កណ្តាល÷ហាក់ដូចជាផ្ទុយស្រឡះ ពីសេចក្តីបំភ្លឺ របស់(Page)ផេក ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដែរថា ក្រុមមន្ត្រីសាលាស្រុកលើកដែក គឺជាជនរងគ្រោះនោះ ពេលនេះមានសេចក្តីរាយការណ៍មកថា ក្រុមលោកលុច ពន្លឺ មន្ត្រីសាលាស្រុកលើកដែក កំពុងព្យាយាមសម្របសម្រួល ជាមួយភាគីជនរងគ្រោះម្ខាងទៀត តាមរយៈសំណងជាលុយកាក់ដើម្បីបញ្ចប់រឿង។ ក្នុងពេលជាមួយគ្នានេះដែរ ក៏មានសេចក្តីរាយការណ៍ដែរថា កម្លាំងនគរបាលខេត្តកណ្ដាល បានបើកការស៊ើបអង្កេតករណីនេះឡើងវិញ ក្រោយពីមានការរិះគន់ច្រើនតាមបណ្ដាញសង្គម។ប្រភពពីប្រជាពលរដ្ឋនៅក្បែរទីកើតហេតុ ស្ថិតក្នុងភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល បានឲ្យដឹងថា អាណាព្យាបាល ភាគីរងគ្រួសារពិតប្រាកដ បានទទួលការពឹងពាក់ពីជនទី៣ ដើម្បីសម្របសម្រួលបញ្ចប់រឿងករណីហិង្សានេះ។
ដូច្នេះវាប្រាកដថា ក្រុមអស់លោកមន្ត្រីសាលាស្រុកលើកដែក មិនមែនជាជន រងគ្រោះដូចដែរសមត្ថកិច្ចនគរបាលរកឃើញនិងស្រាយបំភ្លឺនោះទេ។ ការព្យាយាមសម្របសម្រួលបញ្ចប់រឿងជាមួយនឹងការបោះលុយ១លានរៀល ទៅឱ្យក្រុមគ្រួសារជនរងគ្រោះនោះ ត្រូវបានប្រភពប្រាប់ថា មិនទាន់ត្រូវគ្នានៅឡើយទេ។រឿងសទៅជាខ្មៅ,ខ្មៅទៅជាសនេះ បានធ្វើឲ្យមជ្ឈដ្ឋានបណ្ដាញសង្គម រិះគន់យ៉ាងខ្លាំង ទៅលើសេចក្តីបំភ្លឺរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល។ ប្រជាពលរដ្ឋនៅតំបន់ ទីកើតហេតុខាងលើ បានអះអាងថា រឿងរ៉ាវវាមិនដូចអ្វីដែលជាការឆ្លើយតបបំភ្លឺទៅនឹងប្រព័ន្ធផ្សព្វផ្សាយនោះទេ។ នៅលើបណ្ដាញសង្គមមាន(common) ការបញ្ចេញមតិជាច្រើនដែលបង្ហាញថា សេចក្តីបំភ្លឺ របស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល គឺជាការចំអកឡកឡឺយឲ្យភាគីជនរងគ្រោះនិងបានផ្ដល់សេចក្តីសុខសប្បាយដល់ភាគីជនបង្ក ដែលជាក្រុមមន្ត្រីសាលាស្រុកលើកដែក។
លើបណ្ដាញសង្គមបានលើកជាសំណួរថា តើហេតុផលអ្វីបានជាលោកលុច ពន្លឺ ទៅជន្លលេងភាគីម្ខាងទៀត នៅគ្រាដែលលោកដឹងថា ម្នាក់នោះកំពុងស្រវឹងដាបទៅហើយ។ តើការពិតវាយ៉ាងដូចម្ដេច? តាមសេចក្តីរាយការណ៍បានបញ្ជាក់ថា គឺក្រុមអស់លោកមន្ត្រីសាលាស្រុកលើកដែក ដឹកនាំដោយលោកលុច ពន្លឺ បានព្យាយាមអូសទាញជនរងគ្រោះទៅបន្ទប់ទឹក ហើយប្រើអំពើហិង្សាយ៉ាងចាស់ដៃ ទៅលើជនរងគ្រោះ។ នៅក្នុងបន្ទប់ទឹកឬក្បែរបន្ទប់ទឹក មិនមានបំពាក់កាមេរ៉ាសុវត្ថិភាពនោះទេ។ ដូច្នេះក្រុមលោកលុច ពន្លឺ គិតថា អ្វីដែលខ្លួនធ្វើមិនត្រូវបានថតដោយកាមេរ៉ាសុវត្ថិភាពនោះឡើយ។
បើទោះជាមនុស្សស្គាល់គ្នា ឬមិនស្គាល់គ្នា ដោយប្រការណាមួយ ប៉ុន្តែការជន្លរលេងដោយលោកលួច ពន្លឺ គឺជាដើមហេតុនាំឲ្យមានអំពើហិង្សា។ មិនអស់ចិត្តពីក្បែរបន្ទប់ទឹក ទីដែលគ្មានកាមេរ៉ាសុវត្ថិភាព ពួកគេបន្តទៅប្រើហិង្សានៅមុខក្លឹបកំសាន្តដែលគេគិតថា កាមេរ៉ាសុវត្ថិភាពមិនអាចថតបាន។ ទំនងជាដោយសារឈឺផង ភាគីជនរងគ្រោះអាច នឹងជេរប្រទេចដោយប្រការណាមួយ ទៅលើក្រុមជនបង្ក ធ្វើឲ្យក្រុមលោកលុច ពន្លឺក្តៅក្នុងឱរា ក៏ប្រើហិង្សាមួយឈុតទៀត។ បន្ទាប់មកក៏មានករណីផ្ទុះ អាវុធនៅមុខផ្ទះជនរងគ្រោះនោះថែមទៀតផង។
ដំណើរដើមទងបណ្ដាក់គ្នាដូចខ្យងយ៉ាងនេះ ហេតុអ្វី បានជាគេបំភ្លឺថា ជនបង្កទៅជាជនរងគ្រោះ ហើយជនរងគ្រោះទៅជាជនបង្កទៅវិញ។ នោះក៏ព្រោះតែជនបង្កបានទៅដាក់ពាក្យបណ្ដឹងមុនជននៅរងគ្រោះ ឬយ៉ាងដូចម្ដេច? ក្រោយឈ្នះ នៅលើសេចក្តីបំភ្លឺរបស់ស្នងការនគរបាលខេត្តកណ្ដាល ក្រុមលោកលុច ពន្លឺ បាន,កំពុងព្យាយាមសម្របសម្រួល ជាមួយភាគីជនរងគ្រោះទៅវិញ? តើករណីនេះគួរឲ្យឆ្ងល់ដែរឬទេ?
គ្រាន់តែនៅលើខ្ទង់ ខំមិន(common) តាមបណ្ដាញសង្គមក៏អាចយល់បានដែរថា តើការពិតនោះយ៉ាងណា?ឬមួយក្នុងនាមសមត្ថកិច្ច គ្រាន់តែទាញក្រដាស១សន្លឹកយកមកបំភ្លឺរួចហើយបញ្ចប់រឿង? យ៉ាងណាក៏ដោយប្រភពបង្ហើបថា កម្លាំងនគរបាលមួយក្រុម បាននឹងកំពុងចុះទៅស៊ើបអង្កេតរឿងនោះឡើងវិញ ដើម្បីរកស,ខ្មៅ ផ្ដល់យុត្តិធម៌ដល់ភាគីទាំងសងខាង។ ប្រជាពលរដ្ឋនៅតំបន់កើតហេតុខាងលើ រំពឹងថា យុត្តិធម៌នឹងមានសម្រាប់ភាគីទាំង សងខាង?៕
No comments:
Post a Comment