សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

មន្រ្តីមន្ទីរស្ថាប័នជំនាញនៅខេត្តពោធិ៍សាត់ឆ្លើយដាក់គ្នាករណីការដ្ឋានកាយដីបូមខ្សាច់ បែបអនាធិបតេយ្យស្ទើរក្លាយជារន្ធបាយខុំ

ដោយ :www.phally-news.com


ខេត្តពោធិ៍សាត់÷ ប្រជាពលរដ្ឋស្រុកបាកាន,ភ្នំក្រវាញ និងក្រុងពោធិ៍សាត់លើកឡើងស្រដៀងគ្នាថា ការដ្ឋានកាយដីដើម្បីបូមខ្សាច់តាមតំបន់នានា ជាពិសេសតាមដងស្ទឹងពោធិ៍សាត់ តែ ម្ដង បច្ចុប្បន្ននេះកំពុងរងការបំផ្លិចបំផ្លាញសោភណ្ឌភាពដងស្ទឹង,ផ្លូវ,ថ្នល់,លូ,ស្ពានតូចៗ...និងរងផលប៉ះពាល់ផ្នែកបរិស្ថានជាខ្លាំង ពិសេសធនធានរ៉ែតែម្ដង។ ទោះជា យ៉ាងណាក៏ដោយមន្ទីររ៉ែ និងថាមពល ខេត្តពោធិ៍សាត់ហាក់ដូចជា មិនមានប្រតិកម្មចំពោះបញ្ហា ដែលកំពុងកើតឡើងក្នុងមូលដ្ឋានរបស់ខ្លួននោះឡើយ។ភាពស្ងៀម ស្ងាត់នោះ នាំឲ្យមានមន្ទិលដល់មជ្ឈដ្ឋាននានា នៅក្នុងខេត្តពោធិ៍សាត់។


ជាក់ស្ដែងគេសង្កេតឃើញមានការដ្ឋានកាយបកដីដើម្បីបូមយកដីខ្សាច់ ដែលមានទីតាំងអមសងខាងដងស្ទឹងពោធិ៍សាត់ ដូចជានៅក្នុងភូមិសាស្ត្រ សង្កាត់លលកស និងសង្កាត់ចំរើនផលក្រុងពោធិ៍សាត់,ឃុំបាក់ចិញ្ចៀនឃុំសំរោង ឃុំព្រងឹល និងឃុំលាច ស្រុកភ្នំក្រវាញ។ ចំណែកតាមបណ្ដាឃុំខ្លះនៃស្រុកបាកានក៏មានការដ្ឋានកាយដីបូមខ្សាច់ដូចគ្នាដែរ ។ ទីតាំងការដ្ឋានបូមយករ៉ែ(ដីខ្សាច់) នីមួយៗខាងលើ ភាគច្រើនគេឃើញកាយយកអាចម៍ដីចេញទើបបូមយកខ្សាច់ ទីតាំងខ្លះកាយបកយកដីចេញដូចគ្នាដែរ ប៉ុន្តែជាប់ច្រាំងស្ទឹងតែម្ដង នេះហើយជាការបំផ្លិចបំផ្លាញសោភណភាពស្ទឹង បាក់ស្រុតផ្ទះសម្បែងប្រជាពលរដ្ឋដែលករណីនេះគេពុំដឹងថា ថៅកែទាំងនោះគាត់មានសិទ្ធិបូមខ្សាច់ច្រាំងស្ទឹង ឬគាត់ទិញដីពីនរណា ហើយនរណាមានសិទ្ធិលក់នោះ? ទីតាំងមួយចំនួនទៀតឃើញបូមកាត់ក្នុងស្ទឹងដែរ ប៉ុន្តែគេពុំដឹងថា ត្រូវស្តង់ដារបច្ចេកទេសឬយ៉ាងណានោះទេ។

ក្រុមថៅកែការដ្ឋានបូមខ្សាច់ភាគច្រើនបានដឹកជញ្ជូនតាមរថយន្តធុនធំៗទៅដាក់កន្លែងផ្សេងដើម្បីលក់បន្ត។ បញ្ហានេះនាំឱ្យខូចខាតផ្លូវថ្នល់ ខូចលូ ស្ពានតូចៗ ថែម ទាំងចាក់ដីបិទភ្ជឹតស្ពានតូចៗទាំងនោះទៀតផង។ ជា ពិសេសជាងនេះទៅទៀតនោះ ពេលដឹកដីខ្សាច់បានជ្រុះហុយរកដកដង្ហើមស្ទើរតែពុំរួច ។ បញ្ហាទាំងនេះគេពុំដឹងថា ក្រុមឈ្មួញមានសិទ្ធិប៉ុនណានោះទេ បានជាពួកគាត់ធ្វើអាជីវកម្មគ្មានគិតអំពីផលប៉ះពាល់ដល់ប្រជាជនបែប នេះ ។ ជាទូទៅគេសង្កេតឃើញ រថយន្តដឹកខ្សាច់ ដាក់ពេញប្រៀបដឹកជញ្ជូនតាមផ្លូវចិត្តលេខ៥ ឆ្លងទៅបណ្ដាខេត្តភាគខាងលិច។ រថយន្តដឹកខ្សាច់ទាំងនោះ ត្រូវគេមើលឃើញថា ប្រាកដជាលើសទម្ងន់ ប៉ុន្តែហេតុអ្វីបាន ជាគេអាចធ្វើដំណើរបានលើផ្លូវជាតិដោយស្រួល។

ពាក់ព័ន្ធករណីប្រជាពលរដ្ឋលើកឡើង អំពីផលប៉ះពាល់ការដ្ឋានកាយដីបូមខ្សាច់នេះ អ្នកយកព័ត៌មានទាក់ទងទៅមន្រ្តីមន្ទីរជំនាញពាក់ព័ន្ធលោក កែវ វ័យ ប្រធានមន្ទីរ ធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់ តាមរយៈ (តេ ឡេក្រាម)ពុំបានលទ្ធផលទេ។ លោក គង់ ពុទ្ធីរ៉ា ប្រធាន មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ តាមរយៈ(តេឡេក្រាម) បានឆ្លើយតបសំណួរថា រណ្ដៅបូមខ្សាច់ និងដឹកជញ្ជូននេះ មានអាជ្ញាប័ណ្ណពីមន្ទីររ៉ែនិងថាមពល។

លោក សេង ប៊ុនថុល ប្រធានមន្ទីររ៉ែ និងថាមពល ខេត្ត ពោធិ៍សាត់បានឱ្យដឹងតាមរយៈវ៉ាត់អាប់ថា ក្រុមហ៊ុនទាំងអស់សុទ្ធតែមានអាជ្ញាប័ណ្ណ ចេញដោយក្រសួងខ្លះ និងខេត្តខ្លះហើយមុននឹងចេញអាជ្ញាប័ណ្ណតម្រូវឱ្យមាន ការវាយតម្លៃពីក្រសួងបរិស្ថានឬមន្ទីរបរិស្ថាន កិច្ចសន្យាការពាររបរ ហើយការធ្វើអាជីវកម្មគឺមានការធ្វើអធិការ កិច្ចពីសំណាក់មន្រ្តីក្រសួងរ៉ែ និងថាមពល និងមន្ទីររ៉ែ និងថាមពល ជាប្រចាំផងដែរ ។ ប៉ុន្តែចម្លើយរបស់លោកប្រធានមន្ទីរ៉ែនិងថាមពលត្រូវគេមើលឃើញថាគ្រាន់តែជាចម្លើយឲ្យរួចតែពីមាត់ ដោយមិនមានការទទួលខុស ត្រូវតែប៉ុណ្ណោ៕







No comments