កណ្តាល÷ពលរដ្ឋនៅ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល បានឲ្យដឹងថា ល្បែងស៊ីសងជល់មាន់ តាមប្រព័ន្ធអនឡាញ កំពុងរីកដុះដាល់យ៉ាងសម្បើម ដោយមិនឃើញមានការបង្ក្រាបទាល់តែសោះពីសំណាក់មេនគរបាលប៉ុស្តិ៍ ឃុំព្រែកថ្មី និងមេអធិការដ្ឋាននគរបាល ស្រុកកោះធំ នៃខេត្តកណ្តាល។ការរក្សាភាពស្ងៀមស្ងាត់របស់សមត្ថកិច្ច នៅក្នុងមូលខាងលើ ដែលបណ្ដែតបណ្ដោយឲ្យ មានទីតាំងល្បែងស៊ីសង មាន់ជល់តាមប្រព៍ន្ធ អនឡាញ នៅក្នុងភូមិស្វាយលើ ឃុំព្រែកថ្មី និងភូមិកំពង់សំបួរ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល បានធ្វើឲ្យអ្នកភូមិនាំគ្នាលើកឡើងថា ហេតុអ្វីបានជា លោកអធិការនគរបាលស្រុកកោះធំ លោកស៊ីម ឃាង រក្សាភាពស្ងៀមស្ងាត់ចំពោះបញ្ហាល្បែងទាំងនេះ។
បើតាមប្រភពបានឲ្យដឹងថា ល្បែងស៊ីសងមាន់ជល់ តាមប្រព័ន្ធអនឡាញ នៅក្នុងឃុំព្រែកថ្មី ក្នុងទឹកដីស្រុកកោះធំ ដែលសព្វថ្ងៃនេះកំពុងកៀងគរ ក្រុមអ្នកញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង ហើយអាជ្ញាធរនិងសមត្ថកិច្ច នៅក្នុងមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាបនោះឡើយ។ សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ទីតាំងល្បែងសុីសងមាន់ជល់ តាមប្រព័ន្ធអនឡាញ
នៅក្នុងទឹកដីឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល កំពុងបើកដំណើរការយ៉ាងពេញបន្ទុក គេពុំដែលឃើញអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះទប់ស្កាត់ និងបង្ក្រាបឡើយ ខណៈល្បែងស៊ីសងខុស ច្បាប់ នៅតែបន្តបើកលេងអនាធិបតេយ្យ។
អ្នកនៅក្នុងឃុំព្រែកថ្មី បានប្រាប់ថា សព្វថ្ងៃប្រជាពលរដ្ឋកំពុងតែវក់វីនឹងបញ្ហាល្បែងស៊ីសងតាមអ៊ីនធឺណិតដូចជា ជល់ មាន់តាមអនឡាញនិងឆ្នោតឡូតូជាដើម។ប្រជាពលរដ្ឋវក់នឹងល្បែង ហើយភ្លេចការងារប្រចាំថ្ងៃ ជាពិសេសបានបំផ្លិចបំផ្លាញលុយកាក់ទ្រព្យ សម្បត្តិអស់ជាបន្តបន្ទាប់។ នៅក្នុងភូមិនីមួយៗមានទីតាំងល្បែងស៊ីសងតាមអ៊ីនធឺ ណិតជាច្រើនកន្លែង ដែលបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ចូលចិត្តលេងល្បែងស៊ីសងទាំងនោះ។ អាជ្ញាធរមិនអាចនិយាយថា មិនដឹងនោះទេ ពីព្រោះប្រជាពលរដ្ឋតែងតែជួបជុំគ្នាច្រើន នៅតាមទីតាំងដែលមានល្បែងស៊ីសងទាំងនោះ។
បើតាមប្រជាពលរដ្ឋដែលមាន ប្ដី,សី,កូន,ចៅ កំពុងតែរងគ្រោះដោយសារ ល្បែងស៊ីសងមាន់ជល់ តាមប្រព័ន្ធអនឡាញទាំងនោះនិយាយថា សព្វថ្ងៃនេះល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់គាត់នៃឃុំព្រែកថ្មី បានបើកជាចំហប្រៀបដូចជាល្បែងស៊ីសងស្របច្បាប់យ៉ាងដូច្នោះដែរ។ គ្មានការបង្ក្រាប ឬចាត់វិធានការតឹងតែង ចំពោះទីតាំងបើកល្បែងស៊ី សងមាន់ជល់តាមប្រព័ន្ធអនឡាញ ទាំងនេះទេ។ អ្នកភូមិបានត្រឹមតែសម្ដែងចម្ងល់ចំពោះបញ្ហាល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់ពួកគាត់បានបើកដំណើរកាយ៉ាងរលូន ហើយអ្វីដែលចោទជាបញ្ហានោះគឺករណីចោរលួច,ចោរប្លន់ទ្រព្យសម្បត្តិ និងអំពើហិង្សានៅក្នុងគ្រួសារចេះតែកើនឡើង។
ពាក់ព័ន្ធនឹងករណីខាងលើនេះមហាជបានសំណូមពរដល់មេប៉ូលិសខេត្តកណ្តាល លោកឈឿន សុចិត្ត និងលោកចៅហ្វាយខេត្តកណ្តាល លោកគួច ចំរើន មេត្តាចេញបទបញ្ជាដល់មន្ត្រីក្រោមឱវាទ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសង មាន់ជល់តាមប្រព័ន្ធអនឡាញលើ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
No comments:
Post a Comment