ឯកឧត្ដមលោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នេះថា បន្ទាប់ពី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានប្រកាសបើកជាផ្លូវការយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា, សប្បុរសជនពីគ្រប់ទិសទី ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្ត បានចូលរួមយ៉ាងផុសផុលក្នុងការបរិច្ចាគដើម្បីគាំទ្រយុទ្ធនាការកៀរគរការបរិច្ចាគប្រចាំឆ្នាំដ៏សំខាន់ របស់មូលនិធិគន្ធបុប្ផាកម្ពុជា។
ឯកឧត្តម បានបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នេះ, យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថិកាបរិច្ចាគសរុបសមមូលជាប្រាក់ដុល្លារអាម៉េរិកចំនួនប្រមាណ ២,៩ លានដុល្លារ ពីសប្បុរជនសរុបចំនួនប្រមាណជាង ២០ម៉ឺន ៤ពាន់នាក់។
សូមរំលឹកជូនថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ នេះ មានរយៈពេលពេញ ១ខែ គឺពីថ្ងៃទី១ ដល់ថ្ងៃទី៣០ មិថុនា ឆ្នាំ២០២៤។ ក្នុងន័យនេះ, សប្បុរសជនដែលមានបំណងចូលរួមនាំភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា សូមជួយផ្សព្វផ្សាយបន្តអំពីយុទ្ធនាការនេះតាមបណ្ដាញសង្គមរៀងៗខ្លួន និងចូលរួមបរិច្ចាគតាមរយៈការស្កែន QR Code ឬតាមរយៈលេខគណនី ដូចមានក្នុងរូបភាពនេះ។
នាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអំពាវនាវដល់ពុកម៉ែ បងប្អូន ដែលមានទឹកចិត្តសប្បុរស បន្តចូលរួមបរិច្ចាគ ដើម្បីរួមគ្នាជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការនាំមកនូវក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារនៅកម្ពុជា ទោះបីជានៅពេលយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ នេះ ត្រូវបានបិទបញ្ចប់នៅថ្ងៃទី៣០ មិថុនា ឆ្នាំ២០២៤ ខាងមុខក៏ដោយ ព្រោះថាមន្ទីរពេទ្យគន្ធបុប្ផាត្រូវការថវិកាចំណាយប្រមាណ១២ ម៉ឺនដុល្លារ ក្នុងមួយថ្ងៃៗ (ឬប្រមាណ៤២លានដុល្លារក្នុងមួយឆ្នាំ) ដើម្បីរក្សានិរន្តរភាពនៃកិច្ចដំណើរការក្នុងបេសកកម្មពិនិត្យ និងព្យាបាលទារក កុមារ និងស្រ្តីមានផ្ទៃពោះរាប់លានករណីក្នុងមួយឆ្នាំ៕
No comments:
Post a Comment