កំពង់ធំ៖ ក្រុមអាជីវករនៅក្នុងផ្សារសេរីស្រុកស្ទោងបដិសេធដាច់អហង្ការចំពោះគម្រោងខាងសង់សំណង់បែបណាមួយនៅដីទំនេរមួយកន្លែងដែលពួកគាត់បានទិញពីអតីតអភិបាលស្រុកតាំងពីឆ្នាំ១៩៩៤។ ប៉ុន្តែអាជ្ញាធរឃុំនិងស្រុកហាក់មានចេតនាចង់ឲ្យដំណើរការនៃការសាងសង់សំណង់នៅលើដីទំនេរនោះដំណើរការទៅបានដោយរលូន។ សម្រាប់ក្រុមអាជីវករប្រកាសដាច់ខាត់មិនអនុញ្ញាតឲ្យមានការសាងសង់លើដីដែលពួកគាត់បានទិញនោះជាដាច់ខាត។
ក្រុមអាជីវករបាននាំគ្នាផ្តិតមេដៃ ជំទាស់ទៅនឹងគម្រោងសាងសង់សំណង់ផ្សេងៗ និងហាមឃាត់មិនឱ្យមានការសាងសង់សំណង់ ផ្សេងៗនៅបរិវេណខាងមុខផ្សារសេរីស្រុកស្ទោង ដែលស្ថិតនៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំនោះជាដាច់ខាត។ ក៏ប៉ុន្តែបើតាមក្រុមអាជីវករមើលឃើញថា គឺអាជ្ញាធរឃុំនិងស្រុកទំនងជាបានផលប្រយោជន៍ណាមួយ ពិការសាងសង់សំណង់ថ្មីៗនៅលើដីដែលក្រុមអាជីវករបានទិញទុកជាសម្បត្តិរួមនេះ។
ប្រភពឱ្យដឹងថា នាពេលថ្មីៗនេះក្រុមអាជីវករបានទទួលព័ត៌មានមកថា អ្នកគ្រប់គ្រងផ្សារសេរីស្រុកស្ទោង មានគម្រោងសាងសង់សំណង់ផ្សេងៗនៅលើដីបរិវេណមុខផ្សារសេរី ដែលអាជីវករផ្សារបានសម្រប សម្រួលជាមួយលោក ចាប ម៉ិល អតីតអភិបាលស្រុកស្ទោង ដោយមិនអនុញ្ញាតឱ្យសាងសង់សំណង់អ្វីឡើយនៅ ក្នុងបរិវេណមុខផ្សារសេរីស្រុកស្ទោង។
ដូច្នេះដើម្បីជាសក្ខីភាព ពួកគាត់ទាំងអស់គ្នាបានលើក យកខ្លឹមសារដែលមានចែង នៅក្នុងលិខិត ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ១៩៩៤ ដែលមានចំណារឯកភាពយល់ព្រមពីលោក ចាប ម៉ិល អតីតអភិបាលស្រុកស្ទោងដូចខាង ក្រោម៖ ១៖ មិនអនុញ្ញាតឱ្យសង់តូបនៅខាងមុខផ្សារសេរីស្រុកស្ទោង ចាប់ពីកែងជ្រុងខាងកើតផ្សាររហូត ដល់ផ្លូវចូលទី១ និងចាប់ពីកែងជ្រុងខាងកើតទៅខាង លិចរហូតដល់ផ្លូវទី៣។ ២៖ ចំពោះតូបដែលធ្វើរួចហើយ ត្រូវរុញឱ្យផុតពីបរិវេណដែលបានកំណត់ខាងលើ ហើយទុកបរិវេណនេះឱ្យ នៅទំនេរគ្មានសង់តូបអ្វីឡើយ។ ៣៖ យើងខ្ញុំតំណាងឱ្យក្រុមអាជីវករទាំង១៦តូប សុំធានាទិញដីទាំងអស់នេះ ទុកឱ្យទំនេរចំនួន២៣ប្លង់ ស្មើ នឹងមាស៤៦ជី ឬ៤តម្លឹង៦ជី ហើយហាមមិនឱ្យអ្នកណាលក់ដីនេះ ឬធ្វើអ្វីបន្តទៅទៀតជាដាច់ខាត។
លោកស្រី អាំង ហ្គិចឡាង ហៅ អាំងតាយបានឲ្យដឹងថា លោកស្រីបានមករស់នៅ និងលក់ដូរនៅក្នុងផ្សារនេះយូរយាណាស់មកហើយ ដោយបានទិញដីខាងលើនេះ ពីលោក ចាប ម៉ិល អតីតអភិបាលស្រុកស្ទោង។ លោកស្រីបញ្ជាក់ថា មិនអនុញ្ញាតឱ្យសាងសង់សំណង់អ្វីទាំងអស់គឺទុកដីនេះសម្រាប់ជាទីសាធារណៈ និងសម្រាប់ទុកធ្វើ ជាចំណតចតឡាននិងម៉ូតូ។ លោកស្រីបន្តថា ពួកគាត់បាននាំគ្នាឡើងទៅជំទាស់នៅសាលាឃុំ,សាលាស្រុក និងសាលាខេត្តកំពង់ធំបន្ទាប់ពីដឹងថា មានគេសាងសង់ សំណង់នៅលើដីបរិវេណខាងមុខផ្សារសេរី ស្រុកស្ទោង ព្រោះដីខាងមុខផ្សារនេះ ពួកគាត់ជាអាជីវករជាអ្នកទិញតាំងពីឆ្នាំ១៩៩៤។ លោកស្រីបន្ថែមថា បើគេសាងសង់បិទមុខបែបនេះ បានកន្លែងណាសម្រាប់ចតរថយន្ត និងម៉ូតូ ហើយពួកគាត់លក់យ៉ាងម៉េចដាច់ទៅ។
អាជីវករម្នាក់ទៀតហៅ ទី តូឲ្យដឹងថា ដីខាងមុខផ្សារនេះ មានអាជីវករ១៦នាក់ និង២៣តូប ដែលជាអ្នកតំណាងដែលបានទិញពីចៅហ្វាយស្រុកមុន នៅឆ្នាំ១៩៩៤ ក្នុងតម្លៃ៤តម្លឹង និង៦ជី ទុកជាទីសាធារណៈសម្រាប់ជាចំណតឡាននិងម៉ូតូ។ លោកបន្តថា ស្រាប់តែនៅដើមខែឧសភានេះ គេចាប់ផ្ដើមសាងសង់តិចៗទៅ។ ប៉ុន្តែក្រុមអាជីវករអត់បានដឹងថា គេធ្វើអ្វីនោះទេ ហើយក៏មិនមានប្រតិកម្មអ្វីនោះទេ ទើបនៅថ្ងៃទី៦ខែឧសភានេះ គេចាប់ផ្ដើមហ៊ុំព័ទ្ធរបងស័ង្កសី ហេតុនាំឲ្យអាជីវករចាប់ផ្ដើមប្រតិកម្មហើយនាំគ្នាទៅសាលាឃុំដើម្បីជំទាស់៖ ទី១ ដីនេះ ជាដីរបស់អាជីវករទាំងអស់គ្នា,ទី២ បាំងផ្ទះនិងទី៣ បាំងតូបលក់ដូររបស់អាជីវករនៅជិតៗ។
អាជីវកររូបនេះបន្តថា ខាងអាជ្ញាធរឃុំបានចុះមកផ្អាកការសាងសង់បានរយៈពេល២ថ្ងៃ ហើយក៏ស្រាប់តែបន្តការសាងសង់ទៀត ទើបពួកអាជីវករទាំងអស់នាំគ្នាធ្វើ ពាក្យស្នើសុំជំទាស់ទៅថ្នាក់ស្រុកនិងថ្នាក់ខេត្តនៅថ្ងៃទី៩ ខៅឧសភាឆ្នាំ២០២៤ ដែលមានមេដៃជាង១០០ នាក់ ប៉ុន្តែគេនៅតែបន្តធ្វើ ទើបតំណាងអាជីវករទូរសព្ទទៅចៅហ្វាយស្រុក។ រហូតដល់ថ្ងៃទី១៤ខែឧសភានេះ ខាងសាលាឃុំដាក់លិខិតអញ្ជើញអាជីវករ៥នាក់ ដើម្បីប្រជុំរកដំណោះស្រាយ។ ពេលទៅដល់ ក៏មានចៅហ្វាយ ស្រុកចូលរួម។ ពេលនោះចៅហ្វាយស្រុកក៏លាន់មាត់ថា មេដៃជាង១០០នាក់ ហេតុអ្វីមកគ្នាតិចម៉្លេះ ខណៈពួក គាត់ឆ្ងល់ថា ដាក់លិខិតអញ្ជើញតែ៥នាក់តែប៉ុណ្ណោះ។
លោកស្រី លី ស៊ូហ៊ួ អាជីវករតាំងពីក្មេងរហូតដល់ចាស់អាយុ៧០ឆ្នាំ សំនូមពរកុំឲ្យមានការសាងសង់សំណង់ គ្រប់ប្រភេទពីព្រោះថា បើគេសាងសង់ពេញដីអស់ទៅអត់មានកន្លែងដាក់ម៉ូតូ និងឡាន ហើយគាត់ខ្លាចលក់អត់ដាច់,បើអត់មានឡាន ម៉ូតូឈប់ចតផង។ អាជីវកររូបនេះបានអះអាងថា ពីមុនឡើយតាំងពីសម័យលោក ចាប ម៉ិល អតីតអភិបាលស្រុកស្ទោង ពួកគាត់បាននាំគ្នារ៉ៃលុយគ្នាទិញដីមុខផ្សារនេះថា ដើម្បីកុំឲ្យគេសាងសង់ ព្រោះខ្លាចបាំងមុខ,អត់ចំណត និងលក់អត់ដាច់។
លោកស្រី ង៉ូវ ស៊ីមហេង អាជីវករម្នាក់ទៀតបានបញ្ជាក់ ឲ្យដឹងដែរថា គាត់បានមកលក់ដូរនៅផ្សារនេះ ៣០ឆ្នាំមកហើយ ហើយអាជីវករបាននាំគ្នាទិញដីមុខផ្សារនេះតាំងពីឆ្នាំ១៩៩៤ ឥឡូវគេមកហ៊ុំព័ទ្ធ សាងសង់សំណង់រឹងបាំងមុខតូបគាត់ តើឲ្យគាត់លក់ដូរយ៉ាងម៉េចកើត?។ លោកស្រីបន្តថា ពួកគាត់ជាអាជីវករបាននាំគ្នាដាក់ពាក្យជំទាស់ទៅស្រុក,ទៅខេត្តអស់ហើយ ប៉ុន្តែនៅតែមិនមានដំណោះស្រាយឲ្យពួកគាត់នៅឡើយ។ លោកស្រីអះអាងថា ដីខាងមុខផ្សារនេះ ពួកគាត់រៃលុយគ្នាទិញ តាំងពីឆ្នាំ ១៩៩៤ រយះពេល៣០ឆ្នាំហើយ។ លោកស្រី ស៊ីមហេង សំណូមពរកុំឲ្យមានការសាងសង់អ្វីទាំងអស់នៅទីធ្លាខាង មុខផ្សារនេះ ដោយទុកគ្រាន់ដាក់កង់ដាក់ម៉ូតូ ហើយពួក គាត់មិនយកជាកម្មសិទ្ធិនោះទេ។
ក្រុមអាជីវករផ្សារខាងលើនេះរំពឹងថា រដ្ឋបាលខេត្ត កំពង់ធំនឹងយល់ឃើញអំពីបញ្ហានេះ ហើយមិនអនុញ្ញាតឲ្យមានការសង់សំណង់រឹងមាំ នៅលើដីដែលជាចំណតសម្រាប់អតិថិជនចូលផ្សារនោះឡើយ៕
ដោយ: ដោយសហការី ទំនាក់ទំនងព័ត៌មាន👉095441817
No comments:
Post a Comment