ចរចាមិនត្រូវថ្លៃគ្នា ទើបមេព្រៃសង្កាត់សំរោងទង បង្ក្រាបរថយន្តកែច្នៃ០១គ្រឿងដឹកឈើជាង៦ម៉ែត្រគូបអត់ច្បាប់របស់មេឈ្មួញឈ្មោះហ្វីលីព - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

ចរចាមិនត្រូវថ្លៃគ្នា ទើបមេព្រៃសង្កាត់សំរោងទង បង្ក្រាបរថយន្តកែច្នៃ០១គ្រឿងដឹកឈើជាង៦ម៉ែត្រគូបអត់ច្បាប់របស់មេឈ្មួញឈ្មោះហ្វីលីព


ខេត្តកំពង់ស្ពឺ÷ រថយន្តកែច្នៃ១គ្រឿងដែលគេស្គាល់ជារបស់មេឈ្មួញល្បីឈ្មោះហ្វីលីពប្រចាំតំបន់ស្រុកភ្នំស្រួច និងស្រុកឱរ៉ាល់ ត្រូវបានកម្លាំងជំនាញរដ្ឋបាលព្រៃឈើសង្កាត់សំរោងទង បង្ក្រាបបាន ខណៈដែលមេឈ្មួញល្បីឈ្មោះរូបនេះ បានឱ្យកូនចៅដឹកឈើអារជ្រុង(ឈើឃ្លុំ) ប្រមាណជាង៦ម៉ែត្រគូបនិងម៉ូតូ១គ្រឿង នៅលើកំណាត់ផ្លូវជាតិលេខ៤៤ ស្ថិតក្នុងភូមិផ្គង់ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០២៤។ 

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងក្រុមមន្ត្រីរដ្ឋបាលព្រៃឈើសង្កាត់សំរោងទងបង្ក្រាបរថយន្តដឹកឈើបាននិយាយឲ្យដឹងថា រថយន្ត១ គ្រឿងដែលត្រូវបានមេព្រៃសង្កាត់រដ្ឋបាលព្រៃឈើសំរោងទងបង្ក្រាបនោះម៉ាកTOPIC ពណ៌ឈាមជ្រូក ពាក់ផ្លាកលេខភ្នំពេញ 2K.0021ជាប្រភេទរថយន្តកែច្នៃដឹកឈើដោយម្ចាស់ឈ្មោះហ្វីលីព ជាមេឈ្មួញល្បីឈ្មោះម្នាក់ប្រចាំតំបន់ស្រុកភ្នំស្រួច និងស្រុកឱរ៉ាល់ ។

ប្រភពព៌មានពីសមត្ថកិច្ចបានបង្ហើបឱ្យដឹងថា រថយន្តកែច្នៃរបស់មេឈ្មួញឈ្មោះ ហ្វីលីព នេះប្រមូលទិញឈើឃ្លុំជ្រុងៗ ដែលមានមុខកាត់៤០ទៅ៥០ជុំ ដែលក្រុមអ្នកកាប់ឈើចេញពីតំបន់ឆាយរាប ក្នុងខេត្តកោះកុង ព្រំ ប្រទល់ជាមួយភូមិរមាំងសរ ឃុំតាសាល ស្រុកឱរ៉ាល់។ការប្រមូលទិញឈើរបស់ថៅកែ ឈ្មោះ ហ្វីលីព នេះជាយូរឆ្នាំណាស់មកហើយ ដោយប្រើគ្រប់រូបភាពក្នុងការដឹកជញ្ជូនបទល្មើសព្រៃឈើនេះ។ មានទាំងគោយន្តកន្ត្រៃដឹកចេញពីក្នុងព្រៃ ហើយមកដល់ស្ទឹងធំ ទើបថៅកែហ្វីលីព ប្រើរថយន្តស្ទូចដាក់លើរថយន្តកែច្នៃមិនក្រោម៤គ្រឿងនោះឡើយ។

ប្រភពព័ត៌មានបានបន្តថា ថៅកែហ្វីលីព ពេលដែលដឹកជញ្ជូនបទល្មើសព្រៃឈើ តែងតែមានកូនចៅជិះ រថយន្តខ្វាត់ខ្វែងដើម្បីមើលផ្លូវ ហើយចំពោះសមត្ថកិច្ចតាមដងផ្លូវវិញ គឺថៅកែហ្វីលីព បានសម្រួលដោះស្រាយរួចរាល់អស់ហើយ សមត្ថកិច្ចខ្លះគិតជើងនិងសមត្ថកិច្ចខ្លះគិតជាខែក៏មានដែរ។ ទង្វើររបស់ថៅកែហ្វីលីព បំផ្លិចបំផ្លាញបែបនេះហើយ ទើបព្រៃឈើនៅក្នុងស្រុកឱរ៉ាល់ទាំងមូលរងនូវការវិនាសរហូតដល់សព្វថ្ងៃនេះ។ ថៅកែប្រព្រឹត្តនិងរកស៊ីបទល្មើសព្រៃឈើនៅក្នុងស្រុកឱរ៉ាល់នេះមិនមែនមានតែឈ្មោះហ្វីលីពម្នាក់នេះទេ គឺមាន ឈ្មោះ ផល និង ឈ្មោះ ដន ដែលទាំងពីរនាក់នេះ ក៏ជាមេឈ្មួញល្បីឈ្មោះ រកស៊ីដឹកឈើតាមរថយន្តធុនធំៗ ប្រភេទយីឌុប ឬហៅថារថយន្តវ៉េអង(V1)។ 

បទល្មើសកើនឡើងបែបនេះ ពលរដ្ឋសូមអស់លោក មន្ត្រីបរិស្ថាននៅតាមស្នាក់ការនិមួយៗគួរតែមានវិធាន ការទប់ស្កាត់ផង។ មួយវិញទៀតសមត្ថកិច្ចនៅតាមដងផ្លូវ ចាប់ពីតំបន់ភូមិរមាំងស ឃុំតាសាល ផ្សារជាំ រហូតដល់សង្កាត់រដ្ឋបាលព្រៃឈើសំរោងទងបង្ក្រាបនេះ មានសមត្ថកិច្ចតាមដងផ្លូវមិនក្រោម១០កន្លែងនោះទេ។ មានស្នាក់រងរបស់មន្ត្រីបរិស្ថានខាងត្បូងជួរភ្នំក្រវ៉ាញ, ស្នាក់ការនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ស្នាក់ការកងរាជអាវុធហត្ថលើផ្ទៃប្រទេស,ស្នាក់ការនគរបាលសេដ្ឋកិច្ចខេត្តកំពង់ស្ពឺ,ស្នាក់ការមន្ត្រីយោធាភូមិភាគទី៣ និងស្នាក់ការសមត្ថកិច្ចជាច្រើនស្ថាប័ន និងច្រើនអង្គភាពទៀតផង។

ប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺសំណូមពរលោកប្រធាន មន្ទីរបរិស្ថានសូមជួយទប់ស្កាត់បទល្មើសព្រៃឈើផងនិងអនុប្រធានមន្ទីរកសិកម្មខេត្ត ដែលជាប្រធានមន្ទីរស្តីទី មេត្តាពិនិត្យ និងជួយទប់ស្កាត់ផង។ ជាពិសេសសំណូមពរលោកជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺមេត្តាចាត់ឱ្យមន្ត្រីជំនាញស៊ើបអង្កេតការប្រព្រឹត្តបទល្មើសព្រៃឈើពីសំណាក់មេឈ្មួញឈ្មោះ ហ្វីលីពឈ្មោះផល និងឈ្មោះ ដន ផង។ បើបណ្តែតបណ្តោយតទៅទៀតច្បាស់ជាព្រៃឈើដែលនៅសេសសល់បន្តិច បន្តួចនេះរលាយហិនហោចជាក់ជាមិនខានឡើយ។

ក្រោយការបង្ក្រាបរថយន្ត០១គ្រឿងកែច្នៃដឹកឈើមាន ចំនួន១០ដុំជំនាញរដ្ឋបាលព្រៃឈើសង្កាត់សំរោងធ្វើការវាស់វែង ស្មើនឹង៦,៧៣៧ម៉ែត្រគូបឈើអារជ្រុង ប្រភេទលេខ១ និងលេខ២ និងប្រភេទក្រៅលំដាប់ថ្នាក់។ ជំនាញបានពិនិត្យជាក់ស្តែងឃើញថា ឈើនេះបានដឹកចេញពីខេត្តផ្សេង(កោះកុង)ឆ្លងកាត់តាមភូមិសាស្ត្រខេត្តកំពង់ស្ពឺ ជាប្រភេទឈើស្ថិតក្រៅលំដាប់ថ្នាក់ ដូចចំនួនខាងលើ ជាអំពើល្មើសច្បាប់ស្តីពីព្រៃឈើ បន្ទាប់មកបាននាំយកមក រក្សាទុកជាបណ្តោះអាសន្ននៅស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីស្តីពីច្បាប់រដ្ឋបាលព្រៃឈើ៕


No comments:

Post a Comment

Pages