សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

តស់ តស់ នាំគ្នាទៅលេងល្បែងស៊ីសងរបស់ថៅកែ អូនពេជ្រ នៅទីតាំងចាស់ម្តុំតារាងបាល់ទះជិតវត្តនាគវ័ន្ត

ដោយ :www.phally-news.com



ភ្នំពេញ÷ ជារៀងរាល់ថ្ងៃវេលារសៀលម៉ោង១ឬម៉ោង២ ដំណើរការវង់ល្បែងស៊ីសង របស់ថៅកែអូនពេជ្រ ចាប់ដំណើរការ អូសបន្លាយរហូតដល់វេលាភ្លឺឬព្រឹកព្រលឹមតែម្ដង។ កាលខែមុន គេឃើញអាជ្ញាធរខណ្ឌទួលគោកទៅដេញបង្អើលម្ដងដែរ។ នោះវាគ្រាន់តែជាវិធី នៃការវ៉ៃស្មៅ បង្អើលពស់ បន្ទាប់ពីឃើញគេហទំព័រយើងខ្ញុំ ចុះ ផ្សាយរួចមក។ ដំណើរការលេងល្បែងស៊ីសង ពិសេសបៀរដែលចាក់ក្នុង១ទូៗរាប់រយដុល្លារនោះ ធ្វើឱ្យមានការព្រួយបារម្ភអំពីបញ្ហាអសន្តិសុខឬរំលោភយ៉ាងធ្ងន់ធ្ងរទៅនឹងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។


ប្រភពព័ត៌មានរាយការណ៍ថា មេវង់ល្បែងស៊ីសងឈ្មោះអូនពេជ្រ មានទំនាក់ទំនងល្អ ជាមួយអាជ្ញាធរមូលដ្ឋានសង្កាត់បឹងកក់ទី២ខណ្ឌទួលគោក រាជធានីភ្នំពេញ មុជមិនជ្រៅទៅមិនឆ្ងាយ ពីទឹកដីខណ្ឌទួលគោកនោះទេ។ ពីព្រោះទីតាំងនេះមានសុវត្ថិភាពសម្រាប់អ្នកលេង និងក៏ជិតសម្រាប់អ្នកញៀនល្បែងទាំងនោះដែរ។ គេរាយការណ៍ថា ទីតាំងនេះដំណើរការនៅម្ដុំតារាងបាល់ទះ១កន្លែងក្បែរវត្តនាគវ័ន្ត ក្រោយក្លិបM1 ក្នុងភូមិសាស្ត្រ ទីតាំងដីឡូត៍លេខ០១ ផ្លូវលេខ១៣២ ក្រុមទី៣៣ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលចាប់ ផ្ដើមដំណើរការបន្តទៀតហើយ។ វង់ល្បែងស៊ីសងដែលគ្រប់គ្រងដោយអូនពេជ្រ មានអ្នកលេងកាន់តែច្រើន ចូលលេង ដោយមិនខ្វល់អំពីបញ្ហាអសន្តិសុខ ឬប្រឈមនឹងការចាប់ចងរបស់សមត្ថកិច្ចនោះទេ។

លើកនេះមិនដូចមុនៗទៀតទេ គឺអូនពេជ្រធានាខុសត្រូវចំពោះសុវត្ថិភាព ដោយមិនឲ្យមានសមត្ថកិច្ចចុះមកឆា ឆៅ បង្កការភ័យខ្លាចដល់អ្នកលេងទៀតឡើយ។ យ៉ាង ណាក៏ដោយ ប្រសិនមានការចុះត្រួតពិនិត្យពីសំណាក់សមត្ថកិច្ចនោះ អូនពេជ្រនឹងជម្លៀសអ្នកលេងទាំងនោះឲ្យបានមុន ដើម្បីធានាសុវត្ថិភាពថា អ្នកលេងល្បែងនៅទីនេះមិនត្រូវបានចាប់ខ្លួន ឲ្យអ្នកកាសែតថតផ្សាយនោះឡើយ។ បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមអ្នកញៀនល្បែងប្រុស,ស្រី ណាត់គ្នាតាមទូរស័ព្ទ ក្រោមការសម្របសម្រួលពីមេវង់ គឺអូនពេជ្រ ចាប់ផ្ដើមលេងនៅវេលារសៀល ដោយលេងល្បែងដាក់លុយរាប់ពាន់ដុល្លារក្នុង១ដៃៗហើយអ្នកចាញ់ ជូនកាលអស់ខ្ទង់ម៉ឺនដុល្លារក៏មាន។ នៅក្នុងវង់ល្បែងគឺមានសេវាជាច្រើន... ក្រៅពីបាយទឹក,កាហ្វេ...ហើយក៏មានការទទួលបញ្ចាំរបស់ទ្រព្យមានតម្លៃទៀតផង។

ប្រភពរាយការណ៍ថា ដោយសារតែមានការចាញ់,ឈ្នះអស់រាប់ម៉ឺនដុល្លារ ទើបធ្វើឲ្យគ្រួសារអ្នកចាញ់ល្បែង សុំអន្តរាគមន៍ទៅរដ្ឋបាលរាជធានីភ្នំពេញ ឲ្យបញ្ឈប់សកម្ម ភាពវង់ល្បែងរបស់អូនពេជ្រនោះ។ ដូច្នេះហើយ ទើបវង់ ល្បែងនៅក្នុងទឹកដីសង្កាត់បឹងកក់ទី២ មួយកន្លែងនេះត្រូវបានដូរទីតាំងមួយរយៈ តាមសំណូមពររបស់អាជ្ញាធររាជធានីភ្នំពេញ។ វាមិនមែនជាចំណាត់ការរបស់អាជ្ញាធរដែនដីខណ្ឌទួលគោកនោះទេ។ ប្រភពសង្ស័យថា មន្ត្រីអាជ្ញាធរមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី៣ និងរដ្ឋបាលខណ្ឌ ទួលគោក ទំនងជាមានជាប់ជំពាក់នឹងផលប្រយោជន៍ណាមួយ ជាមួយថៅកែវង់ល្បែង ឈ្មោះអូនពេជ្រនោះហើយបានជាវង់ល្បែងនេះបាត់មុខមួយរយៈពីមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី៣ ហើយត្រឡប់មកវិញដោយប្រមូលបានអ្នក លេងច្រើនជាងមុនទៀតនោះ។

បញ្ហាអសន្តិសុខបង្កឡើងដោយវង់ល្បែងស៊ីសង គឺជារឿងមួយ ប៉ុន្តែទំនាស់នៅក្នុងគ្រួសារគឺជារឿង១ទៀត ដែលតែងតែកើតមានជារឿយៗ ហើយអ្នកលេងល្បែងខ្លះចាញ់អស់ប្រាក់រាប់ពាន់,រាប់ម៉ឺនដុល្លារ ឈានដល់ការគិតខ្លីបញ្ចប់ជីវិតទៀតផង។ករណីនេះគេមិនដឹងថា តើអាជ្ញាធរខណ្ឌទួលគោកនៅឈរខាងណាឲ្យពិតប្រាកដនោះទេ? តើឈរលើច្បាប់ ដើម្បីសន្តិសុខក្នុងមូលដ្ឋាន? ឬក៏ឈរនៅខាងអូនពេជ្រថៅកែវង់ល្បែង ដើម្បីបានផលប្រយោជន៍លាបសក្ការៈ? ភាពស្ងាត់ស្ងៀមរបស់អាជ្ញាធរធ្វើឲ្យប្រជាពលរដ្ឋសង្ស័យថា ការមិនបង្ក្រាបល្បែងវង់អូនពេជ គឺជារឿងផលប្រយោជន៍ របស់អាជ្ញាធរមាន សមត្ថកិច្ចនៅខណ្ឌ ទួលគោកនោះឯង។ គេរំពឹងថា អាជ្ញាធរខណ្ឌទួលគោកនឹងកាត់ផ្ដាច់ឫសគល់នៃវង់ ល្បែងរបស់អូនពេជ្រនេះ៕

ទំនាក់ទំនងព័ត៌មាន 095441817








No comments