ខេត្តពោធិ៍សាត់÷ ដីព្រៃទំហំប្រមាណ៦ហិចតាកំពុងរងការឈូសឆាយពីសំណាក់ឈ្មួញទុច្ចរិត ដែលរហូតមកដល់ពេល នេះគេប្រាប់ថា បានឈូសរួចរាល់៥ហិចតាហើយ នៅ សល់តែ១ហិចតាទៀតប៉ុណ្ណោះរួចរាល់ជាស្ថាពរហើយ។ករណីនេះបានធ្វើឲ្យ ប្រជាពលរដ្ឋសម្ដែងការហួសចិត្តដោយសុខៗដីព្រៃចំណុចវាលក្ងោក ជិតពាមប្រក ក្នុងភូមិក្សេតបុរី ឃុំសន្ទ្រែរ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
ត្រូវបានបុគ្គលមានអំណាច ជួលគ្រឿងចក្រ ត្រាក់ទ័រ យកទៅឈូសឆាយដីព្រៃរេចរិលដោយមិនក្រែងញញើតច្បាប់បន្តិចសោះឡើយ។ ប្រភពខ្លះថា ដីនោះឋិតនៅក្រោមដែនសមត្ថកិច្ចរបស់បរិស្ថាន។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅជុំវិញទីតាំង ដែលកំពុងឈូសឆាយតំបន់នោះប្រាប់ឲ្យដឹងថា បុគ្គលមាន អំណាចបានជួលត្រាក់ទ័រមកឈូសឆាយដីព្រៃ ដែលជាដីរបស់រដ្ឋជាច្រើនហិចតា។ តាមប្រភពព័ត៌មាន ពីម្ចាស់ត្រាក់ទ័រដែលកំពុងឈូសឆាយដីព្រៃនោះមានឈ្មោះ វិន សារេត រីឯប្រពន្ធឈ្មោះ សុិន ស្រីទូច រស់នៅចំណុចក្រសាំង ស្ថិតនៅក្នុងឃុំរកាត ស្រុកភ្នំក្រវាញប្រាប់ថា ដីដែលគេកំពុងស៊ីឈ្នួលឈូសឆាយនេះ ជាដីរបស់ លោក ជាតិ មន្ត្រីសុរិយោដីស្រុកបាកាន ហើយដីដែលគេកំពុង ស៊ីឈ្នួលឈូសឆាយនេះទទួលបានតម្លៃ ៤០០ទៅ៥០០ ដុល្លា ក្នុង១ហិចតា តាមស្ថានភាពនៃដី ។ អ្នកឈូសឆាយខាងលើនេះបានបន្ថែមថា អ្នកជួលឱ្យឈូសឆាយមិនសូវមានពេលមកពិនិត្យឲ្យបានដិតដល់រាល់ថ្ងៃនោះទេ ពោលគឺពីរបីថ្ងៃបានមកមើលម្ដង។
លោក អ៑ុំ សាមិ មេឃុំសន្ទ្រែរបានប្រាប់ថា ពាក់ព័ន្ធករណីការឈូសឆាយដីព្រៃខាងលើនេះលោកមិនបានដឹងទេ។ជាមួយគ្នានេះដែរ លោក ហេង សុភាណា អភិបាល នៃគណៈអភិបាលស្រុកភ្នំក្រវាញ ក៏មិនបានដឹងអំពីករណី ឈូសឆាយដីព្រៃនៅតំបន់ខាងលើនេះដែរ។ យ៉ាងណាក៏ ដោយលោកនឹងចាត់មន្ត្រីជំនាញឲ្យចុះស្រាវជ្រាវពិនិត្យ មើលឲ្យបានច្បាស់លាស់។ ករណីនេះ ជារឿងលំបាកពី ព្រោះសូម្បីតែអាជ្ញាធរមូលដ្ឋាន ឃុំនិងស្រុក ក៏មិនដឹងរឿងឈូសឆាយធ្វើទំហំផ្ទៃដីជាង៦ ហិចតានោះផង។ ដូច្នេះទម្រាំអាជ្ញាធរមូលដ្ឋានដឹងនិងចុះទៅត្រួតពិនិត្យគឺពួកឈ្មួញឈូសឆាយដីព្រៃនោះ រួចរាល់ស្រេចបាច់ជា ស្ថាពរទៅហើយ។
ប្រភពខ្លះថា ដីព្រៃទាំងនោះក្នុងដែនសមត្ថកិច្ចរបស់មន្ទីរបរិស្ថានជាអ្នកគ្រប់គ្រង។ យ៉ាងណាក៏ដោយមិនឃើញមានអាជ្ញាធរមានសមត្ថកិច្ច ឬផ្នែកខាងបរិស្ថានចុះមកត្រួតពិនិត្យសកម្មភាពឈូសឆាយដីព្រៃខុសច្បាប់នេះទេ។ ទាំងអាជ្ញាធរឃុំដែលនៅនឹងកន្លែង ក៏ដូចជាថ្នាក់ ដឹកនាំស្រុកភ្នំក្រវាញ ត្រូវប្រភពអះអាងថា បានដឹងអំពីសកម្មភាពឈូសឆាយរបស់ពួកឈ្មួញ នៅតំបន់ខាង លើនោះដែរ ប៉ុន្តែមានចេតនាធ្វើមិនដឹងមិនឮ ទំនងជាទទួលបានលាបសក្ការៈផលប្រយោជន៍ណាមួយ។ ពី ព្រោះតាំងពីពេលអ្នកកាសែតបានសួរនាំ រហូតមកដល់ពេលនេះមិនឃើញមានមន្ត្រីមានសមត្ថកិច្ចថ្នាក់ឃុំ ឬស្រុកចុះមកសួរនាំការឈូសឆាយនោះទេ៕
ដោយ:ប៊ុនណា
No comments:
Post a Comment