រាជធានីភ្នំពេញ÷ សេចក្តីរាយការណ៍បានឲ្យដឹងថា ទីតាំងល្បែងស៊ីសងមួយកន្លែងកំពុងដំណើរការ នៅខាងក្រោយក្រសួង ទេសចរណ៍ នៃតំបន់បុរីកីឡាដែលបើកដំណើរការជាចំហរយ៉ាងសកម្មដែលនៅចម្ងាយប្រមាណ២ឬ៣០០ ម៉ែត្រប៉ុណ្ណោះពីអធិការដ្ឋាននគរបាលខណ្ឌ៣មករា។ ប្រភពរាយការណ៍ថា មានប្រជាពលរដ្ឋអ្នកញៀនល្បែងជាច្រើននាក់ កំពុងឈ្លក់វង្វេងជាមួយនឹងល្បែងស៊ីសងនៅទីតាំងខាងលើនេះ។
អ្នកដែលទៅលេងល្បែងផ្ទាល់នៅទីតាំងខាងលើនោះបានប្រាប់ថា អ្នកចូលចិត្តលេងល្បែងស៊ីសងអាចចូលតាមផ្លូវលំច្រកផ្លូវ ភូមិ១២សង្កត់វាលវង់ ដែលនៅទីនេះមានល្បែងស៊ីសងច្រើនប្រភេទដូចជា អាប៉ោង,បៀរ និងធូ (គ្រាប់អំពិល)។ ប្រភពអ្នកលេងល្បែងរូបនេះបញ្ជាក់ថា ហាក់ដូចជាមានសុវត្ថិភាពផងដែរ ចាប់ពីដំណើរការមកមិនឃើញមានសមត្ថកិច្ចណាចុះ ទៅគម្រាមកំហែង
ឬព្រមានថា នឹងចាប់អ្វីនោះឡើយ។ ទំនងជាម្ចាស់ទី តាំងបានសម្របសម្រួល ជាមួយអាជ្ញាធរខណ្ឌ៧មករាដែលនៅជិតនោះរួចរាល់ហើយ។
ប្រភពបានបន្ថែមថា មួយរយៈចុងក្រោយនេះ ពោលគឺតាំងពីដើមសប្តាហ៍នេះមក ចំនួនអ្នកលេងល្បែងនៅទីតាំងខាងលើបានកើនឡើងគួរឲ្យកត់សម្គាល់ ។ វាហាក់ដូចជាឱកាស នៃការចូលរួមអបអរសាទរបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលប្រជាពលរដ្ឋជាពិសេសអ្នកញៀនល្បែងសម្រុកចូលទៅទីតាំងខាងលើ ជាមួយនឹងការលេងចាក់ភ្នាល់ក្នុងទំហំទឹកប្រាក់ច្រើនគួរសមដែរ។ មានហេតុផលជាច្រើនដែលគេអាចទៅលេងល្បែងនៅទីនោះដោយចំហរនិងសប្បាយរីករាយ។ ទីមួយគឺដោយសុវត្ថិភាពនេះឯង។
គេមិនឃើញមានអាជ្ញាធរ ឬសមត្ថកិច្ចកម្លាំងនគរបាលចុះទៅអើតឈ្ងោកសួរនាំអ្វីទេ បើទោះបីជាមានការហ៊ោរ ស្រែកលឺខ្លាំងៗយ៉ាងណាក៏ដោយ។ ដោយសារតែមានសុវត្ថិភាពយ៉ាងដូច្នេះហើយ ទើបចំនួនអ្នកចូលទៅលេងល្បែងស៊ីសងទីតាំងខាងលើមានការកើនឡើងជាលំដាប់ ពីមួយថ្ងៃទៅមួយថ្ងៃ។ ទំនងជាអាជ្ញាធរខណ្ឌ៧ មករាអនុគ្រោះឲ្យលេង ដើម្បីអបអរសាទរចូលឆ្នាំថ្មីប្រពៃណីជាតិ ទេដឹង។
ប្រភពនិយាយថា លំបាកណាស់ក្នុងការដែរថា អាជ្ញាធរមិនដឹងនោះ ពីព្រោះវានៅជិតនិងអធិការដ្ឋាននគរបាលខណ្ឌ៧មករាដែរ។ ដូច្នេះមានតែការយោគយល់គ្នារវាងថៅកែវង់ល្បែងស៊ីសង និងអាជ្ញាធរតែប៉ុណ្ណោះ ទើបអាចដំណើរការទៅបាន។៕
No comments:
Post a Comment