ខេត្តកណ្ដាល÷ ក្រសួងសាធារណការនិងដឹកជញ្ជូន កាលថ្ងៃទី០៣ខែ កក្កដា ឆ្នាំ២០២៤ បានស្នើឲ្យអាជ្ញាធរខេត្តកណ្ដាលអន្តរាគមន៍ករណីប្រជាពលរដ្ឋ ១គ្រួសារមិនព្រមរុះរើតាមកិច្ចសន្យាដែលទទួលសំណងពីផលប៉ះពាល់លើផ្លូវជាតិលេខ៤១។ បើតាមក្រសួងសាធារណការនិងដឹក ជញ្ជូន ករណីប្រជាពលរដ្ឋ ដែលទទួលបានសំណងពីផលប៉ះពាល់ ហើយ មិនព្រមរុះរើតាមកិច្ចសន្យា លើផ្លូវជាតិលេខ៤១ត្រង់ចំណុច គម០+០០០។
ក្រសួងសាធារណៈការបានឲ្យដឹងថា ក្រសួងបានប្រគល់ប្រាក់សំណងរួចរាល់តាមរយៈ ប័ណ្ណប្រគល់-ទទួលប្រាក់សំណងលេខ ០០០០៣៤ ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ - កិច្ចសន្យាស្តីពីការផ្តល់ប្រាក់សំណងលេខ I/001R-TTT ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។ ប៉ុន្តែនៅពេលទទួលបានប្រាក់រួចហើយ ម្ចាស់ទីតាំងមិនបានរុះរើលំនៅឋានរបស់ខ្លួនតាមការសន្យានោះទេ។
នៅក្នុងលិខិតរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនផ្ញើជូនរដ្ឋបាលខេត្តកណ្ដាលបានឲ្យដឹងថា បច្ចុប្បន្នក្រុម ហ៊ុនសាងសង់ CRBC បាន និងកំពុងអនុវត្តការងារស្តារ និង លើកកម្រិតផ្លូវជាតិលេខ៤១ តាមកាលវិភាគការងារ ដែលបានគ្រោងទុក។ ដោយឡែកនៅត្រង់ទីតាំង គម០ +០០០ មានករណីផ្ទះប្រជាពលរដ្ឋ១គ្រួសារ ស្ថិតនៅអាសយដ្ឋានភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលមានមេគ្រួសារឈ្មោះ គួយ ចាន់ធារ៉ា បានទទួលប្រាក់សំណងសម្រាប់ ដី និងការរុះរើផ្ទះជាន់ផ្ទាល់ដីទំហំ ៤៣,២៤ម២ ផ្ទះជាន់ទី១ ទំហំ ៣៤,៥០ម២ និងប៉ាណូទំហំ ២៧,៦០ម២ រួចរាល់តាមកិច្ចសន្យា ប៉ុន្តែមកទល់នឹងពេលនេះ ឈ្មោះ គួយ ចាន់ធារ៉ា មិនព្រមបំពេញកតព្វកិច្ចរុះរើតាម កិច្ចសន្យានោះទេ។ បើទោះជាមានការសម្របសម្រួលពីអជ្ញាធរស្រុកអង្គស្នួលក៏ដោយ ដែលបង្កជាឧបសគ្គ រាំងស្ទះដល់ការ អនុវត្តគម្រោងស្តារ និងលើកកម្រិតផ្លូវជាតិលេខ៤១។
ប៉ុន្តែបើតាមម្ចាស់ដីជាមេគ្រួសារ ឈ្មោះ គួយ ចាន់ធារ៉ា បានអះអាងថា យោងតាមការព្រមព្រៀងលិខិតស្នាមនោះ ការវាស់ វែងបញ្ជាក់ថា គ្រួសារលោកនៅសល់ដីសម្រាប់សង់លំនៅដ្ឋានតទៅអនាគត។ ប៉ុន្តែនៅពេលមើលទិដ្ឋភាពជាក់ស្ដែងពេលនេះគឺខាងក្រុមហ៊ុនសាង សង់បានចេញទាំងស្រុងពីលើដីរបស់ខ្លួន។ លោកថា វាខុសទៅនឹងអ្វីដែលជាការព្រម ព្រៀងផង ពីព្រោះការព្រមព្រៀងទទួល យកសំណងគឺត្រឹមផ្ទៃដីមួយផ្នែក ដែលលោកសង្ឃឹមថា នឹងនៅសល់ដីខាង ក្រោយសម្រាប់សង់លំនៅដ្ឋាន។
លោក គួយ ចាន់ធារ៉ា បានថ្លែងបន្ថែមថា ដីដែលលោកបានព្រមព្រៀង ដើម្បីឲ្យមានការអភិវឌ្ឍន៍ផ្លូវនោះ សូម្បីតែប្លង់ក៏នៅឯធនាគារដែរ សព្វថ្ងៃនេះ។ លោកថា ប្លង់ដីរបស់លោកបញ្ចាំធនាគារទទួលបានប្រាក់២០ម៉ឺនដុល្លារ ដើម្បីយកមករកស៊ី។ នៅពេលនេះតើមានអ្វីជាដំណោះ ស្រាយប្រសិនបើអាជ្ញាធរមានសមត្ថកិច្ចនៅតែបង្ខិតបង្ខំឲ្យលោកចាកចេញ ទាំងមិនមានដំណោះស្រាយសម ស្រប។ លោកមានប្រសាសន៍ថា លោកមិនប្រឆាំងចំពោះការអភិវឌ្ឍន៍នោះទេ ប៉ុន្តែត្រូវមានដំណោះស្រាយសមស្របផង៕
No comments:
Post a Comment