(កណ្ដាល)៖ ថៅកែទូកដម្នាក់ឈ្មោះ ហួត រតនា ត្រូវបានប្រភពបញ្ជាក់ថា បានលួចធ្វើអាជីវកម្មកំពង់ចម្លងកោះថ្មី ស្ថិតនៅឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាលជាង១ឆ្នាំ ដោយមិនមានច្បាប់អនុញ្ញាតពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនោះទេ។ តើម្ចាស់កំពង់ចម្លងអត់ច្បាប់រូបនេះ មានទុកច្បាប់នៅក្នុងភ្នែកខ្លះទេ?។ នេះបើតាមប្រភពដែលអង្គភាពPhally News ទទួលបាននៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
បើតាមប្រភពដែលPhally News ទទួលបាន ថា ពីមុនឈ្មោះ ហួត រតនា ធ្លាប់ទទួលបានការឯកភាពពីរដ្ឋបាលស្រុកស្អាងឱ្យធ្វើអាជីវកម្មរយៈពេល៥ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ប៉ុន្តែបុគ្គលរូបនេះ មិនបានបំពេញនីតិវិធីហិរញ្ញវត្ថុសាធារណៈទេ។ កន្លងមកការធ្វើអាជីវកម្មរបស់បុគ្គលរូបនេះក៏គ្មានសៀវភៅបន្ទុកសម្រាប់អនុវត្តត្រឹមត្រូវនោះដែរ ហើយបុគ្គលរូបនេះបានធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានថែមទៀតផង ដោយសារការប្រើពាក្យសម្តីមិនសមរម្យ។
ប្រភពបានបញ្ជាក់ថា បុគ្គលឈ្មោះ ហួត រតនា នេះ នៅតែបន្តលួចធ្វើអាជីវកម្មកំពង់ចម្លងខាងលើដដែល បើទោះបីដឹងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានសម្រេចផ្នែកហិរញ្ញវត្ថុផ្តល់ជូនឈ្មោះ ឆាន់ កុសល និងឈ្មោះ ម៉ុង សុទ្ធាវី ឲ្យធ្វើវិនិយោគ និងធ្វើអាជីវកម្មកំពង់ចម្លងក្បាលកោះ-រកាក្រោម និងកំពង់ចម្លងកោះថ្មី-ព្រែកតាឡៃ នៅស្រុកស្អាង ខេត្តកណ្តាលនេះរយះពេល១៥ឆ្នាំហើយក៏ដោយ។
ប្រភពបានបញ្ជាក់ឲ្យដឹងទៀតថា បុគ្គលឈ្មោះ ហួត រតនា នេះ កន្លងមក ធ្លាប់ត្រូវបានរដ្ឋបាលស្រុកស្អាងបានចេញលិខិតផ្អាកអាជីវកម្មកំពង់ចម្លងក្បាលកោះ-រកាក្រោម និងកំពង់ចម្លងកោះថ្មី-ព្រែកតាឡៃ និងធ្លាប់លិខិតជូនដំណឹងឲ្យបញ្ឍប់ធ្វើអាជីវកម្មកំពង់ចម្លងក្បាលកោះ-រកាក្រោម និងកំពង់ចម្លងកោះថ្មី-ព្រែកតាឡៃ ជាបន្តបន្ទាប់ក៏ដោយ ប៉ុន្តែបុគ្គលរូបនេះនៅតែលួចបន្តធ្វើអាជីវកម្មកំពង់ចម្លងខុសច្បាប់ ដោយអះអាងថា ខ្លួនចម្លងលក្ខណៈគ្រួសារ។
ជុំវិញករណីថៅកែកំពង់ចម្លងអត់ច្បាប់ខាងលើនេះ មជ្ឍដ្ឋានបានខ្សឹបឲ្យដឹងថា បើអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ-ស្រុក-ខេត្តកណ្ដាលនៅតែបណ្ដែតបណ្ដោយឲ្យបុគ្គលឈ្មោះ ហួត រតនា បន្តលួចធ្វើអាជីវកម្មចម្លងមនុស្សទាំងអត់ច្បាប់បែបនេះ បើក្នុងករណីមានហានិភ័យលិចទូកឬមានបញ្ហាណាមួយកើតឡើងដោយយថាហេតុ តើបានអ្នកណា ជាអ្នកទទួលខុសត្រូវលើអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋ។ អាជ្ញាធរគួរមានវិធានការផ្លូវច្បាប់ឲ្យបានតឹងរ៉ឹងចំពោះបុគ្គលទាំងឡាយណាដែលមិនគោរពច្បាប់ហើយយកអាយុជីវិតប្រជាពលរដ្ឋទៅលេងសើច។
គួរជម្រាបថា ពាក់ព័ន្ធករណីខាងលើនេះ រដ្ឋបាលខេត្តកណ្តាលបានសម្រេចផ្តល់ជូនឈ្មោះ ឆាន់ កុសល និងឈ្មោះ ម៉ុង សុទ្ធាវី ជំនួសវិញ ដោយបានគោរពស្នើសុំការសម្រេចផ្នែកហិរញ្ញវត្ថុពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីធ្វើវិនិយោគ និងធ្វើអាជីវកម្មកំពង់ចម្លងក្បាលកោះ-រកាក្រោម និងកំពង់ចម្លងកោះថ្មី-ព្រែកតាឡៃ នៅស្រុកស្អាង ខេត្តកណ្តាល។ ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានសម្រេចផ្នែកហិរញ្ញវត្ថុលើសំណើសុំវិនិយោគ ដោយអនុញ្ញាតឱ្យវិនិយោគ និងធ្វើអាជិវកម្មរយៈពេល១៥ឆ្នាំ ចាប់ពីឆ្នាំ២០២៣ តទៅដោយចំណាយទុនមុនចំនួន ២៥០លានរៀល និងបង់ចំណូលជូនថវិកាខេត្ត ៣.៥០០.០០០រៀល ក្នុងមួយឆ្នាំ នឹងត្រូវបង្កើន ៥%រៀងរាល់ ៥ឆ្នាំម្តង ព្រមទាំងអនុវត្តការបង់ពន្ធដារស្របតាមច្បាប់ជាធរមាន។ ក្រោយពីទទួលបានលិខិតលេខ ៨៥២០ សហវ.ល.ស.អទច របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋបាលខេត្តកណ្តាលបានរៀបចំសៀវភៅបន្ទុក និងកិច្ចសន្យា និងធ្វើអាជីវកម្មកំពង់ចម្លងខាងលើ ដោយមានចុះហត្ថលេខាពីមន្ទីរជំនាញពាក់ព័ន្ធ និងមានការឯកភាពពីអតីតលោកអភិបាលខេត្តចាស់ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ ដើម្បីអនុវត្ត៕
No comments:
Post a Comment