មិនថារដូវប្រាំងឬរដូវវស្សានោះទេ ទីលានចាក់សំរាមមួយកន្លែង នៅក្នុងឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល គួរតែមានការកែសម្រួលឲ្យបានសមរម្យជា ពិសេសបញ្ហាបរិស្ថាន។ រហូតមកដល់ពេលនេះ ផ្សែងហុយភ្លើងឆេះងំ នៅតែបន្តកើតមានជាដដែល ដែលធ្វើ ឲ្យប៉ះពាល់ដល់សុខមាលភាព ប្រជាពលរដ្ឋនៅតំបន់នោះ។ ប៉ុន្តែរដ្ឋបាលស្រុកមិនទាន់មានដំណោះ ស្រាយនៅឡើយ។ ប្រជាពលរដ្ឋមានចម្ងល់ចំពោះរដ្ឋបាលស្រុកខ្សាច់កណ្ដាលដែលស្ងាត់ស្ងៀម ករណីសំរាមនេះ។
គួរបញ្ជាក់ថា ទីតាំងចាក់សំរាម១កន្លែងនៅក្បែរភូមិអញ្ជែងលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កំពុងប៉ះពាល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ។ ប្រជាពលរដ្ឋរស់នៅជុំវិញតំបន់នោះសំណូមពរឲ្យរដ្ឋបាលខេត្តកណ្ដាល រៀបចំទីលានចាក់សំរាមឲ្យបានត្រឹមត្រូវ ចៀសវាងបញ្ហាប៉ះ ពាល់សុខភាពប្រជាពលរដ្ឋ ក៏ដូចជាអ្នកធ្វើដំណើរជា ទូទៅ។ នៅរដូវវស្សានេះទឹកសំអុយហូរច្រោះចេញពីគំនរសំរាមចូលទៅក្នុងបឹងដែលនៅជិតនោះ។ សាកស្រមៃទៅមើលថាតើវាបង្កហានិភ័យប៉ះ ពាល់សុខភាពមនុស្សសត្វដែលប្រើប្រាស់ទឹកបឹងនោះយ៉ាងណា?
លោកគួច ចំរើន អភិបាលខេត្តកណ្ដាល ធ្លាប់បានអំពាវនាវយ៉ាងទទូច មិនឲ្យមានការចាក់សំរាម ឬដុតសំរាមដែលនាំឲ្យប៉ះពាល់ដល់បរិស្ថាននិងជីវភាព រស់នៅរបស់ប្រជាពលរដ្ឋនោះឡើយ។ លោកអភិបាល ខេត្តអំពាវនាវស្រុក-ក្រុងគ្រប់ទិសទី ក្នុងខេត្តកណ្ដាល ត្រូវចាត់វិធានការប្រកបដោយប្រសិទ្ធភាព មិនអនុញ្ញាតឲ្យដុតសំរាមជាដាច់ខាត។ការដុតសំរាមបែប នេះធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការរស់នៅរបស់ប្រជាពលរដ្ឋនិងបរិស្ថាន។ បើទោះបីជាមានការទទូចស្នើសុំពីលោកអភិបាលខេត្តទាំងណាក៏ដោយប៉ុន្តែបញ្ហាសំរាមនៅក្នុងឃុំពុកឬស្សី មិនទាន់មានចំណាត់ការយ៉ាងណាពីរដ្ឋបាលស្រុកខ្សាច់កណ្ដាលនៅឡើយទេ។
ប្រជាពលរដ្ឋនៅភូមិអញ្ជើងលើ ក៏ដូចជានៅឃុំពុកឫស្សីទាំងមូល ទទូចស្នើសុំរដ្ឋបាលខេត្តកណ្ដាលជួយសម្រប សម្រួលឬចាត់វិធានការយ៉ាងណា ដាស់តឿនរដ្ឋបាលស្រុកខ្សាច់កណ្ដាល ដើម្បីឲ្យមានទីតាំងចាក់សំរាមមួយ ដែលមិនមានទិដ្ឋភាពដូចសព្វថ្ងៃនេះ។ ប្រជាពលរដ្ឋសង្ឃឹមថា អាជ្ញាធរស្រុកខ្សាច់កណ្ដាលក៏ដូចជាថ្នាក់ដឹក នាំខេត្តកណ្ដាល នឹងមិនបណ្ដោយឲ្យមានបញ្ហាដែលកំពុងកើតឡើងនៅលើគំនរ សំរាមដូចសព្វថ្ងៃនេះទៀតទេ៕
No comments:
Post a Comment