ា ជឹមណារ៉េត បានកៀងករប្រជាពលរដ្ឋដែលមិនមែនរស់នៅខាងក្រោយទីតាំងដី ឱ្យមកផ្តិតមេដៃ ស្នើសុំបើកផ្លូវលើទីតាំងដីឯកជន ហើយជាទីតាំងដីកំពុងមានវិវាទកម្មសិទិ្ធរវាងប្រជាពលរដ្ឋជាង៤០គ្រួសារ និងឈ្មោះ យឹម សំណាង។ ជាក់ស្តែងការបើកផ្លូវនេះ ដើម្បីផ្តល់ផលប្រយោជន៍ឱ្យថៅកែដីរបស់លោកមន្ត្រី តាំង សំរិទ្ធិ ដែលបច្ចុប្បន្នដីនេះ បានលក់ឱ្យថៅកែខុនដូ ដើម្បីសង់ខុនដូ។

លោកមេធាវី សាន សុផា បានបញ្ជាក់ថា លោក យឹម សំណាង មានប័ណ្ណសម្គាល់សិទិ្ធកាន់កាប់ដី ធ្វើឡើងក្នុងឆ្នាំ១៩៩៨។ ប្លង់ដីនេះ សរុបទៅមាន ៣៤ ប្លង់ ដែលក្នុងនោះ មានឈ្មោះ ៣៤ នាក់ ផ្សេងគ្នា ដោយប្លង់ដីតាមក្បាលដីនីមួយៗ ឯកឧត្តម ហុក ឡុងឌី ឯកឧត្តម គន់ គីម លោកជំទាវ ញ៉ែម សាខន លោកជំទាវ ញ៉ែម សឿន លោកប៉ូលីសផ្កាយបី យឹម សំណាង។ ផ្អែកតាមរបាយការណ៍របស់សម្តេច សុខ អាន គោរពជូនសម្តេចតេជោ គឺបានបញ្ជាក់ច្បាស់ហើយថា វិវាទដីត្រូវបានដោះស្រាយបញ្ចប់រួចរាល់ហើយ នៅអំឡុងឆ្នាំ២០០៣-២០០៤។ ដូច្នេះហើយបាន សម្តេច សុខ អាន បានគោរពរាយការណ៍ និងទទួលបានការសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ប្រគល់ដីជូនប្រជាពលរដ្ឋ ៥៨៩ គ្រួសារ (លិខិតចុះថ្ងៃទី០១ ខែមករា ឆ្នាំ២០០៤)។

គួរជម្រាបជូនថា ពាក់ព័ន្ធករណីវិវាទដីធ្លីខាងលើនេះ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ មានបងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារបាននាំគ្នាផ្ដិតមេដៃលើសេចក្ដីអំពាវនាវមួយច្បាប់ចំនួន២ទំព័រដើម្បីស្វែងរកយុត្តិធម៌ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ៕



No comments:

Post a Comment

Pages