ខេត្តពោធិ៍សាត់÷ អំពើហិង្សាមួយរវាងជនជាតិចិនមួយហ្វូងទៅលើជនជាតិចិនម្នាក់កាលពីថ្ងៃទី០២ ខែ វិច្ឆិកា ឆ្នាំ ២០២៤ វេលាចន្លោះម៉ោង១ នៅការដ្ឋានបូមខ្សាច់មួយកន្លែង ស្ថិតនៅក្នុងភូមិព្រែកបីឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មើលទៅហាក់ដូចជាស្រុក
ទេសគ្មានច្បាប់ទម្លាប់។ យ៉ាងណាក៏ដោយភាគីជនរង គ្រោះរំពឹងទៅលើស្ថាប័នតុលាការខេត្តពោធិ៍សាត់ថា នឹងផ្ដល់យុត្តិធម៌ជូនខ្លួនគាត់ ជាពិសេសបញ្ហាដែលបាត់បង់លុយកាក់។
ក្នុងហេតុការណ៍នោះ បណ្ដាលឱ្យបុរសជនជាតិចិនម្នាក់ ឈ្មោះ ឈឹន ឆីនកាំង ( 陈庆钢 ) ភាគីជនរងគ្រោះដែលជាអាជីវករ បានរងរបួស មានស្នាមជាំពេញខ្លួន ហើយត្រូវបាននាំទៅ ពិនិត្យសុខភាព នៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ រីឯខាងក្រុមជនជាតិចិនដែលបានមកបង្កហេតុដល់កន្លែងការដ្ឋានម្នាក់រងរបួសត្រង់ភ្នែកក៏ត្រូវបាននាំយកទៅព្យាបាលនៅឯមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ផងដែរ។ ចំណែកជនពាក់ពន្ធ័ទំនាស់ទាំងសងខាង ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញដើម្បីចាត់ការតាមនីតិវិធីផងដែរ។
យោងតាមប្រភពពីកម្មករ ដែលបម្រើការងារនៅការដ្ឋានកើតហេតុខាងលើ ឱ្យដឹងថា មុនមានករណីហិង្សានេះកើតឡើង គេឃើញមានជនជាតិចិន១ក្រុមផ្សេងទៀតបាននាំគ្នីគ្នាជាង១០នាក់ មានទាំងជនជាតិចិននិងខ្មែរមកកាន់កន្លែងកើតហេតុ នៅក្នុងចន្លោះម៉ោង១រសៀលទៅជួបជនជាតិចិនដែលជាភាគីរងគ្រោះឈ្មោះ ឈឹន ឆីនកាំង ។ លុះមួយសន្ទុះក្រោយមក ក៏ឃើញជនជាតិចិន១ក្រុមនោះ នាំគ្នាព្រួតវាយមកលើលោក ឈឹន ឆីនកាំង ។ ក្រោយមកខាងបុគ្គលិកកម្មករ របស់លោកឈឹន ឆីនកាំង ក៏បានរត់ទៅជួយរំដោះ ជន រងគ្រោះ ឈឹម ឆីនកាំង ចេញពីកណ្ដាប់ដៃក្រុមបក្សពួកជនជាតិចិនបង្កហេតុ។ នៅពេលនោះគេឃើញមានការ ប្រតាយប្រតប់ និងវាយតប់ ទៅវិញទៅមក ដោយហិង្សារវាងភាគីទាំងសងខាង។
យោងតាមសម្ដីលោកឈឹន ឆីនកាំង ដែលជនរងគ្រោះក្នុងហេតុការណ៍នោះប្រាប់អ្នកកាសែតឲ្យដឹងថា នៅវេលាម៉ោងកើតហេត្តខាងលើ រូបលោកកំពុងតែសម្រាកក្នុងបន្ទប់កុងតឺន័រ ក្នុងការដ្ឋាន ស្រាប់តែមានជនជាតិចិន៤នាក់ មករុញទ្វារបន្ទប់របស់គាត់ ហើយគាត់ក៏បានរុញពួកនោះចេញវិញ។ បន្ទាប់មកខាងជនបង្កក៏បានប្រើ ហិង្សាមកលើរូបគាត់ យ៉ាងសាហាវព្រៃផ្សៃ ស្ថិតនៅក្នុង ហេតុការណ៍នោះ ក៏មានគ្នីគ្នាជនបង្ក បានទៅធាក់ទ្វារបន្ទប់កុងតឺន័រដែលគាត់ស្នាក់នៅ និងបានប្រមូលប្រាក់របស់គាត់ ចំនួន៤៩៨០០ដុល្លារ យកទៅបាត់ ។
លោកឈិន ឆីនកាំង បានសម្ដែងអារម្មណ៍ភ័យខ្លាចនិងព្រួយបារម្ភពីសុវត្ថិភាព។ ជនរងគ្រោះនិយាយថា គាត់ខំមកពីប្រទេសចិនដល់ប្រទេសកម្ពុជា គឺដើម្បីរកស៊ីចិញ្ចឹមជីវិត និងដើម្បីរកប្រាក់ចំណូល ចិញ្ចឹមគ្រួសារ ហើយខ្លួនគាត់ ក៏មានជំងឺបេះដូងប្រចាំកាយដែរ។ អ្វីដែលគួរ ឲ្យកត់សម្គាល់នោះគឺប្រាក់ដែលបាត់បង់ទៅនោះ ជាប្រាក់ដែលគាត់បម្រុងសម្រាប់ផ្ញើទៅក្រុមគ្រួសារនៅប្រទេសចិន និងទុក្ខសម្រាប់ព្យាបាលជំងឺរបស់គាត់ តែពេលនេះប្រាក់ទាំងនោះត្រូវបាត់បង់អស់ហើយ។ គាត់ពិតជាមិនដឹងត្រូវគិតយ៉ាងណានោះទេ។ ជនរងគ្រោះសំណូមពរលោកអធិការស្រុកភ្នំក្រវាញ, លោកស្នងការនគរបាលខេត្តពោធិ៍សាត់ និងប្រធានសាលាដំបូងខេត្ត ពោធិ៍សាត់ សូមជួយស្វែងរកប្រាក់ដែលបាត់បង់ចំនួន ៤៩៨០០ដុល្លារនិងរកយុត្តិធម៌ជូនដល់រូបលោកផង។
លោកតាន់ គារិទ្ធ អធិការនគរបាលស្រុកភ្នំក្រវាញ បានប្រាប់អ្នកកាសែតឲ្យដឹងថា ករណីនេះគឺស្ថិតនៅលើដៃរបស់សាលាដំបូងជាអ្នកចាត់ការរួចហើយ។ អ្វីៗស្ថិតនៅលើច្បាប់ជាអ្នករៀបចំបន្តនីតិវិធី ក្នុងពេលដែលក្រុម ការងាររបស់លោកបានកសាងសំណុំឯកសារជូនទៅតុលាការរួចហើយ។ ដូច្នេះគ្មានអ្វីត្រូវបកស្រាយបន្ថែមទៀតទេ។
យ៉ាងណាក៏ដោយមានការកត់សម្គាល់ថា នៅព្រឹកថ្ងៃទី ៣ខែវិច្ឆិកាឆ្នាំ២០២៤ នេះ នៅឯអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញបណ្ដាជនដែលជាប់សង្ស័យទាំងខ្មែរ និងចិន មើលទៅហាក់ដូចជាមានភាពតឹងរឹងផ្សេងគ្នា។ ជនដែលសមត្ថកិច្ចឃាត់ខ្លួន គឺមានខ្មែរត្រូវបានឃុំខ្លួនយ៉ាងតឹងរឹង រីឯបណ្ដាជនជាតិចិន មានឈ្មោះឃាត់ខ្លួនមកអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញក៏ពិតមែនប៉ុន្តែពួកគេមិនមែននៅក្នុងមន្ទីរឃុំឃាំងទេ គឺពួកគេអាចដើរ ចុះដើរឡើង,យកបារីជក់ពេញអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ។ មិនដឹងថាតើសេរីភាពនៃបណ្ដាជនជាតិចិនទាំងនេះ ខុសពីកម្មករខ្មែរដែលត្រូវនាំខ្លួនមកសួរនាំយ៉ាងណានោះទេ? ឬមួយអំណាចលុយរបស់ជនជាតិចិនទាំងនោះ ទើបពួកគេមានសិទ្ធិសេរីភាពលើស កម្មករខ្មែរដែលគ្រាន់តែជាការប្រើសិទ្ធិការពារខ្លួន?
បើតាមប្រជាពលរដ្ឋអ្នកឃើញហេតុការណ៍យល់ឃើញថា ភាគីជនបង្កហាក់ដូចជាមើលទៅ ឃោរឃៅព្រៃផ្សៃយ៉ាងខ្លាំងក្នុងការបង្កហេតុទៅលើជនរងគ្រោះ ដោយមិនដឹងមូលហេតុស៊ីជម្រៅនោះទេ ប៉ុន្តែយ៉ាងណាក៏ ដោយ ការចូលទៅក្នុងបន្ទប់ស្នាក់នៅរបស់ជនរងគ្រោះហើយប្រើអំពើហិង្សា ដោយថែមទាំងប្រមូលយកប្រាក់ទៅទៀតនោះវាហាក់ដូចជាអយុត្តិធម៌ខ្លាំងណាស់។ ដូច្នេះករណីនេះគេរំពឹងថាសាលាដំបូងខេត្តពោធិ៍សាត់និងជួយស្រាវជ្រាវរកប្រាក់ដែលបាត់បង់ទៅនោះប្រគល់ជូនជនរងគ្រោះវិញហើយជាពិសេសផ្ដល់យុត្តិធម៌សម្រាប់ភាគីទាំងសងខាង៕
មានវីដេអូ
No comments:
Post a Comment