សេចក្តីថ្លែងការណ៍នោះបានសរសេរថា «អ៊ីស្លាមអេមីរ៉ាត (ឈ្មោះដែលក្រុមតាលីបង់ហៅខ្លួនឯង) នឹងកិច្ចខិតខំប្រឹងប្រែងប្រកបដោយប្រសិទ្ធភាពដើម្បីការពារសិទ្ធិមនុស្ស សិទ្ធិជនជាតិភាគតិច សិទ្ធិរបស់ក្រុមដែលជួបការលំបាកស្របតាមតម្រូវការរបស់សាសនាអ៊ីស្លាម ដូច្នេះជនជាតិអាហ្វហ្គានីស្ថានទាំងអស់អាចរស់នៅដោយសេចក្តីថ្លៃថ្នូរ ប្រកបដោយសន្តិសុខ និងសន្តិភាព នៅក្នុងលក្ខខណ្ឌនៃភាពមិនអាចរំលោភបាននៃការរស់នៅ កិត្តិយស និងទ្រព្យសម្បត្តិរបស់ពួកគេ»។
លើសពីនេះទៀត ឯកសារនេះបានបង្ហាញអំពីបំណងប្រាថ្នារបស់រដ្ឋាភិបាលថ្មីនៃប្រទេសអាហ្វហ្គានីស្ថានក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយសហគមន៍អន្តរជាតិ និងបណ្តាប្រទេសជិតខាង ដោយសង្កត់ធ្ងន់ទៅលើចេតនាក្នុងការគោរពតាមបទដ្ឋាននៃច្បាប់អន្តរជាតិដែលមិនផ្ទុយនឹងសាសនា Sharia ។ សេចក្តីថ្លែងការណ៍នោះបាននិយាយថា «យើងចង់អភិវឌ្ឍទំនាក់ទំនងវិជ្ជមាន និងរឹងមាំជាមួយប្រទេសជិតខាងរបស់យើង និងប្រទេសទាំងអស់ ដោយផ្អែកទៅលើការគោរពគ្នា និងកិច្ចសហប្រតិបត្តិការទៅវិញទៅមក ដូច្នេះទំនាក់ទំនងរបស់យើងជាមួយរដ្ឋដទៃទៀតត្រូវបានបង្កើតឡើងដោយកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវផលប្រយោជន៍ល្អបំផុតរបស់អាហ្វហ្គានីស្ថាន។ យើងមានបំណងអនុលោមតាមបទប្បញ្ញត្តិទាំងអស់នៃច្បាប់អន្តរជាតិ ដំណោះស្រាយ និងធម្មនុញ្ញដែលមិនប្រឆាំងនឹងសាសនាឥស្លាម Sharia និងគុណតម្លៃជាតិរបស់យើង»។
មេដឹកនាំពួកតាលីបង់ក៏បានសម្តែងការដឹងគុណចំពោះជនជាតិមូស្លីមនៅទូទាំងពិភពលោកផងដែរ ដែលបានគាំទ្រដល់ចលនារ៉ាឌីកាល់មួយនេះ និងបានជួយនៅក្នុងវិស័យផ្សេងៗទៀត។
កាលពីថ្ងៃទី១៥ ខែសីហា ក្រុមសកម្មប្រយុទ្ធតាលីបង់បានវាយលុកចូលទីក្រុងកាប៊ុលដោយមិនជួបប្រទះនូវការតស៊ូណាមួយឡើយ ហើយបានគ្រប់គ្រងយ៉ាងពេញលេញទៅលើរដ្ឋធានីនៃប្រទេសអាហ្វហ្គានីស្ថានមួយនេះក្នុងរយៈពេលតែពីរបីម៉ោងប៉ុណ្ណោះ។ ប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក Ashraf Ghani បាននិយាយថា លោកបានចុះចេញពីតំណែងដើម្បីការពារមិនឱ្យមានការបង្ហូរឈាមណាមួយកើតឡើង ហើយបន្ទាប់មកលោកក៏បានរត់គេចចេញពីប្រទេសនេះ។
កាលពីថ្ងៃអង្គារ អ្នកនាំពាក្យក្រុមតាលីបង់ លោក Zabihullah Mujahid បានប្រកាសរដ្ឋាភិបាលអាហ្វហ្កានីស្ថានថ្មី ដែលរួមបញ្ចូលតែសមាជិករបស់ក្រុមចលនារ៉ាឌីកាល់ដែលភាគច្រើនជាជនជាតិប៉ាសតាន់ (Pashtuns) ។ លោក Mohammad Hasan ដែលជាប្រធានដឹកនាំក្រុមស៊ូរ៉ា (Shura) (ក្រុមប្រឹក្សាភិបាលដឹកនាំក្រុមតាលីបង់) ត្រូវបានប្រកាសជានាយករដ្ឋមន្ត្រី។ ទន្ទឹមនឹងនេះដែរ ក្រុមរ៉ាឌីកាល់នេះបានបំភ្លឺថា រដ្ឋាភិបាលបច្ចុប្បន្ននេះ គឺជារដ្ឋាភិបាលបណ្តោះអាសន្នប៉ុណ្ណោះ៕
(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)
No comments:
Post a Comment