បន្ទាប់ពីបានបោះទីតាំងប្រកបដោយជោគជ័យនៅតាមបណ្ដាស្រុកមួយចំនួនក្នុងខេត្តកំពង់ចាមមកនោះ ឥឡូវ នេះមាន់ជល់អនឡាញរបស់ក្រុមហ៊ុន R78 បានធ្វើ ដំណើរមកដល់នៅតាមមូលដ្ឋានស្រុកព្រៃឈរខេត្តកំពង់ចាមហើយ។ នៅស្រុកព្រៃឈរលោកអធិការសេងណាបានប្ដេជ្ញាបង្ក្រាបឲ្យបានល្បែងស៊ីសងគ្រប់ប្រភេទជាពិសេសអនុវត្តឲ្យខាងតែបាននូវនយោបាយភូមិ-ឃុំមានសុវត្ថិភាព។
ល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញក្រុមហ៊ុន R78 ជាច្រើនកន្លែងក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម កំពុងបើកលេងចាក់ភ្នាល់យ៉ាងគគ្រឹកគគ្រេង ក្នុងមួយថ្ងៃៗ រាប់សិបគូរ ហើយក្នុងមួយគូរៗចាក់ភ្នាល់រាប់រយដុល្លារឬក៏រាប់ម៉ឺនរៀលឯណោះ ដោយមិនខ្លាចញញើតនឹងច្បាប់ទាល់តែសោះ ។ អ្នកភូមិខ្សិបថា គេឃើញសមត្ថកិច្ចនគរបាលប៉ុស្តិ៍និងមន្ត្រីនគរបាលអធិការដ្ឋានស្រុកព្រៃឈរចុះទៅមើលដែរ ប៉ុន្តែមិនមែនទៅបង្ក្រាបនោះឡើយ។ អស់លោកមន្ត្រីនគរបាលទាំងនោះត្រូវប្រជាពលរដ្ឋសង្ស័យថា ទំនងជាអ្នកសម្របសម្រួលដើម្បីឲ្យ ទីកន្លែងល្បែងស៊ីសងមាន់ជល់អនឡាញនេះ ដំណើរការដោយសុវត្ថិភាពតែប៉ុណ្ណោះ។
ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា ទំនងជាមានការបើកភ្លើងខៀវពីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានស្រុក ព្រៃឈរហើយមើលទៅ ទើបម្ចាស់ទីតាំងជល់មាន់អនឡាញនេះ អាចបើកដំណើរការចាក់ភ្នាល់មាន់ជល់របស់ក្រុមហ៊ុន R78បានយ៉ាងរលូនបែបនេះ ។ ប្រជាពលរដ្ឋរស់នៅស្រុកព្រៃឈរលើកឡើងថា ទីតាំងល្បែងស៊ីសងមាន់ជល់នេះ កំពុងធ្វើឲ្យពួកគាត់មានការព្រួយបារម្ភពីការកើនឡើងនៃអំពើហិង្សាក្នុងគ្រួសារ អំពើចោរកម្ម,ការបែកបាក់គ្រួសារនៅក្នងមូលដ្ឋាន។ បុរសជាមេគ្រួសារមួយចំនួនចំណាយ ពេលវេលានិងលុយកាក់នៅទី កន្លែងជល់មាន់អនឡាញខាងលើនេះ។
លោកវរសេនីយ៍ឯក សេង ណា អធិការនគរបាលស្រុកព្រៃឈរ តែងណែនាំដល់មន្ត្រីឱវាទចំណុះអធិការដ្ឋាន ឱ្យបន្តជម្រុញ,ផ្សព្វផ្សាយលក្ខណៈសម្បត្តិ៧ យ៉ាង នៃគោលនយោបាយភូមិឃុំ-សង្កាត់ មានសុវត្ថិភាព និង វេទិការសាធារណក្នុងមូលដ្ឋានឱ្យបានច្រើន ពិសេស នៅតាមសាលារៀន,តៀមលក់ការហ្វ ...។ ប៉ុន្តែមិនដឹងហេតុដូចម្ដេចបានជាមាន់ជល់អនឡាញរបស់ក្រុមហ៊ុនR78 អាចដំណើរការបានយ៉ាងគគ្រឹកគគ្រេងនៅក្នុងមូលដ្ឋានស្រុកព្រៃឈរយ៉ាងដូច្នេះ?
គួរបញ្ជាក់ថា ការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពនេះ មានគោលបំណង កៀរគរ និងបំផុសការចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការអនុវត្តន៍គោលនយោបាយនេះ ឲ្យមានប្រសិទ្ធភាព តាមរយៈសកម្មភាព បំផុសចលនាចូលរួមពីបងប្អូនប្រជាការពារ,ប្រជាពលរដ្ឋ ក្នុងការរួមចំណែកសហការផ្ដល់ព័ត៌មាន ពីតាមមូលដ្ឋាន ក្នុងន័យរួមគ្នាការពារសន្តិសុខ សុវត្ថិភាព ក្នុងសហគមន៍ នៅទូទាំងស្រុក៕
No comments:
Post a Comment