សំណង់អត់ច្បាប់នៅស្រុកគងពិសីមួយកន្លែងធ្វើឲ្យផ្អើលដល់ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺនិងក្រសួងដែនដីចុះត្រួតពិនិត្យ ប៉ុន្តែម្ចាស់សំណង់ឈ្មោះ ហង្ស ចាន់នាង មិនចូលខ្លួនដោះស្រាយទេ ឲ្យត្រឹមតែតំណាងខ្លួនចូលរួម - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

សំណង់អត់ច្បាប់នៅស្រុកគងពិសីមួយកន្លែងធ្វើឲ្យផ្អើលដល់ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺនិងក្រសួងដែនដីចុះត្រួតពិនិត្យ ប៉ុន្តែម្ចាស់សំណង់ឈ្មោះ ហង្ស ចាន់នាង មិនចូលខ្លួនដោះស្រាយទេ ឲ្យត្រឹមតែតំណាងខ្លួនចូលរួម


(កំពង់ស្ពឺ)៖ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ស្ពឺ ដឹកនាំដោយលោកអភិបាលរង ទិត វុទ្ធី បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យសំណង់ដ៏ធំមហិមាមួយកន្លែង ស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយពិនិត្យឃើញថា សំណង់នេះ មានម្ចាស់ឈ្មោះ ហង្ស ចាន់នាង(ហង្ស ស្រីមាន) ដែលដំណើរការសាងសង់បាន៦០%ហើយ មិនមានច្បាប់ទម្លាប់ត្រឹមត្រូវនោះទេ។ ដូច្នេះអាជ្ញាធរត្រូវបញ្ឈប់សកម្មភាពនៃការសាងសង់នេះទាំងស្រុង។

រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏ដូចជាមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ខេត្តកំពង់ស្ពឺ តាំងពីឆ្នាំ២០២៣មក បានធ្វើលិខិតយ៉ាងហោចណាស់៤ដងមកហើយ សុំឲ្យម្ចាស់សំណង់បញ្ឈប់សកម្មភាពនៃការសាងសង់ដោយគ្មានច្បាប់ទម្លាប់នេះ។ ប៉ុន្តែម្ចាស់សំណង់គឺលោកស្រី ហង្ស ចាន់នាង មិនអើពើអនុវត្តតាមស្ថាប័នជំនាញនិងរដ្ឋបាលខេត្តកំពង់ស្ពឺនោះឡើយ។ ពោលគឺចាប់តាំងពីដំណើរការដំបូងរហូតដល់សំណង់ពេលនេះ សម្រេចបាន៦០% ហើយគឺខាងម្ចាស់សំណង់មិនព្រមអនុវត្តន៍ ឬធ្វើដឹង ធ្វើឮ ចំពោះការទទូចស្នើរបស់ស្ថាប័នជំនាញនៃមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ខេត្តកំពង់ស្ពឺនោះឡើយ។

ជាក់ស្ដែងលិខិតលើកទី៤ របស់មន្ទីររៀបចំដែនដីនគរូប នីយកម្មនិងសំណង់ខេត្តកំពង់ស្ពឺចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០២៤ ចុះហត្ថលេខា ដោយប្រធានមន្ទីរ លោក តាប់ ម៉ាឡៃ បានជម្រាបជូន លោកស្រី ហង្ស ស្រីមាន ម្ចាស់សំណង់គម្រោងផ្ទះល្វែងដែលមានទីតាំងស្ថិតនៅភូមិក្រាំទ្រា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានកំហុសឆ្គងដូចខាងក្រោម៖ គ្មានលិខិតអនុញ្ញាតសាងសង់,គ្មានលិខិតអនុញ្ញាតបើកការដ្ឋាន, គ្មានអ្នកទទួលសាងសង់ដែលមានអាជ្ញាប័ណ្ណចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់, គ្មានវិស្វករប្រចាំការដ្ឋាន,ប៉ះពាល់នឹងចំណីប្រឡាយ។អាស្រ័យហេតុនេះ សូមផ្អាកការដ្ឋានសំណង់ជាបន្ទាន់រហូតដល់បានបំពេញបែបបទតាមនីតិវិធីច្បាប់ស្តីពីសំណង់ បើពុំនោះទេ មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តកំពង់ស្ពឺ នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។

ដូចគ្នានេះដែរ រដ្ឋបាលខេត្តកំពង់ស្ពឺក៏បានចេញលិខិតឱ្យម្ចាស់សំណង់បញ្ឈប់សកម្មភាពសាងសង់ដោយបំពានច្បាប់នោះដែរ។ ប៉ុន្តែគឺសង្កេតឃើញថា តាំងពីឆ្នាំ២០២៣មកនោះ ម្ចាស់សំណង់ខាងលើនេះ ហាក់ដូចជាមិនបានយកចិត្តទុកដាក់ និងអនុវត្តតាមការជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ និងមន្ទីរជំនាញនោះឡើយ។ 

លើកទី៥នេះទៀត មិនដឹងថា តើម្ចាស់ការដ្ឋានខាងលើ ព្រមអនុវត្តន៍តាមបទបញ្ជារបស់រដ្ឋបាលខេត្តកំពង់ស្ពឺដែរឬយ៉ាងណានោះទេ ពីព្រោះគេសង្កេតឃើញថា មានចំណុចខុសឆ្គងជាច្រើន ដែលច្បាប់ហាមឃាត់ក្នុងការសាងសង់។ ប៉ុន្តែតាំងពីចាប់ផ្ដើមសាងសង់មក ម្ចាស់សំណង់ខាងលើនេះ មិនព្រមស្ដាប់តាមការណែនាំរបស់ស្ថាប័នជំនាញនោះឡើយ។

តាមរយៈក្រុមការងាររដ្ឋបាលខេត្តកំពង់ស្ពឺដែលចូលរួមដោយមន្ទីរជំនាញ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ចុះត្រួតពិនិត្យការដ្ឋានសំណង់ខាងលើនេះ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ សម្រេចថា ដាច់ខាតមិនអនុញ្ញាតឱ្យសាងសង់បន្តទៀតឡើយ។ មានចំណុចកំហុសឆ្គងជាច្រើនដែលក្រុមការងាររដ្ឋបាលខេត្តកំពង់ស្ពឺ រកឃើញចំពោះការសាងសង់សំណង់ខាងលើនេះ ដូច្នេះបើទោះបីជាបានសាងសង់រួចរាល់រហូតដល់៦០% ហើយក៏ដោយ ក៏សំណង់នេះ ត្រូវប្រឈមនឹងការវ៉ៃកំទេចចោលដោយខានមិនបាន។

ប្រភពរាយការណ៍ថា ដំបូងឡើយម្ចាស់សំណង់ប្រាប់កម្មករថា គឺជាសំណង់គម្រោងផ្ទះល្វែង,ប៉ុន្តែក្រោយមកទៀតបានលេចឮថា គឺជាសំណង់សាលារៀនទៅវិញ។ សំណង់នេះមានកំហុសឆ្គង មិនត្រឹមតែបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានសង់នៅលើប្រឡាយទឹកសាធារណៈរបស់រដ្ឋថែមទៀតផង។ ប៉ុន្តែបើតាមមើលទិដ្ឋភាពជាក់ស្ដែងម្ចាស់សំណង់មានផែនការទំនងជាចង់សង់សម្រាប់ជួលឲ្យជនបរទេសស្នាក់នៅ ដើម្បីធ្វើអាជីវកម្មដោយប្រការណាមួយ។

ពាក់ព័ន្ធសំណង់អត់ច្បាប់ខាងលើនេះ មជ្ឈដ្ឋានប្រជាពលរដ្ឋបានលើកឡើងថា ម្ចាស់សំណង់បំពានច្បាប់យ៉ាងដូច្នេះ តើត្រូវបញ្ចប់ត្រឹមនេះឬយ៉ាងដូចម្ដេច?។ យ៉ាងណាក៏ដោយលោកស្រី ហង្ស ចាន់នាង ( ហង្ស ស្រីមាន) ជាម្ចាស់សំណង់មិនអាចសុំការបំភ្លឺបានទេ ជុំវិញបញ្ហានេះ៕
















No comments:

Post a Comment

Pages