បន្ទាប់ពីគេហទំព័រក្នុងស្រុកមួយចំនួនផ្សាយ អំពីបញ្ហានៃការរំលោភបំពានទៅលើទន្លេ,ព្រែកមួយចំនួនក្នុងស្រុកល្វាឯម ខេត្តកណ្ដាលរួចមក មានសេចក្តីរាយ ការណ៍បន្ថែមឲ្យដឹងថាព្រែកមួយចំនួនផ្សេងទៀតកំពុងប្រឈម នឹងការបាត់រូបរាងនៅពេលអនាគតឆាប់ៗដោយសារការសង់លំនៅឋានរបស់ប្រជាពលរដ្ឋនិងភាពព្រងើយ កន្តើយរបស់អាជ្ញាធរ តាមរយៈការឃុបឃិត ឬធ្វើមិនដឹងមិនឮ។ ជាក់ស្ដែងព្រែកមួយកន្លែងឋិតនៅភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម កំពុងប្រឈមនឹងការបាត់រូបរាងផងដែរ។
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានប្រាប់គេហទំព័រយើងឲ្យដឹងថា ព្រែកតាព្រំ ភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្ដាល ត្រូវគេកំពុងសង់លំនៅឋានចាក់បេតុងរឹងមាំចូលទៅពាក់កណ្ដាលព្រែក។ សកម្ម ភាពបែបនេះ ត្រូវប្រជាពលរដ្ឋនៅតំបន់ក្បែរខាងនោះមើលឃើញថា វាជាហានិភ័យសម្រាប់អនាគតនៃព្រែកមួយនេះក៏ប៉ុន្តែមិនឃើញមានអាជ្ញាធរមូលដ្ឋាន ចុះទៅហាមឃាត់ចំពោះសកម្មភាពល្មើសច្បាប់នេះទេ។ ភាពព្រងើយកន្តើយនៅក្នុងការ មិនអនុវត្តច្បាប់ឲ្យបានពេញ លេញនេះ ធ្វើឲ្យប្រជាពលរដ្ឋនៅតំបន់នោះសង្ស័យថាអាជ្ញាធរ មានពាក់ព័ន្ធជាមួយម្ចាស់សំណងខុសច្បាប់ទាំងនេះ?។
បើតាមប្រជាពលរដ្ឋនៅស្រុកល្វាឯមនិយាយថា មានសំណង់រឹងមាំជាច្រើន កំពុងសាងសង់រំលោភទៅលើចំណែកនៃព្រែកឬទន្លេមេគង្គជាដើម។ កាលពីសប្តាហ៍មុនបន្ទាប់ពីមានការផ្សព្វផ្សាយ អំពីសំណង់ខុសច្បាប់សង់លើព្រែកនៅឃុំទឹកឃ្លាំងនោះមក គេឃើញអាជ្ញាធរស្រុកល្វាឯមចុះទៅបញ្ឈប់សកម្មភាពការសាងសង់ផ្ទះអេតចាយនិងតម្រូវឲ្យម្ចាស់ផ្ទះរៀបចំសំណង់ឡើងវិញ។ អ្នកភូមិនិយាយថា នេះដោយសារអ្នកកាសែតចុះផ្សាយប៉ុន្តែនៅមានទីតាំងជាច្រើនទៀត ដែលមានការរំលោភ បំពានដូច្នេះប៉ុន្តែមិនទាន់ឃើញមានការចុះរៀបចំនៅ ឡើយ។ តើរង់ចាំអ្នកកាសែតផ្សព្វផ្សាយ ទើបអាជ្ញាធរចុះរៀបចំឬយ៉ាងដូចម្ដេច?
នៅឃុំកោះរះឯណេះវិញប្រជាពលរដ្ឋនិយាយថា ករណីសំណង់ខុសច្បាប់រំលោភបំពានលើប្រឡាយ ឬលើទន្លេមានច្រើនកន្លែង ប៉ុន្តែមិនឃើញអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានឃុំ-ស្រុកចុះទៅបញ្ឈប់សកម្មភាពនោះឡើយ។ ពលរដ្ឋកត់សម្គាល់ថា មួយរយៈកន្លងមកស្រុកល្វាឯមមានការអភិវឌ្ឍន៍ខ្លាំងដោយការដឹកនាំរបស់លោកកនសុខកាយ ។ បន្ទាប់ពីការចាកចេញ របស់លោកដំណើរ ការអភិវឌ្ឍន៍មួយចំនួនហាក់ដូចជាលែងទៅមុខ។ អ្នក ភូមិមិនដឹងអំពីមូលហេតុដែលនាំឲ្យបញ្ហាអភិវឌ្ឍន៍មិនអាចទៅមុខឬនៅហ្នឹងមួយកន្លែងនោះដោយសារអ្វីទេ។ ប៉ុន្តែអ្នកភូមិទទួលស្គាល់ថា ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាននៃស្រុកល្វាឯមមានការលេចធ្លោនៅគ្រាកន្លង មក ដោយសារការដឹកនាំរបស់លោកកន សុខកាយ។
ក្រៅពីបញ្ហាដែលកំពុងកើតឡើង នៃការរំលោភបំពានលើវិស័យសំណង់មិនស្របច្បាប់នេះ ក៏នៅមានបញ្ហាជា ច្រើនទៀតដែលអ្នកភូមិសំដែងការបារម្ភ ពាក់ព័ន្ធទៅនឹងបញ្ហាសណ្ដាប់ធ្នាប់។ អ្នកភូមិប្រាប់ថា បញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ក៏កំពុងកើតជាក្តីព្រួយបារម្ភចំពោះអ្នកភូមិផងដែរដោយសារមួយរយៈចុងក្រោយនេះគេសង្កេត ឃើញមានបញ្ហាល្បែងស៊ីសងបណ្ដាលឲ្យមានចោរកម្មកើតច្រើនកន្លែង៕
No comments:
Post a Comment