សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

មន្ទីរកសិកម្មខេត្តស្ទឹងត្រែង ជំរុញឱ្យកសិករបង្កើនការដាំបន្លែសរីរាង្គ ដោយអនុវត្តតាមគម្រោងសាកវប្បកម្មកម្ពុជា

ដោយ :www.phally-news.com

 

ស្ទឹងត្រែង - មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តស្ទឹងត្រែង សហការជាមួយគម្រោងសាកវប្បកម្មកម្ពុជា ជំរុញឱ្យកសិករបង្កើនការដាំបន្លែសរីរាង្គ គ្មានកាកសំណល់កសិកម្ម ព្រោះវាជាតម្រូវការទីផ្សារ ហើយបានជួយកសិករឱ្យរក ចំណូលបានច្រើន ព្រោះអតិថិជននិយមបរិភោគ។

ក្នុងឱកាសចុះពិនិត្យសួនបន្លែដែលបានបង្កើតឡើងដោយមានការគាំទ្រពីគម្រោងសាកវប្បកម្មកម្ពុជានៅខេត្តស្ទឹងត្រែង លោក ទុំនីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ត បានបញ្ជាក់ថា៖ គម្រោងនេះទទួលបានជោគជ័យ ព្រោះបច្ចុប្បន្នមាន កសិករចូលរួមអនុវត្តបានច្រើនគ្នា និងកំពុងដាំដុះបន្លែបានច្រើនប្រភេទ សម្រាប់នាំចេញទៅលក់នៅទីផ្សារ ហើយបានទប់ស្កាត់ ការនាំចូលបន្លែពីប្រទេសជិតខាងផង។

លោកសំណូមពរឱ្យកសិករផ្សេងៗទៀតដែលកំពុងដាំបន្លែជាលក្ខណៈគ្រួសារ ត្រូវមកសិក្សាពីការដាំដុះបន្លែ ដើម្បីធ្វើការ ផ្លាស់ប្ដូរទម្លាប់នៃការដាំដុះ មកដាំតាមបច្ចេកទេសវិញ និងបានធ្វើអាជីវកម្មលក់ដូរផង ដូច្នេះចូរបងប្អូនកសិករយើង ប្រឹងប្រែង ហាត់រៀនពីគ្នាទៅវិញទៅមក ដើម្បីធ្វើការដាំដុះបានទិន្នផលខ្ពស់។

សំឡេង៖ "វិស័យកសិកម្មនៅខេត្តស្ទឹងត្រែងប៉ុន្មានឆ្នាំថ្មីៗនេះយើងបានរុញឱ្យពួកគាត់ បានខ្ពស់នូវទិន្នផលទាំងការផលិត​របស់គាត់ ទាំងពូជអីផ្សេងៗដើម្បីជាមូលដ្ឋានមន្ទីរកសិកម្មយើងនេះ យើងខិតខំស្វែងរកនូវបច្ចេកទេសថ្មីៗ ដើម្បីយកមកផ្សព្វផ្សាយ និងណែនាំជូនទៅដល់បងប្អូន ដើម្បីធ្វើការដាំដុះដើម្បីទទួលបានគុណភាពនិងទិន្នផលខ្ពស់ "។

លោក ហយ ចន្ត្រា កសិករគំរូដាំដំណាំបន្លែនៅភូមិហាងសាវ៉ាត ឃុំសាឃួយបានអះអាងថា៖លោកអាចចែករំលែកបទពិសោធន៍ នៃការដាំដុះបន្លែទៅបងប្អូនកសិករផ្សេងៗទៀតបាននូវអ្វីដែលធ្វើកើត និងទទួលបានលទ្ធផលល្អប្រកបដោយជោគជ័យនេះ។

លោកបន្តថា៖បច្ចុប្បន្នសង្កេតឃើញកសិករភាគច្រើនបានផ្លាស់ប្ដូរទម្លាប់នៃការដាំដុះហើយ គ្រាន់តែកសិករយើងមួយចំនួន ពួកគាត់នៅមិនទាន់អនុវត្តបច្ចេកទេសដាំដុះបានត្រឹមត្រូវនៅឡើយនោះទេ ហើយកសិករខ្លះទៀតពុំទាន់មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការរៀបចំសួនបន្លែ ទៅតាមបច្ចេកទេសថ្មីនៅឡើយដែរ។

លោកស្រី ខាវ ខាំអ៊ន មេឃុំសាមឃួយ បានបញ្ជាក់ថា៖ ភាពខ្វះខាតនេះ សូមឱ្យគម្រោងសាកវប្បកម្មកម្ពុជានិងអង្គការដៃគូ ជួយកសិករយើងបន្ថែមទៀត ដើម្បីឱ្យការដាំបន្លែមានសកម្មភាពកើនឡើងនៅតាមមូលដ្ឋាននីមួយៗ និងបាននាំបន្លែចេញ ទៅលក់នៅទីផ្សារជំនួសការទិញមកបរិភោគ។

លោកស្រី បន្ថែមថា៖នេះជាកត្តាចម្បងក្នុងការដោះស្រាយជីវភាពរស់នៅផងនិងបានរួមគ្នា កាត់បន្ថយការពឹងផ្អែក ក្នុងការ ដើរស៊ីឈ្នួល លក់កម្លាំងពលកម្ម ឬពឹងផ្អែកលើផលអនុផលព្រៃឈើ និងការចុះទូកទៅធ្វើនេសាទដែលនាំឱ្យ ជួបហានិភ័យផ្សេងៗ នៅក្នុងរដូវបិទនេសាទនេះ។

សូមបញ្ជាក់ថា៖នៅខេត្តស្ទឹងត្រែងមានកសិករ៤៦ក្រុម កំពុងនាំគ្នាផលិតបន្លែសរីរាង្គនេះ មានដូចជា ម្រះ-សណ្តែកួរ ននោង-ពោត-ល្ហុង-ត្រឡាច-ត្រប់-ត្រសក់ ប៉េងប៉ោះ ម្ទេសប្លោក ស្ពៃគ្រប់មុខ សាលាដ ខាត់ណា ត្រកួន-ស្ពៃក្តោបជាដើម៕

No comments