ខេត្តកណ្ដាល៖ នៅក្នុងពេលថ្មីៗនេះ មានក្រុមអ្នកលក់មាសជាច្រើននាក់នៅតាមបណ្តោយផ្លូវ២០៥ ជិតផ្សារតាខ្មៅចាស់ ស្ថិតនៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាលបានកំពុងរំលោភយកដីចំណីផ្លូវរដ្ឋ ចិញ្ចើមផ្លូវសាធារណៈ ដោយបានសង់សំណង់ និងដាក់តូបធ្វើជាកន្លែងលក់មាស ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាននោះទេ។ អំពើនេះមិនត្រឹមតែប៉ះពាល់ដល់រូបភាពសណ្តាប់ធ្នាប់នៅក្នុងទីក្រុងទេ ប៉ុន្តែថែមទាំងបង្កឱ្យមានការកកស្ទះចរាចរណ៍ និងបង្កបញ្ហាសុវត្ថិភាពផងដែរ។ ជាពិសេសក្រុមអ្នកលក់មាសទាំងនោះបានធ្វើសំយ៉ាប ធ្វើស្លាកយីហោ ចាក់បេតុងគ្របលើលូសាធារណៈនិងចិញ្នើមផ្លូវសម្រាប់អ្នកថ្មើរជើងទៀតផង។ នេះបើតាមប្រភពដែលផល្លីញូវ ទទួលបាននៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥នេះ។
ប្រភពពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្រុងតាខ្មៅបានស្នើសុំឱ្យអាជ្ញាធរមូលដ្ឋានចាត់វិធានការរហ័ស ដើម្បីបញ្ឈប់ការរំលោភដីរដ្ឋ និងស្ដារឡើងវិញនូវសណ្តាប់ធ្នាប់ក្នុងតំបន់នោះឲ្យមានប្រសិទ្ធិភាពខ្ពស់ ចៀសវាងមានការបំពានលើអចលនទ្រព្យសាធារណៈ ដើម្បីធានាបាននូវកិត្តិយស និងសុវត្ថិភាពសង្គម និងដើម្បីការពារទ្រព្យសម្បត្តិសាធារណៈ និងគាំទ្រការអភិវឌ្ឍទីក្រុងឲ្យមានរចនាសម្ព័ន្ធស្អាតស្អំ។
បើតាមពលរដ្ឋសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ការរំលោភដីចំណីផ្លូវសាធារណៈនិងចិញ្ចើមផ្លូវរដ្ឋពីក្រុមអ្នកលក់មាសទាំងនោះ បានបង្កឲ្យមានបញ្ហាច្រើនសន្ធឹកសន្ធាប់ដូចជា ការកកស្ទះចរាចរណ៍ពេលព្រឹកនិងល្ងាចដែលជាពេលមានចរាចរណ៍ច្រើន អ្នកបើកបរច្រើន និងបង្កឲ្យមានភាពលំបាកសម្រាប់អ្នកថែទាំអនាម័យក្នុងការទៅអនាម័យតាមដងផ្លូវផងដែរ។ ប្រភពបន្តថា អ្នកលក់មាសខ្លះបានភ្ជាប់ភ្លើងនិងទឹកដោយខុសច្បាប់ ក៏បង្កបញ្ហាអន្តរាយបន្ថែមទៀតដែរ។ ប្រភពបន្តទៀតថា ការចូលរួមប្រកបអាជីវកម្មលើដីចំណិផ្លូវសាធារណៈដោយខុសច្បាប់នេះ មិនត្រឹមតែបំផ្លាញដល់ការដឹកជញ្ជូនទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ភាពស្មើគ្នានៃការប្រកួតប្រជែងនៅក្នុងទីផ្សារផងដែរ។
ប្រភពពីតុកាហ្វេថា ពាក់ព័ន្ធករណីខាងលើនេះ អាជ្ញាធរមូលដ្ឋានគួរប្រកាសឬចេញសេចក្តីជូនដំណឹងប្រាប់ឲ្យក្រុមអ្នកលក់មាសទាំងនោះបានយល់ពីផលប៉ះពាល់និងចាកចេញពីចំណីដីរដ្ឋឲ្យបានឆាប់រហ័ស មុនពេលអាជ្ញាធរចាប់អនុវត្តវិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព សេចក្តីជូនដំណឹងនោះ អាចនឹងមានការដកហូតបណ្តាញភ្លើង ទឹកជាដើម។
ប្រជាពលរដ្ឋបានស្នើសុំដល់អាជ្ញាធរមូលដ្ឋានសង្កាត់តាខ្មៅ ក្រុងតាខ្មៅគួរតែមានការរឹតបន្តឹងអនុវត្តច្បាប់ កុំឲ្យកើតមានភាពអនាធិបតេយ្យ បាត់បង់ចិញ្ចើមផ្លូវសាធារណៈ បាត់បង់ដីចំណីផ្លូវរដ្ឋ គ្មានសណ្ដាប់ធ្នាប់ល្អ ដើម្បីការពារផ្លូវសាធារណៈដែលជាកម្មសិទ្ធិរបស់ប្រជាជនទាំងមូល និងធានាឱ្យទីក្រុងមានសណ្តាប់ធ្នាប់ ស្អាត និងអភិវឌ្ឍប្រកបដោយចីរភាព៕
No comments:
Post a Comment