នារសៀលថ្ងៃអាទិត្យ ១៥ កើត ខែមាឃ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣
ឯកឧត្តម នួន នី ប្រធានស្តីទីសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព (ស.ស.យ.ស.ស) និងជាអគ្គនាយក នៃអង្គភាព សារព័ត៌មានខ្មែរសូក្រឹត្យ បានប្រគល់សេចក្តីសម្រេចតែងតាំង ជូនដល់ថ្នាក់ដឹកនាំ នៃអង្គភាពសារព័ត៌មានខ្មែរសូក្រឹត្យ សាខាខេត្តកណ្ដាល ចំនួន ១១ រូប ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
ឱកាសនោះដែរ ឯកឧត្តម នួន នី ប្រធានស្តីទីសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព និងជាអគ្គនាយក នៃអង្គភាពសារព័ត៌មានខ្មែរសូក្រឹត្យ បានលើកឡើងពីគោលបំណងនិងទិសដៅរបស់អង្គភាព និងផ្តល់កិច្ចពិភាក្សាការងារ ផ្សេងៗ ដោយចែករំលែកបន្ថែមអំពីបទពិសោធការងារក្នុងវិស័យព័ត៌មាន ឯកឧត្តម នួន នី ស្នើរសុំដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ត្រូវគោរពក្រមសីលធម៌ វិជ្ជាជីវៈជាអ្នកសារព័ត៌មានឱ្យបានគ្រប់ពេលវេលា៕
ក្នុងនោះដែរលោក សាំ តុលា និពន្ធនាយក បានមានប្រសាសន៍ផ្ដាំផ្ញើរផ្តល់ជាមតិអប់រំដល់បងប្អូនអ្នកសារព័ត៌មាន និងសូមឲ្យបងប្អូនអ្នកសារព័ត៌មានចូលរួមធ្វើការផ្សព្វផ្សាយនៅព័ត៌មានពិត ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងជួយបំផុសរាល់អំពើល្អ ចែករំលែកនូវស្នាមញញឹម ត្រូវធ្វើជាអ្នកនាំសារពីថ្នាក់ដឹកនាំទៅប្រជាពលរដ្ឋ ពីប្រជាពលរដ្ឋទៅថ្នាក់ដឹកនាំ ក្រោមម្លប់សុខសន្តិភាព ហើយត្រូវប្រកាន់ខ្ជាប់នូវពាក្យស្លោករបស់សម្តេចតេជោហ៊ុនសែន «អ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត ត្រូវផ្សាយរឿងពិត កុំប្រឌិតកំហុសដាក់អ្នកដទៃ» ជាពិសេសទៀតនោះ អ្នកសារព័ត៌មានត្រូវរួមគ្នាជួយបន្សាបរាល់ព័ត៌មានក្លែងក្លាយ។
ឆ្លៀតឱកាសនោះដែរ លោកម៉ែន វុទ្ធី ប្រធានសមាគមយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីសង្គម និងជាប្រធានព័ត៌មាន ប្រចាំខេត្តកណ្ដាល នៃអង្គភាពសារព័ត៌មានខ្មែរសូក្រឹត្យ ក៏បានជំនួសមុខឲ្យសមាជិក សមាជិកា សំដែងការគោរពអរគុណយ៉ាងក្រៃលែង ចំពោះ ឯកឧត្តម នួន នី និងលោកសាំ តុលា ដែលបានផ្តល់បទពិសោធចំណេះដឹងលើវិស័យព័ត៌មានដល់បងប្អូនអ្នកសារព័ត៌មាន។
ចុងបញ្ចប់ លោក ម៉ែន វុទ្ធី ក៏បានអញ្ជើញថ្នាក់ដឹកនាំ នៃអង្គភាពសារព័ត៌មានខ្មែរសូក្រឹត្យ ថតរូបទុកជាអនុស្សាវរីយ៍និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំអង្គភាព ដែលចំណាយពេលវេលាដ៏មានតម្លៃ៕
No comments:
Post a Comment