បឹងបារាជ និងបឹងស្វាយជ្រុំស្ថិតនៅក្នុងក្រុងអរិយក្សត្រកំពុងត្រូវបានគេបូមខ្សាច់លុបជារៀងរាល់ថ្ងៃ រីឯអាជ្ញាធរមូលដ្ឋានសង្កាត់-ក្រុង ហាក់ដូចជាជួយបិទបាំងចំពោះទង្វើបំពានច្បាប់ប្រទេសនេះទៅវិញ។ យ៉ាងណាក៏ដោយគេមិនដឹងថា តើជនណាជាអ្នកមានឥទ្ធិពល និងមាន អំណាចក្នុងការបូមខ្សាច់លុបបឹងធម្មជាតិដ៏ធំល្វឹងល្វើយនេះឡើយ។ រហូតមកដល់ពេលនេះអាជ្ញាធររដ្ឋបាលក្រុងអរិយក្សត្រ មិនទាន់ឆ្លើយតបបំភ្លឺចំពោះចម្ងល់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួននៅឡើយទេ។
ប្រជាពលរដ្ឋរស់នៅសង្កាត់ស្វាយជ្រុំបានឲ្យដឹងថា បឹងបារាជគឺជាបឹងធម្មជាតិ ដែលប្រជាពលរដ្ឋនៅជុំវិញនោះអាស្រ័យផលតាមរយៈការធ្វើស្រែចម្ការ និងការនេសាទត្រីជាដើម។ ដោយសារតែដីឡើងថ្លៃុ ពួកអ្នកមានលុយឃុបឃិតជាមួយអាជ្ញាធរក្នុងការចាក់ដីលុបបឹងធម្មជាតិមួយនេះ។ ប្រជាពលរដ្ឋនៅក្នុងសហគមន៍ នៃសង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រមិនត្រូវបានគេឲ្យដឹងថា តើ
នរណាជាអ្នកមានអំណាចឲ្យឈ្មួញចាក់ខ្សាច់លុបបឹងធម្មជាតិនេះឡើយ។ ដូច្នេះប្រជាពលរដ្ឋបានត្រឹមតែដើរសួរគ្នាឯង អំពីឥទ្ធិពលនិងអំណាចលុយដែលពួកឈ្មួញជះលើមន្ត្រីដើម្បីបានសិទ្ធិក្នុងការលុបបឹងនេះ។
ប្រជាពលរដ្ឋនិយាយថា ការដែលអាជ្ញាធរមិនប្រាប់អំពីការអភិវឌ្ឍន៍ ឬការបូមខ្សាច់លុបបឹងធម្មជាតិនេះគឺជាការរំលោភបំពានសិទ្ធិយ៉ាងធ្ងន់ធ្ងរ មកលើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ អ្នកភូមិមួយចំនួនមានជីវភាពរស់នៅពឹងផ្អែកទៅលើបឹងបារាជនិងបឹងស្វាយជ្រុំ តាមរយៈការនេសាទ ក៏ដូចជាធ្វើស្រែចម្ការច្បារដំណាំ ដែលពឹងទៅ លើទឹកបូមពីបឹងដើម្បីស្រោចស្រពដំណាំ។ អំណឹះតទៅគ្មានបឹងទៀតទេ ហើយក៏គ្មានកន្លែងនេសាទ ក៏ដូចជាគ្មានទឹកសម្រាប់បូមស្រោចស្រណដំណាំទៀតនោះដែរ។ អ្វីដែលប្រជាពលរដ្ឋចង់ដឹងថា តើនរណាជាអ្នកមានអំណាចក្នុងការលក់បឹងទៅឲ្យឈ្មួញ?
យ៉ាងណាក៏ដោយប្រជាពលរដ្ឋរំពឹងថា ស្ថាប័នជាតិធំៗរួមទាំងរដ្ឋបាលខេត្តកណ្ដាល នឹងចុះស្រាវជ្រាវ ស្រាយចម្ងល់ប្រជាពលរដ្ឋអំពីករណីលុបបឹងធម្មជាតិក្នុងក្រុងអរិក្សត្រនេះផង។ ភាពស្ងៀមស្ងាត់របស់រដ្ឋបាលខេត្តកណ្ដាលក៏ដូចជាក្រសួងធនធានទឹកធ្វើឲ្យប្រជាពលរដ្ឋមានមន្ទិល។ រីឯរដ្ឋបាលក្រុងអរិយក្សត្រ ត្រូវបានប្រជា ពលរដ្ឋសង្ស័យថា មានជាប់ជំពាក់ក្នុងការឃុបឃិតឲ្យឈ្មួញបូមខ្សាច់លុបបឹងធម្មជាតិមួយនេះ នៅក្នុងផល ប្រយោជន៍ណាមួយជាមិនខាន។
លោកចាន់ តារា អភិបាលក្រុងអរិយក្សត្របានប្រាប់អ្នក កាសែតថា ដីនេះប្លង់រឹងតាំពីជំនាន់មេខេត្ត(លោកគង់សោភ័ណ្ឌ)នៅជាអភិបាលស្រុក ហើយករណីនេះ ហើយ ក៏មានការដោះស្រាយវិនិយោគជាផ្លូវបេតុង និងការបំពេញនីតិវិធីធ្វើប្លង់រឹងជូនបងប្អូនប្រជាពលរដ្ឋ ដែលនៅបណ្តោយផ្លូវ និងដីខ្ពបនេះ។ លោកអភិបាលក្រុងបន្តថា ហើយក៏មានការសាកសួរនាំពីអង្គភាពប្រឆាំងអំពើពុករលួយតាំងពីឆ្នាំ២០១៥ ឬ២០១៦នោះដែរ៕
No comments:
Post a Comment