ភ្នំពេញៈ ប្រជាពលរដ្ឋបានធ្វេីការចោទប្រកាន់ថា ក្រុមហ៊ុន កូ ណៃ ឃុបឃិតជាមួយមន្ត្រីមួយចំនួនបិទផ្លូវដោយដាក់ដុំថ្ម ដាំបង្គោល និងរាយបន្លាព័ទ្ធយកដីភ្នំកងវ៉ារបស់រដ្ឋ និងដីប្រជាពលរដ្ឋ ដែលមានទីតាំងស្ថិតនៅចំណុចជួរភ្នំកងវ៉ា ក្នុងភូមិកងវ៉ាសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ប្រជាពលរដ្ឋរស់នៅភូមិកងវ៉ា និងភូមិពង្រ សង្កាត់កំពង់ស្វាយបានឲ្យដឹងថា មន្ត្រីមួយចំនួនត្រូវរ៉ូវគ្នាជាមួយថៅកែក្រុមហ៊ុន កូ ណៃ បានបិទផ្លូវសហគមន៍ទៅចម្ការ និងស្រែមួយកន្លែង ដោយបានយកដុំថ្មធំៗ បិទផ្លូវ្រជាពលរដ្ឋធ្វើដំណើរដឹកកសិផល និងដីអាស្រ័យផល ចិញ្ចឹមសត្វ។
ប្រភពដដែលបានបញ្ជាក់ ក្រុមហ៊ុន កូ ណៃ បានធ្វើរបងដាក់បន្លាលួស និងយកដុំថ្មធំៗ មកបិទផ្លូវនិងព័ទ្ធភ្នំកងវ៉ារបស់រដ្ឋ យកដីភ្នំរដ្ឋដែលក្រុមហ៊ុនហ៊ុនបានសុំអាជ្ញាប័ណ្ណកាយដីយករួចហើយ មិនព្រមប្រគល់ជូនរដ្ឋ តែបែរជាព័ទ្ធធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនទៅវិញ។
បេីតាមប្រធានមន្ទីររ៉ែ និងថាមពលខេត្តបន្ទាយមានជ័យ លោក សុត វឌ្ឍនា បានបញ្ជាក់ថា ក្រោយកាយអាចម៍ដី ថ្មពីភ្នំឬដីរដ្ឋចេញរួចក្រុមហ៊ុនត្រូវប្រគល់ថ្នាលដីអោយរដ្ឋវិញ។ ករណីដែលថា ក្រមហ៊ុន កូ ណៃ យកថ្មធំ ដាំបង្កោលនិងរាយលួសបន្លាព័ទ្ធបិទផ្លូវគឺវាជាសមត្ថកិច្ចដោះស្រាយរបស់អាជ្ញាធរភូមិ សង្កាត់ ក្រុង ខេត្ត។
ហេីយលោកនឹងចាត់មន្ត្រីអោយចុះទៅពិនិត្យ វាយតម្លៃនិងរាយការណ៍នៅចំណុចទីតាំងដីភ្នំដែលថា មានការហ៊ុំព័ទ្ធយក ហើយបិទផ្លូវរបស់ប្រជាពលរដ្ឋ។
ចំណែកលោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអោយដឹងថា អភិបាលក្រុងសិរីសោភ័ណ្ឌ កំពុងតែធ្វេីការងារនេះហេីយ លោកតែងតែផ្តល់សិទ្ធិអំណាចទៅអោយមូលដ្ឋានធ្វេីការ៕
No comments:
Post a Comment