នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ អ្នកនាំពាក្យរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានចេញនូវលិខិតបដិសេធមួយច្បាប់ដែលបានសរសេរថា៖ “ដោយបានសង្កេតឃើញថាមួយរយៈចុងក្រោយនេះ មានបុគ្គលិកនិងស្ថាប័ន មួយចំនួន ដែលបានតាំងខ្លួនជាអ្នកការពារសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ហើយបានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ពាក់ព័ន្ធវិធានការផ្លូវច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា លើក្រុមជ្រុលនិយម ដែលកំពុងអនុវត្តឧបាយកលដ៏ឧក្រិដ្ឋតាមរយៈការឃោសនា បង្កាច់បង្ខូច ភូតកុហកជុំវិញកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ហើយញុះញង់ឱ្យធ្វើសកម្មភាពមហាជនសំដៅបង្កើតឱ្យមានអស្ថិរភាពក្នុងសង្គម តាមរយៈបាតុកម្មផ្សេងៗ។ ពួកឧក្រិដ្ឋជនទាំងនោះ បានថែមទាំងជំរុញជាចំហឱ្យឈានទៅផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់យើងទៀតផង”។
នៅក្នុងលិខិតបដិសេធនេះក៏បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ដោយ “ប្រកាសថ្កោលទោស និងប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់ និងសកម្មភាពញុះញង់ ប្រឌិតព័ត៌មានភូតកុហក បោកប្រាស់គ្រប់រូបភាពដល់មតិសាធារណៈ ដើម្បីប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងសូមស្នើដល់អាជ្ញាធរមានសមត្ថកិច្ច បន្តចាត់វិធានការឱ្យបានតឹងរឹងបំផុតតាមផ្លូវច្បាប់ ដើម្បីថែរក្សា ការពារសុខសន្តិភាព ជាពិសេស បង្កលក្ខណៈងាយស្រួលដល់រាជរដ្ឋាភិបាល ក្នុងការបន្តបេកកម្មដ៏ឧត្ដុង្គឧត្តមក្នុងការបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិ”៕
No comments:
Post a Comment