(កណ្ថាល)៖ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំបានប្រកាសបដិសេធ និងច្រានចោលទាំងស្រុងចំពោះការចុះផ្សាយព័ត៌មានក្លែងក្លាយទាក់ទងការចុះផ្សាយព័ត៌មានរបស់សារព័ត៌មានអនឡាញឈ្មោះ chrtvonline ថា «នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ កំពុងត្រូវប៉ាន់ជាមួយទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ពីវៀតណាមចូលមកប្រទេសខ្មែររាល់ថ្ងៃយ៉ាងពេញបន្ទុក» លោកនាយប៉ុស្តិ៍បានចាត់ទុកការចុះផ្សាយព័ត៌មានមិនពិតនេះ គឺមានចេតនាបំពុលសង្គម មានចរិកញុះញង់ និងជាអ្នកសារព័ត៌មានគ្មានវិជ្ជាជីវៈ គ្មានក្រមសីលធម៌នោះទេ។
លោកបានបន្តថា ការចុះផ្សាយព័ត៌មានរបស់សារព័ត៌មានអនឡាញឈ្មោះ chrtvonline គឺមិនមានមូលដ្ឋានច្បាស់លាស់ពិតប្រាកដនោះឡើយ ពោលគឺជាការចុះផ្សាយបែបបំភាន់សាធារណៈធ្វើឲ្យប៉ះពាល់ដល់អង្គភាពប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និងការខិតខំរបស់មន្ត្រីនគរបាលអន្តោប្រវេសន៍ដោយព័ត៌មានបែបនេះ អាចប៉ះពាល់ដល់ទំនាក់ទំនងល្អរវាងស្ថាប័ន និងសាធារណៈទៀតផង។
លោកនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំបានបញ្ជាក់ថា ពាក់ព័ន្ធទំនិញនាឱចេញ-ចូលគឺមានតែមន្ត្រីគយនិងរដ្ឋាករកម្ពុជាដែលមានតួនាទីត្រួតពិនិត្យ ទំនិញនាំចេញ-នាំចូល ឆ្លងកាត់ នៅច្រកទ្វារអន្តរជាតិ ច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគី ច្រកទ្វារតំបន់ព្រំដែន ច្រកទ្វារកំពង់ផែសមុទ្រ តំបន់សេដ្ឋកិច្ចពិសេស ដោយឡែកលោកពុំមានសិទ្ធិក្នុងការអនុញ្ញាតឲ្យមានចរាចរទំនិញចេញ-ចូលដូចសារព័ត៌មានខាងលើចុះផ្សាយនោះទេ។
លោកបន្តថា ចំពោះការចុះផ្សាយសារព័ត៌មានអនឡាញ chrtvonline ដែលថា នាយប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និងបក្សពួក ឃុបឃិតគ្នាជាមួយឈ្មួញធំៗជាថ្នូរអនុញ្ញាតឱ្យនាំចូលទំនិញគេចពន្ធ, ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់បង្កប់តាមរថយន្តធំៗរថយន្តសាំយ៉ុងនិងរថយន្តមួយចំនួនទៀតដែលដឹក ទំនិញចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរ តាមច្រកមួយនេះ យកទៅចែកចាយលើទីផ្សារនានា និងឆ្ពោះទៅកាន់រាជធានីភ្នំពេញគឺជាការចុះផ្សាយព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត ជាព័ត៌មានគ្មានក្រមសីលធម៌ គ្មានវិជ្ជាជីវៈ មានចរិកញុះញង់ បំបែកបំបាក់។ លោកបន្តថា នៅទីនេះ ក៏ពុំមានច្រករបៀងដូចការចុះផ្សាយនោះទេ។
ដួច្នេះលោកនាយប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ សូមអំពាវនាវនិងសូមបដិសេធចោលទាំងស្រុងចំពោះការចុះផ្សាយខាងលើរបស់សារព័ត៌មានអនឡាញឈ្មោះ chrtvonline និងស្នើសុំឲ្យធ្វើការកែតម្រូវចំពោះការចុះផ្សាយរបស់ខ្លួនឡើងវិញហើយកឭលោកក៏បានស្នើសុំឯកឧត្ដម នេត្រ ភក្ក្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានមេត្តាជួយអប់រំ ណែនាំ និងចាត់វិធានការផ្លូវច្បាប់ឲ្យបានតឹងរ៉ឹងចំពោះសារព័ត៌មានអនឡាញឈ្មោះ chrtvonlineនេះផង ព្រោះសារព័ត៌មានមួយនេះកន្លងមកក៏បានតែងតែធ្វើការផ្សព្វផ្សាយព័ត៌មានដែលមិនមានប្រភពច្បាស់លាស់ គ្មានតម្លាភាព គ្មានក្រមសីលធម៌ គ្មានវិជ្ជាជីវៈជាអ្នកសារព័ត៌មាននោះទេ និងមានចរិកញុះញង់ បំបែកបំបាក់ទៀតផង៕
No comments:
Post a Comment