ខេត្តកណ្តាល៖ សំណង់ស្កឹមស្កៃ២កន្លែងស្ថិតនៅស្រុកលើកដែកដោយសំណង់ទី១ស្ថិតនៅឃុំព្រែកទន្លាប់និងសំណង់ទី២ស្ថិតនៅឃុំព្រែកដាច់ តែវាសនាសំណង់ទាំង២អាចនិងខុសគ្នានេះបើតាមការអះអាងពីសំណាក់ពលរដ្ឋ។
ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថាសំណង់រឹងមាំនៅឃុំព្រែកទន្លាប់ នៅតែបន្តសាងសង់បានដោយរលូនអាជ្ញាធរស្រុកបានត្រឹមតែចេញសេចក្ដីថ្លែងការណ៍តែប៉ុណ្ណោះ ដោយមិនមានវិធានការវាយកម្ទេចចោលនោះទេ។
ប្រភពដដែលបានបន្តអោយដឹងទៀតថា ចំណែកសំណង់ស្ថិតនៅឃុំព្រែកដាច់ ជាប់នឹងច្រមុះសាលាស្រុកលើកដែក សង់របងជិតរួចរាល់ហើយបែរជាលោកចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក អោយមន្រ្តីចុះទៅហាមឃាត់មិនអោយសាងសង់បន្តទៀត។
បើយោងតាមសម្តីជាងធ្វើរបងដ៏ស្កឹមស្កៃនេះបានខ្សឹបប្រាប់ថា ការសង់របងនេះសម្រេចបាន៨០ភាគរយហើយទើបតែអាជ្ញាធរមកហាមឃាត់ ចុះកាលពីសង់ដំបូងៗហេតុអ្វីបានជាគ្មានក្រុមអាជ្ញាធរពាក់ពន្ធ័ណាមកហាមឃាត់ទៅវិញ។
ពាក់ពន្ធ័ករណីសំណង់រឹងមាំ តែមានវាសនាខុសគ្នាខាងលើលោកចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែកបានអោយអ្នកកាសែតដឹងតាមប្រពន្ធ័តេឡេក្រាមថា ខ្ញុំបានអោយក្រុមការងារចុះវាយចោលហើយ បន្ទាប់មកលោកអភិបាលស្រុកខាងលើ បានបញ្ជូនកំណត់ហេតុចូលរួមត្រួតពិនិត្យការដ្ឋានសំណង់ និងអោយផ្អាកការសាងសង់ជាបន្ទាន់ និងរងចាំរហូតមានដំណោះស្រាយទើបអាចសាងសង់បន្ត។
ជុំវិញការដ្ឋានសំណង់ខាងលើមហាជនរងចាំបើកភ្នែកមើលថាតើលោកអភិបាលស្រុកលើកដែក ហ៊ានវាយកម្ទេចចោលដូចពាក្យសម្តីរបស់លោកដែរឬទេ? និងសំណង់១កន្លែងទៀតនៅឃុំព្រែកទន្លាប់មូលហេតុអ្វីបានជានៅបន្តសាងសង់?៕
No comments:
Post a Comment