ខេត្តតាកែវ÷ អ្នកភូមិរស់នៅតំបន់ក្បែរខាងទីតាំងផលិតបារី នៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ បានសម្ដែងការក្តីបារម្ភ ចំពោះបញ្ហាដែលពួកគាត់មិនអាចប្រកប របររកស៊ីបន្តិចបន្តួចបាន ពីព្រោះទីភ្នំដែលធ្លាប់រកអុសឬបន្លែបង្ការបន្តិចបន្តួច ដើម្បីលក់បានប្រាក់គ្រាន់ដោះ ស្រាយជីវភាពនោះ ពេលនេះមិនអាចដើរក្បែរបានទៀតទេ។ ពីព្រោះទីនេះក្លាយទៅជារោងចក្រផលិតបារី ដែលត្រូវបានយាមការពារយ៉ាងតឹងតែង និងម៉ត់ចត់ដោយមន្ត្រីយោធា។ពលរដ្ឋនិងអាជ្ញាធរនៅក្នុងមូលដ្ឋាន បានដឹងអំពីករណីទីតាំងផលិតបារី១កន្លែងនេះ។ អ្នកភូមិនិយាយថា មុនដំបូងគេបានរើសកម្មករ នៅក្នុងចំណោម ប្រជាពលរដ្ឋជិត ខាងរោងចក្រផលិតបារី នេះដែរ។
ប៉ុន្តែអ្វីដែលជាលក្ខខណ្ឌតឹងតែងមួយ មិនអាចឱ្យបងប្អូនធ្វើការងារនៅទីនោះបាន គឺមិនអនុញ្ញាតឲ្យចេញក្រៅជាដាច់ខាត។ ធ្វើជាកម្មករនៅក្នុងរោងចក្រផលិតបារីនៅទីនេះ គឺទទួលបានប្រាក់ខែ២៨០ដល្លារក្នុង១ខែជាមួយនឹងអាហារបាយទឹកនៅក្នុងនោះតែម្ដង (ពោល) គឺមិនអនុញ្ញាតឲ្យចេញក្រៅជា ដាច់ខាត។ ដូច្នេះហើយកូនចៅពលរដ្ឋ អ្នកភូមិជិតខាងមិនបានធ្វើការងារនៅក្នុងរោងចក្រផលិតបារីនេះទេ។ ស្ត្រីវ័យចំណាស់ម្នាក់និយាយថា "កូនខ្ញុំវាវិលទៅធ្វើការនៅភ្នំពេញវិញហើយ, នៅទីនេះគេឲ្យ២៨០(ដុល្លារ) តែការសំខាន់នោះគឺមិនឲ្យចេញក្រៅទេ,ឮថា កន្លះខែបានឲ្យចេញម្ដង"។ប្រភពរាយការណ៍ថា ទីតាំងផលិតបារី មិនច្បាស់ម៉ាកសញ្ញា ស្ថិតនៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញួង ស្រុកត្រាំកក់ ខេត្តតាកែវ ។
លោកមេភូមិឱ្យដឹងថា ពលរដ្ឋក្នុងភូមិរបស់គាត់បានធ្វើការនៅក្នុងទីតាំងផលិតបារីខាង លើចំនួន៤នាក់ ដោយនៅធ្វើការនៅក្នុងរោងចក្រនោះជា ប្រចាំ,គេមិនឲ្យចេញទេ។ ប៉ុន្តែឥឡូវចេញអស់ហើយ។ លោកមេភូមិបានឲ្យដឹងថា ទីតាំងខាងលើនៅផ្ទៃដីទំហំប្រហែល៧ហិតា។ លោកបន្តថា ទីតាំងផលិតបារីនេះដំណើរការបានរយៈពេលជិត១ ខែមកហើយ។ លោកមេភូមិបញ្ជាក់ថា មន្ទីរជំនាញបានចុះទៅពិនិត្យ មើលទីតាំងផលិតបារីនោះដែរ ប៉ុន្តែថៅកែជនជាតិចិន មិនអនុញ្ញាតឲ្យដើរត្រួតពិនិត្យស្រេចតែនឹងចិត្តនោះទេ។មេប៉ុស្តិ៍ត្រពាំងក្រញូងប្រាប់ថា បានសុំការអនុញ្ញាត ដើម្បីចុះទៅមើលទីតាំងផលិតបារីនោះដែរ ប៉ុន្តែថៅកែមិនអនុញ្ញាត។ លោកច្បាស់ណាស់ថា វាជាទីកន្លែងផលិតបារីពីព្រោះពលរដ្ឋ ក្នុងមូលដ្ឋានជាអ្នកចូលទៅធ្វើការស៊ីប្រាក់ខែគេនៅទីនោះ។
លោកមេប៉ុស្តិ៍បានអះ អាងស្រដៀងនឹងប្រធានភូមិដែរនោះគឺថា អាជ្ញាធរជំនាញថ្នាក់ខេត្ត បានសុំការអនុញ្ញាតដើម្បីចូលត្រួត ពិនិត្យមើលការផលិតបារីនោះ ប៉ុន្តែថៅកែឱ្យចូលប៉ុន្តែនៅអង្គុយមួយកន្លែង មិនអនុញ្ញាតឲ្យដើរមើលគ្រប់ច្រកល្ហកនៅឡើយ។ លោកមេឃុំបន្តថា មន្ត្រីនៃមន្ទីរឧស្សាហកម្មនិងសិប្បកម្ម បានចូលទៅក្នុងរោងចក្រផលិតបារីនោះ ប៉ុន្តែមិនអាចដើរមើលសព្វកន្លុកកន្លៀតបានឡើយ។មន្ត្រីយោធាដែលចាំលើកច្រវ៉ាក់ដាក់ចុះ,ឡើងនៅច្រក ចេញ,ចូលរោងចក្រផលិតបារីរបស់ថៅកែជនជាតិចិននេះមានការយាមការម៉ត់ចត់ណាស់។ ក្រុមមន្ត្រីយោធាបី,បួននាក់បានចេញមកសួរនាំអ្នកកាសែតដោយបានប្រាប់ថា គឺជាទីតាំងរោងចក្រស្លរដែក។ ក្រៅពីនោះលោកមិនមានសិទ្ធិនិយាយអ្វីទាំងអស់។
ពលរដ្ឋរស់នៅភូមិបុស្សតាផង់ អ្នកធ្លាប់ធ្វើការក្នុងទីតាំងផលិតបារីនោះ ប្រាប់អ្នកកាសែតថា គាត់ធ្វើការមិនបាន ១អាទិត្យដោយទ្រាំ នឹងក្លិនបារីនិងកាវបិទនោះមិន បានទើបសុំគេត្រឡប់មកផ្ទះ។ គាត់ថា គាត់ជាអ្នកចាំរើសបារីណាដែលមិនស្អាតយកចេញ។រីឯអ្នកខ្លះទៀត គឺទ្រាំនឹង ការដែលមិនអនុញ្ញាតឲ្យសម្រាក ឬមិនឲ្យចេញមកផ្ទះ នៅពេលសម្រាក។ ដូច្នេះមិនមានកូនចៅ អ្នកភូមិក្បែរខាងរោងចក្របារីនេះចូលទៅធ្វើការទៀតទេ។អ្នកលក់ដូររបស់របរកំប៉ិកកំប៉ុកនៅច្រកចូល ទៅតំបន់ខាងលើអះអាងថា ពួកជនជាតិចិនទំនងជាអ្នកធ្វើការនៅក្នុងរោងចក្រ ឬថៅកែរោងចក្រផលិតបារី ខាងលើបើករថយន្តលឿនៗដូចព្យុះ ងាយនឹងបង្កគ្រោះថ្នាក់ដល់កូនចៅប្រជាពលរដ្ឋដែលនៅជិតនោះ។ ស្ត្រីចំណាស់ម្នាក់បន្ថែមថា ថ្ងៃមុនពួកគេនោះ(ចិនបើកឡាន)បើក ឡានបង្កឲ្យកូនអ្នកភូមិរបួសពេញមុខមាត់,ពួកគេមិន ទាំងចុះមើលផង។
លោកនាយប៉ុស្តិ៍ត្រពាំងក្រញូងបានឲ្យដឹងថា សូម្បីតែលោកចៅហ្វាយស្រុកត្រាំកក់ ក៏ថៅកែមិនឲ្យចូលដែរ,គេឲ្យចូលដែរ,តែគេមិនឲ្យដើរ,គេឲ្យអង្គុយនៅនឹងកន្លែង។ លោកជំទប់ទីមួយបានឱ្យដឹងដែរថា សូម្បីតែលោកមេឃុំ និងចៅហ្វាយស្រុកលោក កៅ វគ្គសែល ក៏គេមិនឲ្យចូលដែរ បានចូលតែមន្ត្រីមន្ទីរឧស្សាហកម្មតែប៉ុណ្ណោះ។ មន្ត្រីមន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្តតាកែវ ប្រាប់ថាទីតាំងនោះ មុនដំបូងជាកន្លែងផលិតនិងស្លរអាលុយមីញ៉ូម។លោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់ បានបដិសេធថាវាមិនមែនជាទីតាំងផលិតបារីទេ។ លោកថ្លែងថា"មិន មែនកន្លែងផលិតបារីទេ"។ លោកអភិបាលខេត្តតាកែវ បានបញ្ជាឲ្យលោក ចុះទៅពិនិត្យមើលជាមួយនឹងមន្ទីរជំនាញឃើញថា ទីតាំងខាងលើគ្រាន់តែរៀបចំផ្ទេរោងចក្រមកពីទីកន្លែងផ្សេងនោះ។
នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ អភិបាលខេត្តតាកែវ
លោក អ៊ូច ភា បានឆ្លើយតបជាមួយក្រុមអ្នកកាសែតថា តាមមន្ទីរជំនាញដែលលោកបានសួរនាំគេប្រាប់ថា ជាទីតាំងស្លរអាលុយមីញ៉ូម,។ ប៉ុន្តែនៅពេលទទួលបានព័ត៌មានពីបងប្អូនអ្នកកាសែតបែបនេះលោកនឹងបញ្ជូនអភិបាលរងខេត្តមួយរូបដើម្បីចុះទៅពិនិត្យដើម្បីមានវិធានការណ៌។
No comments:
Post a Comment